ដោយៈ ភ្នំ​សន្ទុក / កំពង់ធំ ៖ មនុស្ស​ប្រុស បីនាក់ បាននាំគ្នា​ជិះទូក ទៅ​ស្ទូចត្រី កម្សាន្ត មិនទាន់បាន​ត្រី​ផង ស្រាប់តែ​លិច​ទូក ដោយ​មិនទាន់​ដឹង​ពី​មូលហេតុ នៅឡើយ ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជា ១ រសៀល ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅក្រោម​ស្ពាន​ស្ទឹងសែន ស្ថិតក្នុង​ភូមិ​កំពង់​ក្របៅ សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។​

​លោក គឹម សុខ​មករា អធិការនគរបាល​ក្រុង​ស្ទឹងសែន បានបញ្ជាក់​ឱ្យដឹង នៅ​ល្ងាច​ថ្ងៃទី​១៣ វិច្ឆិកា នេះ​ថាៈ មកដល់​វេលា​ម៉ោង ៣​និង​៣០ នាទី ថ្ងៃទី​១៣ វិច្ឆិកា ប្រជាពលរដ្ឋ និង​សមត្ថកិច្ច បាន​ជួយសង្គ្រោះ បាន​បុរស ២ នាក់ ឱ្យ​រួចផុត ពី​សេចក្តីស្លាប់ តែ​នៅ​ម្នាក់ទៀត​នោះ កំពុង​រុករក មិនទាន់​ឃើញ​នៅឡើយ​ទេ​។

​ប្រភព​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថាៈ គេ​បានឃើញ​បុរស បីនាក់ បាននាំគ្នា​ជិះ ទូក​ស្ទូចត្រី​កម្សាន្ត​សុខៗ ស្រាប់តែ​លិច​ទូក បុរស​ម្នាក់ បាន​បាត់​ខ្លួន ហើយពីរ​នាក់ ទៀត ត្រូវបាន​អ្នកនេសាទ និង​ប្រជាពលរដ្ឋ ជួយសង្គ្រោះ​ទាន់ពេលវេលា ។​

​លោក​អធិការ​ក្រុង​ស្ទឹងសែន បាន​បន្ថែមថាៈ អ្នក​បាត់​ខ្លួន លង់ទឹក ឈ្មោះ ខេង ហ្វីលីពីន ភេទ​ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ ជាង​បិទ​ស្កុ​ត​ម៉ូតូ មាន​ទីលំនៅ ភូមិ​ស្ទឹងសែន សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ (​សមត្ថកិច្ច កំពុង​រាវរក​) ទី​២-​ឈ្មោះ ថោង ខេ​ម​រេ​ត ភេទ​ប្រុស អាយុ ៥៧ ឆ្នាំ មុខរបរ នគរបាល​ខេត្ត មាន​ទីលំនៅ ភូមិ​ទី​១ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែន (​ជួយសង្គ្រោះ​បាន​) និង​ទី​៣-​ឈ្មោះ ជាតិ ភេទ​ប្រុស អាយុ ៤១ ឆ្នាំ មុខរបរ ក្រុមហ៊ុន​ត្រាក់ទ័រ​ច​ន​ឌៀ អ្នកតា​ក្រហម ក មាន​ទីលំនៅ ភូមិ​ស្លា​កែ​ត សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ (​ជួយសង្គ្រោះ​បាន​) ៕/V​