ដោយៈមុនីរ័ត្ន/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាការងារ ទ្វេភាគីជាមួយលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាម៉េរិក នៅថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២២ នៅរាជធានីភ្នំពេញក្នុងឱកាសកិច្ច ប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

លោកប្រធានាធិបតី ចូ បៃដិន បាន អបអរសាទរកម្ពុជាចំពោះភាពជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះ និងជាប្រធាន អាស៊ាននៅឆ្នាំនេះ និងចំពោះការគំាទ្ររបស់កម្ពុជា ក្នុងការពង្រីកកម្រិតទំនាក់ទំនងអាស៊ាន-សហរដ្ឋអាម៉េរិក ទៅជា «ភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ» ក្នុងអំឡុងពេលនៃការធ្វើជាប្រធានអាស៊ានរបស់ខ្លួន។

ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីការបន្តសកម្មភាពនៃកិច្ចសហប្រតិបត្តិការរួមមានកិច្ចសហប្រតិបត្តិលើការអនុវត្តច្បាប់ដើម្បីប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែន វិស័យវប្បធម៌ ការដោះមីន ការថែរក្សាសន្តិភាព និងបរិស្ថានជាដើម។ សម្តេចនាយករដ្ឋមន្ត្រីបានសម្ដែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ល្អរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកក្នុងការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណកម្ពុជាដែលត្រូវបានលួច។ ពាក់ព័ន្ធនឹងការដោះមីន សម្តេចតេជោ បានអំពាវនាវឱ្យមានការរួមចំណែកបន្ថែមទៀតពីសហរដ្ឋអាមេរិក ដើម្បីជួយកម្ពុជាសម្រេចបាន «កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥»។ ពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ សម្តេចតេជោបានលើកឡើងពី គោលជំហររបស់កម្ពុជា ក្នុងការទទួលយកពលរដ្ឋខ្មែរដែលត្រូវបានបណ្តេញចេញពីសហរដ្ឋអាម៉េរិក ដោយ គិតគូរពីកត្តាមនុស្សធម៌ និងមេត្តាធម៌និងបានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការរបស់កម្ពុជាជាមួយសហរដ្ឋអាម៉េរិកយោងតាមអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០២ដែលមានស្រាប់តាមរយៈការសម្ភាសន៍ពលរដ្ឋកម្ពុជាដោយផ្ទាល់និងតាមប្រព័ន្ធវីដេអូដូចដែលធ្លាប់បានធ្វើនាពេលកន្លងមក។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិផងដែរ ដែលក្នុងនោះ  លោកប្រធានាធិបតី ចូ បៃដិន បានកោតសរសើរកម្ពុជាចំពោះតួនាទីប្រកបដោយស្ថាបនារបស់ខ្លួន ក្នុងឋានៈជាប្រធានអាស៊ាន ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា និង បានវាយតម្លៃខ្ពស់ចំពោះ ជំហរកម្ពុជា លើបញ្ហាសង្រ្គាមនៅអ៊ុយក្រែន និង ការបាញ់ មីស៊ីលបាលីស្ទិកថ្មីៗនេះ របស់កូរ៉េខាងជើង។សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីជំហរដ៏រឹងមាំរបស់កម្ពុជាប្រឆាំងនឹងការគំរាមកំហែងដោយប្រើអាវុធនុយក្លេអ៊ែរ។ សម្ដេចតេជោ ក៏បានជម្រាបជូនលោកប្រធានាធិបតី   បៃដិន អំពីកិច្ចសហការរវាងកម្ពុជា និងជប៉ុន តាមរយៈមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងការបញ្ជូនក្រុមអ្នកដោះមីនកម្ពុជាទៅជួយបណ្តុះបណ្តាលក្រុមដោះមីនអ៊ុយក្រែននៅប្រទេសប៉ូឡូញ និងអំពីសំណើរបស់អ៊ុយក្រែនដល់ជប៉ុនក្នុងការផ្ដល់ឧបករណ៍ដោះមីនផងដែរ៕សរន