​ប្រែ​សម្រួលៈ​បំណង​(rfi.fr)៖ មនុស្ស​រាប់ពាន់​នាក់​បាន​ចេញ​មក​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ប៊ែរ​ឡាំង របស់​អាល្លឺម៉ង់​កាលពី​ថ្ងៃ​សៅរ៍​ដើម្បី​ប្រឆាំង​នឹង​ការឡើង​ថ្លៃទំនិញ​ហើយ​ទាមទារ​អោយ​រដ្ឋាភិបាល​​គ្រប់គ្រង​វា​និង​សុំ​អោយ​យកពន្ធ​ខ្ពស់​ឡើង​លើ​អ្នក​មាន នៅពេល​អាល្លឺម៉ង់​ជួប​វិបត្តិ​ថ្លៃ​រស់នៅ​។​

​ដើរ​ដង្ហែ​នៅ​ពីក្រោម​បដាដែល​មួយ​សរសេរទាមទារ​«​បែងចែក​ទ្រព្យធន​ជាថ្មី​» អ្នក​បាតុករ​បាន​ដើរកាត់​រដ្ឋធានី​អាល្លឺម៉ង់​ក្រោយ​មាន​ការអំពាវនាវ​ពី​អង្គការ​ក្រុម​ឆ្វេង​ជាច្រើន​អោយ​នាំគ្នា​ចេញមក​​ប្រឆាំង​នឹង​ការឡើង​ថ្លៃទំនិញ​និង​ឈ្នួល​ផ្ទះ​។​

​ទាំង​ប៉ូលីស​និង​អ្នករៀបចំ​បាន​និយាយថា មនុស្ស​យ៉ាង​តិច​៣.០០០​នាក់​បាន​ចូលរួម​ក្នុង​ការតវ៉ា​ទាមទារ​ដែល​បាន​កើត​ឡើង​ក្រោយ​ប្រទេស​ជួប​កំណើន​អតិផរណា​មួយ​ផ្នែក​បង្ក​ឡើង​ដោយ​សង្គ្រាម​នៅ​អ៊ុយ​​ក្រែន​ដែល​បាន​វាយ​ប្រហារការ​ផ្គត់ផ្គង់​ថាមពល​និង​ស្បៀង​។​

​បដា​ផ្សេងទៀត​សរសេរថា សណ្តាប់ធ្នាប់​សេដ្ឋកិច្ច​បច្ចុប្បន្ន «​ដាក់​ផលប្រយោជន៍​លើ​សេចក្តីត្រូវការ​របស់​ម​នុស្ស​»​។​

​សូមបញ្ជាក់​ថា អតិផរណា​នៅ​អាល្លឺម៉ង់ កើនឡើង​ដល់​កំរិត​ខ្ពស់​បំផុត​ធៀប​នឹង​អតិផរណា​នៅ​រយៈពេល​៧០​ឆ្នាំ​មកនេះ ដោយ​វា​កើនឡើង​ដល់​១០,៤​ភាគរយ​កាលពី​ខែ​តុលា ។​ថ្លៃទំនិញ​ក៏​វាយប្រហារ​ការ​ចំ​​ណាយ​របស់​គ្រួសារ ព្រមទាំង​ឧស្សាហកម្ម​នៅក្នុង​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ​មួយនេះ​។​

​រដ្ឋាភិបាល បាន​ខិតខំ​ទប់​ថ្លៃ​ថាមពល​(​ប្រេង​-​ហ្គាស​-​អគ្គិសនី​)​កុំអោយ​កើនឡើង ដោយ​កំណត់​ថ្លៃ​ហ្គាស​និង​អគ្គិសនី​រហូតដល់​ឆ្នាំ​២០២៣​។​វិធានការ​ជួយ​សម្រាល​បន្ទុក​ចំណាយ​ផ្សេងទៀត​រួម​មាន​រដ្ឋ​ជួយ​​ចំណាយ​លើ​ការធ្វើដំណើរ​ផ្លូវដែក ដែល​បាន​បញ្ចប់​ទៅ​ហើយ​។​

​អ្នកជំនាញការ​សេដ្ឋកិច្ច​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន បាន​ស្នើ​ដំឡើង​ពន្ធ​លើ​អ្នក​ទទួល​ចំណូល​ខ្ពស់ៗ​ដើម្បី​ជួយ​គ្រួសារ​ដែល​តស៊ូ​នឹង​ទំនិញ​ឡើងថ្លៃ តែ​ត្រូវ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ច្រានចោល​ភ្លាម​៕

​មនុស្ស​យ៉ាង​តិច​៣.០០០​នាក់​បាន​ចូលរួម​ក្នុង​ការតវ៉ា​ប្រឆាំង​នឹង​ទំនិញ​ឡើងថ្លៃ​កាលពី​ថ្ងៃ​សៅរ៍​