ដោយ៖តារារិទ្ធ(ភ្នំពេញ)ថ្លែងបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនិង ពិធីផ្ទេរតំណែងប្រធានអាស៊ានជូនឥណ្ឌូនេ ស៊ីនៅរាជធានីភ្នំពេញ , ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញអំពីលទ្ធផលដ៏ជោគជ័យន័យកិច្ចប្រជុំកំពូលលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងរយៈពេល ៤ ថ្ងៃដោយសម្រេចបាននូវកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយនិងប្រកបដោយផ្លែផ្កាលើកិច្ចការបន្តទៅមុខដើម្បីពង្រឹងមជ្ឈភាពអាស៊ា ននិងគុណតម្លៃរបស់យើងក្នុងកិច្ចទំនាក់ទំនងជាមួយដៃគូខាងក្រៅជាពិសេសនៅពេលដែលសកលលោកកំពុងជួបប្រទះនឹងបញ្ហាស្មុគស្មាញក្នុងតំបន់និងជាអន្តរជាតិដែលប្រែប្រួលយ៉ាងឆាប់រហ័ស ។

សម្តេចតេជោ ហ៊ុន សែន មានសេចក្តីរីករាយដែលកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធត្រូវបានបញ្ចប់ដោយជោគជ័យនិងសូមអគុណចំពោះកិច្ច សហ ប្រតិបត្តិការពេញលេញការគាំទ្រ និងភាពទន់ភ្លន់ ដែលបានផ្តល់ឱ្យដោយប្រទេសជាសមាជិកអាស៊ាន និងប្រទេសជាដៃគូនិងបាននាំមកនូវសមិទ្ធផលដ៏ច្រើនក្រៃលែងគួរជា ទីមោទនៈ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងថាកិច្ចប្រជុំបានអនុម័តនិងកត់សម្គាល់នូវឯកសារសមិទ្ធផលនិងសេចក្តីប្រកាសចំនួន ៧០ ដែលគ្របដណ្តប់ទៅលើសសរស្តម្ភទាំង ៣ របស់សហគមន៍អាស៊ាននិងបានអនុម័តក្របខណ្ឌកិច្ចសហប្រតិបត្តិការមួយចំនួនជាមួយនឹងដៃគូសន្ទនារបស់អាស៊ាន ។ដើម្បីបន្តនិងពង្រឹងទំនាក់ទំនងជាមួយដៃគូអាស៊ានបាន យល់ព្រមបញ្ចូលអ៊ុយក្រែនក្នុងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ (TAC)នាកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ នេះ ។ ដូចគ្នានេះដែរ ប្រទេស ៦ ទៀតរួម មានដាណឺម៉ាក ក្រិច ហូឡង់ អូម៉ាន កាតា និង អេមីរ៉ាតអារ៉ាប់រួមក៏បានចុះហត្ថលេខាចូលជាសមាជិកក្នុងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍នាកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅខែ សីហា ដែលធ្វើឱ្យប្រទេសជាសមាជិកនៃសន្ធិសញ្ញានេះបានកើនឡើងដល់៥0 ប្រទេស ។

សម្តេចតេជោបានបន្តថាអាស៊ានបានចេញនូវសេចក្តីថ្លែងការណ៍រួមនៃខួបអនុស្សាវរីយ៍លើកទី ២០ នៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តភាគី នៅសមុទ្រចិនខាងត្បូង (DOC) ដើម្បីប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ២០ នៃការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនេះនាឆ្នាំ ២០០២ ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថាសម្រាប់ការកសាងសហគមន៍អាស៊ានវិញយើងបានអនុម័តសេចក្តីថ្លែងការណ៍ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពី «អាស៊ានរួមគ្នាធ្វើ៖ ដោះ ស្រាយបញ្ហាប្រឈមទាំងអស់គ្នា»,សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្ដីពីខួបលើកទី ៥៥ របស់អាស៊ាន,និងសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្ដីពីរបៀវារៈនៃការ តភ្ជាប់អាស៊ានក្រោយឆ្នាំ ២០២៥ ។ អាស៊ានក៏បានអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់តាមរយៈការបំផុសសហគ្រិន ភាពស្ត្រីអាស៊ានបន្ទាប់ពីកិច្ចប្រជុំកំពូលស្រ្តីអាស៊ានលើកទី ២ ប្រកប ដោយជោគជ័យ នាថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២២ ។ ជាមួយគ្នានេះដែរអាស៊ានក៏មានក្តីសោមនស្សដែលមានលទ្ធ ភាពរៀបចំជាលើកទី ២ នូវកិច្ចសន្ទនា សកលអាស៊ាន (ASEAN Global Dialogue)ដើម្បីផ្លាស់ប្តូរទស្សនៈសម្រាប់ការកសាងអាស៊ានប្រកបដោយចីរភាព និងបរិយាបន្នក្នុង សម័យកាលក្រោយជំងឺកូវីដ-១៩ ។

