“រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងផ្តល់ ការគាំទ្រចាំបាច់គ្រប់បែបយ៉ាង ដើម្បីជំរុញឱ្យ ការវិនិយោគ នៅកម្ពុជា កាន់តែមានភាពងាយស្រួល ប្រកបដោយភាព អំណោយផលល្អ និង ជោគជ័យ។ ក្នុងនេះ កម្ពុជា បានដាក់ចេញនូវច្បាប់ ស្តីពីវិនិយោគថ្មី ដើម្បីផ្តល់នូវការលើកទឹកចិត្តជាច្រើន ប្រកបដោយភាពជាក់លាក់, បត់បែន និង ទាក់ទាញជាងមុន ជាពិសេស ការលើកលែងសារពើពន្ធ និងការការពារដល់វិនិយោគិន ។ ទន្ទឹមនឹងក្របខ័ណ្ឌច្បាប់ ប្រកបដោយភាពអំណោយផល, តំបន់សេដ្ឋកិច្ចពិសេសនានា នៅកម្ពុជា ក៏ជាយន្តការឈានមុខ នៅក្នុងការស្រូបយកវិនិយោគ និងជំរុញការតភ្ជាប់ ខ្សែសង្វាក់ផលិតកម្ម នៃរចនាសម្ព័ន្ធ ឧស្សាហកម្មរបស់កម្ពុជា ផងដែរ”។ នេះជាការបញ្ជាក់របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅក្នុងពិធីសម្ពោធ ជាផ្លូវការរោងចក្រផលិត កេសកាតុង អូជី ភែកឃិជីង (ខេមបូឌា) ឯ.ក នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ។

Nov 14, 2022

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលបាននិងកំពុងផ្តល់ ការគាំទ្រចាំបាច់គ្រប់បែបយ៉ាង ដើម្បីជំរុញឱ្យការវិនិយោគ នៅកម្ពុជា

