​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ ទ្វេភាគី​ជាមួយ លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ ក្នុងឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០ និង ៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​។​

​លោក ប្រធានាធិបតី ចូ បៃ​ដិ​ន បាន​អបអរសាទរ​កម្ពុជា ចំពោះ​ភាពជោគជ័យ ដ៏​ត្រចះត្រចង់ ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ និង​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំនេះ និង​ចំពោះ ការគាំទ្រ​របស់​កម្ពុជា ក្នុងការ​ពង្រីក​កម្រិត​ទំនាក់ទំនង អាស៊ាន​-​សហរដ្ឋអាមេរិក ទៅជា «​ភាពជា​ដៃគូ​យុទ្ធសាស្ដ្រ​គ្រប់​ជ្រុងជ្រោយ​» ក្នុងអំឡុងពេល នៃ​ការធ្វើជា ប្រធាន​អាស៊ាន​របស់ខ្លួន​។​

​ថ្នាក់ដឹកនាំ​ទាំងពីរ បាន​ពិភាក្សា អំពី​ការបន្ត​សកម្មភាព នៃ​កិច្ចសហប្រតិបត្តិការ រួមមាន កិច្ច​សហប្រតិបត្តិ​លើ​ការអនុវត្ត​ច្បាប់ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម ឆ្លងដែន វិស័យ​វប្បធម៌ ការដោះមីន ការថែរក្សា​សន្តិភាព និង​បរិស្ថាន​ជាដើម​។
​សម្តេចនាយក​រដ្ឋមន្ត្រី បាន​សម្ដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​កិច្ច​ខិត ខំប្រឹងប្រែង​ដ៏​ល្អ របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក ក្នុងការ​ប្រគល់​ត្រឡប់ មក​កម្ពុជា​វិញ នូវ​វត្ថុ​បុរាណ​កម្ពុជា ដែល​ត្រូវបាន​លួច​។ ពាក់ព័ន្ធ​នឹង​ការដោះមីន សម្តេច​តេ​ជោ បាន​អំពាវនាវ​ឱ្យមាន​ការរួមចំណែក​ប​ន្ថែ​ម​ទៀត ពី​សហរដ្ឋអាមេរិក ដើម្បី​ជួយ​កម្ពុជា សម្រេចបាន «​កម្ពុជា​គ្មាន​មីន​ត្រឹម​ឆ្នាំ​២០២៥»​។
​ពាក់ព័ន្ធ​នឹង​ការធ្វើ​មាតុភូមិនិវត្តន៍ សម្តេច​តេ​ជោ បានលើកឡើង​ពី​គោលជំហរ​របស់ កម្ពុជា ក្នុងការ​ទទួលយក​ព​ល​រដ្ឋ​ខ្មែរ ដែល​ត្រូវបាន​បណ្តេញ​ចេញពី​សហ​រដ្ឋ​អាមេរិក ដោយ​គិតគូរ​ពី​កត្តា​មនុស្សធម៌ និង​មេត្តាធម៌ និង​បានបញ្ជាក់​ពី​ការបន្ត​កិច្ច​សហ ប្រតិបត្តិការ​របស់​ក​ម្ពុ​ជា ជាមួយ​សហរដ្ឋអាមេរិក យោងតាម​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ឆ្នាំ​២០០២ ដែលមាន​ស្រាប់ តាមរយៈ​ការសម្ភាសន៍​ពលរដ្ឋ កម្ពុជា​ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​វីដេអូ ដូចដែល​ធ្លាប់​បានធ្វើ នាពេល​កន្លងមក​។​

​ថ្នាក់ដឹកនាំ​ទាំងពីរ ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ​ផងដែរ ដែល​ក្នុងនោះ លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន បាន​កោតសរសើរ​កម្ពុ​ជា ចំពោះ​តួនាទី ប្រកបដោយ​ស្ថាបនា​របស់ខ្លួន ក្នុងឋានៈ​ជា ប្រធាន​អាស៊ាន ក្នុងការ​ដោះស្រាយ​វិបត្តិ នៅ​មី​យ៉ាន់​ម៉ា និង​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ជំហរ​កម្ពុជា លើ​បញ្ហា​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន និង​ការបាញ់​មី​ស៊ី​ល បាលី​ស្ទិ​ក ថ្មីៗ​នេះ របស់​កូរ៉េខាងជើង​។​

​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ អំពី​ជំហរ​ដ៏​រឹងមាំ​របស់​កម្ពុជា ប្រឆាំងនឹង​ការគំរាមកំហែង ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​។ សម្ដេច​តេ​ជោ ក៏បាន​ជម្រាបជូន​លោក​ប្រធានាធិបតី បៃ​ដិ​ន អំពី​កិច្ចសហការ រវាង​កម្ពុជា និង​ជប៉ុន តាមរយៈ​មជ្ឈមណ្ឌល​ស​កម្ម​ភាព​កំចាត់មីន​កម្ពុជា (CMAC) និង​ទីភ្នាក់ងារ សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ក្នុងការ​បញ្ជូន​ក្រុម​អ្នកដោះមីន​កម្ពុជា ទៅ​ជួយ​បណ្តុះបណ្តាល​ក្រុម​ដោះមីន​អ៊ុយ​ក្រែ​ន នៅ​ប្រទេស​ប៉ូឡូញ និង​អំពី​សំណើ របស់​អ៊ុយ​ក្រែ​ន ដល់​ជប៉ុន ក្នុងការ​ផ្ដល់​ឧបករណ៍​ដោះមីន ផងដែរ​៕/V​