សម្តេចតេជោបានបញ្ជាក់ដោយសង្កត់ធ្ងន់ថាមជ្ឈភាពអាស៊ានគឺជាកម្លាំងចលករចម្បងសម្រាប់កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូខាងក្រៅតាមរយៈយន្តការ ដែលដឹកនាំដោយអាស៊ាន ។ ទោះបីជាស្ថិតក្នុងស្ថានការណ៍ណាក៏ដោយយើងត្រូវរក្សាឯកភាពអាស៊ានដើម្បីអត្ថប្រយោជន៍ខ្ពស់បំផុតសម្រាប់តំបន់ទាំងមូល ។
សម្តេចតេជោបន្តថាការលើកកម្ពស់សាមគ្គីភាពនិងឯកភាពនឹងនៅតែជាអាទិភាពកំពូលរបស់យើងនៅក្នុងឆ្នាំបន្តបន្ទាប់ទៀត ។ ជាសក្ខីភាពជាក់ស្តែងនៃស្មារតី «ភាពរួបរួមគ្នា» នៅក្នុងឆ្នាំនេះយើងអាចដោះស្រាយនិងទប់ស្កាត់បញ្ហាប្រឈមជាច្រើននៅក្នុងតំបន់យើងដែលនាំឱ្យយើងមានលទ្ធភាពក្នុងការរក្សានូវសន្តិភាពវិបុលភាពនិងសុខដុមរមនាសម្រាប់គ្រួសារអាស៊ានរបស់យើង ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា៖ព្រះរាជាណាចក្រកម្ពុជាមានជំនឿយ៉ាងពេញលេញថាសាធារណៈរដ្ឋឥណ្ឌូនេស៊ីដែលក្លាយជាប្រធានអាស៊ានប្តូរវេនបន្ទាប់ទៅនេះនឹងបន្ត ដឹកនាំអាស៊ានដើម្បីសម្រេចបាននូវគោលបំណងចម្បងគឺសហគមន៍អាស៊ាន ប្រកបដោយសុខសន្តិភាពភាពធន់និងបរិយាបន្ន ។

ក្នុងឱកាសដ៏វិសេសវិសាលនេះសម្តេចតេជោ ហ៊ុន សែន បានធ្វើការផ្ទេរភាពជាប្រធានអាស៊ានជូនសាធារណៈរដ្ឋឥណ្ឌូនេស៊ីសម្រាប់ឆ្នាំ ២០២៣ ជាមួយនឹងការប្រសិទ្ធពរជូនចំពោះ លោកប្រធានាធិបតី ចូកូ វីដូដូ សម្រាប់ភាពជាប្រធានអាស៊ានប្រកបដោយជោគជ័យ ។

មុនពិធីផ្តល់ជូននូវញញួរតំណាងជាប្រធានសម្តេចតេជោ ហ៊ុន សែន បានផ្តល់ជូនលោក ដាតូ លីម ចុក ហ៊ុយ នូវគ្រឿងឥស្សរិយយសសហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍ពីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។ មេដាយនេះតំណាងឱ្យការទទួលស្គាល់លោក ដាតូ លីម ចុក ហ៊ុយ អំពីភក្តីភាពនិងការប្រឹងប្រែងឥតស្រាកស្រាន្តក្នុងដំណើរការកសាងសហ-គមន៍អា ស៊ាន ក្នុងអំឡុងដែលលោកកាន់តួនាទីជាអគ្គលេខាធិការអាស៊ាន ។

ក្នុងពេលជាមួយគ្នានេះដែរសម្តេចតេជោបានយកឱកាសនេះដើម្បីប្រកាសដំណឹងថាលោក ហាជី មូហាម៉ាត អ៊ីកបាល ហ្វាគ្រី ហាជី ដាមីត (Mr. Haji Muhammad lqbal Fakhri Haji Damit)នៃប៊្រុយណេ ដារូស្សាឡាម បានទទួលនូវពានរង្វាន់អាស៊ានឆ្នាំ ២០២២ ។ ពានរង្វាន់នេះគឺជាការទទួលស្គាល់នូវកិច្ចការរបស់គាត់ក្នុងការជួយពង្រឹង ស្មារតីសហគមន៍អាស៊ានឲ្យកាន់តែរឹងមាំនិងប្រជាជននិយម ។ ជាងមួយទសវត្សរ៍មកហើយ លោក មូហាម៉ាត ដាមីត បាន និងកំពុងកៀរគរជំនួយនិងដឹកនាំយុវជនស្ម័គ្រចិត្តដើម្បី គាំទ្រដល់ការលើកតម្កើងនិងការអភិវឌ្ឍរបស់ជនជាតិ ភាគតិច និងជនងាយរងគ្រោះ ទូទាំងតំបន់ ។

សម្តេចតេជោ ហ៊ុន សែន ក៏សូមយកឱកាសនេះដើម្បីសូមអញ្ជើញថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានដើម្បីចូលរួមបើកកម្មវិធីប្រកួតកីឡាស៊ីហ្គេមជាផ្លូវការណ៍លើកទី ៣២ នៅថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២៣ និងពិធីបើកកម្មវិធីប្រកួតកីឡាប៉ារ៉ាហ្គេមអាស៊ានលើកទី ១២ នៅថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២៣ ដែ លជាសមិទ្ធផលមួយទៀត សម្រាប់សាមគ្គីភាពកិច្ចខិតខំ ប្រឹងប្រែង និងមិត្តភាពរបស់យើង ៕