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ “រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងផ្តល់ ការគាំទ្រចាំបាច់គ្រប់បែបយ៉ាង ដើម្បីជំរុញឱ្យ ការវិនិយោគ នៅកម្ពុជា កាន់តែមានភាពងាយស្រួល ប្រកបដោយភាព អំណោយផលល្អ និង ជោគជ័យ។ ក្នុងនេះ កម្ពុជា បានដាក់ចេញនូវច្បាប់ ស្តីពីវិនិយោគថ្មី ដើម្បីផ្តល់នូវការលើកទឹកចិត្តជាច្រើន ប្រកបដោយភាពជាក់លាក់, បត់បែន និង ទាក់ទាញជាងមុន ជាពិសេស ការលើកលែងសារពើពន្ធ និងការការពារដល់វិនិយោគិន ។ ទន្ទឹមនឹងក្របខ័ណ្ឌច្បាប់ ប្រកបដោយភាពអំណោយផល, តំបន់សេដ្ឋកិច្ចពិសេសនានា នៅកម្ពុជា ក៏ជាយន្តការឈានមុខ នៅក្នុងការស្រូបយកវិនិយោគ និងជំរុញការតភ្ជាប់ ខ្សែសង្វាក់ផលិតកម្ម នៃរចនាសម្ព័ន្ធ ឧស្សាហកម្មរបស់កម្ពុជា ផងដែរ”។ នេះជាការបញ្ជាក់របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅក្នុងពិធីសម្ពោធ ជាផ្លូវការរោងចក្រផលិត កេសកាតុង អូជី ភែកឃិជីង (ខេមបូឌា) ឯ.ក នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថាៈ មួយវិញទៀត ក្នុងរយៈពេលជាង ២ ឆ្នាំ កន្លងមកនេះ កម្ពុជាបានវិនិយោគ សន្ធឹកសន្ធាប់ លើហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តឆ្អឹងខ្នង រួមមាន អាកាសយានដ្ឋានអន្តរជាតិថ្មី ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប, កែលម្អហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងក្រុងសៀមរាប និង ក្រុងព្រះសីហនុ, ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅ សំដៅលុបបំបាត់ឧបសគ្គ នៃជម្រៅទឹក និងបើកបម្រើសេវា ដល់នាវាធំៗ ពីសហរដ្ឋអាមេរិក និងអឺរ៉ុប ចូលត្រង់មកកម្ពុជា, ការសាងសង់ ផ្លូវល្បឿនលឿន ភ្ជាប់ពីភ្នំពេញទៅកំពង់ផែទឹកជ្រៅ, ព្រមទាំងហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗ ជាច្រើនទៀត ដែលភ្ជាប់ទៅប៉ូលសេដ្ឋកិច្ចរបស់កម្ពុជា និងអាស៊ាន ព្រមជាមួយនឹងការវិនិយោគ លើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ជាដើម ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ក្នុងទស្សនវិស័យ ដើម្បីរួមចំណែក ក្នុងការកាត់បន្ថយ ភាពភាពក្រីក្រ គឺទាមទារនូវការបង្កើត ឱកាសការងារ បន្ថែមទៀត ដែលក្នុងនោះ មានកិច្ចការចម្បង ចំនួន ៣ ដែលត្រូវជំរុញ៖ ទី១. បរិមាណនៃឱកាសការងារ ដែលលាតសន្ធឹង ពីទីក្រុង រហូតដល់ជនបទ ស្របទៅតាមសក្តានុពល អំណោយផល នៃទីតាំងនីមួយៗ ។ ទី២. ការលើកកម្ពស់គុណភាព នៃអាជីវកម្ម និងវិនិយោគ នៅកម្ពុជា តាយរយៈការរៀបចំ ឱ្យមានយុទ្ធសាស្រ្តច្បាស់លាស់ និងយូរអង្វែង ដើម្បីអភិវឌ្ឍន៍នៅនឹងកន្លែង, តាមរយៈការផ្តល់ឱកាស ឱ្យកម្មករ-និយោជិត ទទួលបានបៀវត្សល្អ និងឱកាសក្នុងការបង្កើនសមត្ថភាព, ការផ្តល់ការការពារផ្នែកសិទ្ធិសេរីភាព, ការយកចិត្តទុកដាក់ លើការគាំពារសុខុមាលភាពបស់ កម្មករ-និយោជិត និងការនាំចូលនូវ បច្ចេវិទ្យាទំនើប ព្រមជាមួយនឹងបែបបទស្តង់ដារការងារថ្មី។ ទី៣. ការវិនិយោគដែលមានលក្ខណៈ សមធម៌ ដោយសង្កត់ធ្ងន់ទៅលើភាពសុខុដុមរមនា រវាងនិយោជក និងនិយោជិត ដែលជាតួអង្គចម្បង ក្នុងការរុញសង្វាក់ផលិតកម្ម ក្នុងវិស័យឯកជន ឱ្យបោះជំហានទៅមុខ ប្រកបដោយចីរភាព និងនិរន្តរភាព។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថាៈ កត្តាសុខសន្តិភាព សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍឆាប់រហ័សរបស់កម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច-សង្គម និងប្រសិទ្ធភាព នៃការគ្រប់គ្រង ជំងឺកូវីដ-១៩ បានធ្វើឱ្យថ្នាក់ដឹកនាំ នៃបណ្តាប្រទេសមហាអំណាចធំៗលើសាកលលោក និងប្រទេសដៃគូ ក្នុងតំបន់ បានអញ្ជើញមកចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ហើយបានញ៉ាំងឱ្យកិច្ចប្រជុំទាំងនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ ទាំងនេះ បាននាំមកនូវមោទនភាពដល់កម្ពុជា ក្នុងនាមជា ប្រធានអាស៊ាន ឆ្នាំ២០២២ ហើយក៏ជាការផ្សព្វផ្សាយទៅកាន់សាកលលោក អំពីសុខសន្តិភាព និងស្ថិរភាព ដែលកម្ពុជា កំពុងមានបច្ចុប្បន្ន ក្រោមដំណើរវិវឌ្ឍន៍ យ៉ាងឆាប់រហ័ស ចេញពីប្រទេសធ្លាប់ទទួលរងការបំផ្លិចបំផ្លាញខ្ទេចខ្ទី ដោយសារសង្គ្រាម៕/V