សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​ប្រធានាធិបតី ចូ បៃ​ដិ​ន​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ ទ្វេភាគី​ជាមួយ លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ ក្នុងឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០ និង ៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​។​

​លោក ប្រធានាធិបតី ចូ បៃ​ដិ​ន បាន​អបអរសាទរ​កម្ពុជា ចំពោះ​ភាពជោគជ័យ ដ៏​ត្រចះត្រចង់ ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ និង​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំនេះ និង​ចំពោះ ការគាំទ្រ​របស់​កម្ពុជា ក្នុងការ​ពង្រីក​កម្រិត​ទំនាក់ទំនង អាស៊ាន​-​សហរដ្ឋអាមេរិក ទៅជា «​ភាពជា​ដៃគូ​យុទ្ធសាស្ដ្រ​គ្រប់​ជ្រុងជ្រោយ​» ក្នុងអំឡុងពេល នៃ​ការធ្វើជា ប្រធាន​អាស៊ាន​របស់ខ្លួន​។​