ដោយៈសុផល/ភ្នំពេញ៖អគ្គលេខាធិការអង្គការសហប្រជាជាតិ(អ.ស.ប)លោក អាន់តូនីញ៉ូ គូតេរ៉េស (Antonio Guterres)និងគណៈប្រតិភូ បានធ្វើទស្សនកិច្ច សារមន្ទីរឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ទួលស្លែងកាលពីរសៀលថ្ងៃទី១៣ខែវិច្ឆិកាអំឡុងពេលលោកអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន​និងអង្គការសហ​ប្រជាជាតិ លើកទី១២ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានានៅរាជធានីភ្នំពេញ។

 

ក្រោយពីទស្សនកិច្ច លោក អាន់តូនីញ៉ូ គូតេរ៉េស បានថ្លែងនៅក្នុងសន្និសីទសារពត៌មានថា៖« ខ្ញុំមកទីនេះ គឺដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះនិងគោរពអ្នក​ដែលនៅរស់រានមានជីវិតពីបទឧក្រិដ្ឋដ៏ឃោរឃៅនៅទូទាំងប្រទេសកម្ពុជាក្នុងរបបខ្មែរក្រហម»។

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានបន្តថា៖ ទុក្ខវេទនាដែលបានកើតឡើងនៅចន្លោះជញ្ជាំងទាំងនេះ គឺជារឿងសោកសង្រេង សែនរន្ធត់និង គួរឱ្យភ្ញាក់ផ្អើល។រឿងរ៉ាវនៃការរស់រានមានជីវិតនិងភាពធន់ គឺជារឿងរ៉ាវដ៏សែនរំជួលចិត្តនិងផ្តល់កម្លាំងចិត្តផងដែរ។

លោកបានថ្លែងអំណរគុណដល់សារៈមន្ទីរសម្រាប់ការងារដ៏អស្ចារ្យរបស់ខ្លួន ដើម្បីលើកកម្ពស់ការយល់ដឹងពីឧក្រិដ្ឋកម្មដ៏សាហាវទាំងនេះ ដែលជាផ្នែកមួយនៃកិច្ច​ខិតខំប្រឹងប្រែងដើម្បីធានាថា អំពើទាំងនេះ នឹងមិនកើតឡើងទៀតឡើយ។អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានទាមទារឱ្យមេដឹកនាំខ្មែរក្រហមជាច្រើន​នាក់ទទួលខុសត្រូវ ចំពោះអំពើព្រៃផ្សៃទាំងនេះ និងបានផ្តល់ជាសម្លេងដល់ជនរងគ្រោះ និងអ្នកដែលនៅរស់ពីរបបនេះ។សម្លេងរបស់ពួកគេមានសារៈសំខាន​ជាង​ពេលណាៗទាំងអស់ នៅពេលដែលការនិយាយនាំឱ្យមានការស្អប់គ្នា ការរំលោភបំពាន ការរើសអើង និងការយារយីដែលកំពុងកើនឡើ​នៅគ្រប់តំបន់​នៃពិភាពលោក។

លោកបានសង្កត់ធ្ងន់ថា« ទួលស្លែង គឺជាការកើនរម្លឹកដ៏ចាំបាច់សម្រាប់អ្នកទាំងអស់គ្នា ។​ការ៉ូដែលប្រឡាក់ដោយឈាមនៅទីនេះជាការព្រមានដល់យើងទាំងអស់គ្នា។​នេះគឺជាអ្វីដែលកើតឡើងនៅពេលមានការស្អប់គ្នាខ្លាំង។នេះគឺជាអ្វីដែលកើតឡើងនៅពេលមនុស្សបានត្រូវគេធ្វើទុក្ខបុកម្នេញហើយសិទ្ធិមនុស្សបានត្រូវគេបដិសេធ​។​ការរក្សាទុកនៃការចងចាំ អ្នករងទុក្ខ និងអ្នកស្លាប់នៅទួលស្លែង ជួយធានាថាអំពើឃោរឃៅទាំងនេះ នឹងមិនកើតឡើងម្តងទៀតឡើយ»។

លោក អាន់តូនីញ៉ូ គូតេរ៉េស បានថ្លែងទៀតថា« ខ្ញុំនឹងយករឿងរ៉ាវដែលបានស្តាប់ឮពីជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម ទៅប្រាប់ចៅស្រីខ្ញុំដើម្បីឱ្យគាត់អាចយក​រឿងរ៉ាវទាំងនេះ ទៅប្រាប់ដល់ចៅៗរបស់គេបន្តទៀត ។ការចងចាំនៅទីនេះ គឺជាអ្វីដែលខ្ញុំមិនអាចបំភ្លេចជាដាច់ខាត។»

លោកបានឱ្យដឹងទៀតថា៖តាមរយៈការរៀនទទួលស្គាល់ ពីសញ្ញាព្រមានដំបូងៗ នៃអំពើប្រល័យពូជសាសន៍ និងអំពើឧក្រិដ្ឋកម្មឃោរឃៅដទៃទៀតនិងទទួលស្គាល់​ពីតម្លៃ នៃបរិយាប័ន្ន និងសេចក្តីថ្លៃថ្នូរ យើងអាចកសាងមូលដ្ឋានគ្រឹះ សម្រាប់អនាគត ដែលគ្មានអំពើឃោរឃៅបែបនេះ និងមិនអាចកើតឡើងម្តងទៀត។

គួរបញ្ជាក់ថា៖សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែងជា​បូជនីយដ្ឋាន​នៃ​ការ​ចង​ចាំ​ពី​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ក្នុង​អតីត​ “មន្ទីរសន្ដិសុខ២១ ឬស-២១” ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​(សម័យ​ខ្មែរ​ក្រហម)​។ អតីត​មន្ទីរ​ឃុំ​ឃាំង​នេះ ស្ថិត​នៅចំ​កណ្តាល​ទី​ក្រុង​ភ្នំពេញ​ដែល​​​ស្ងាត់​ជ្រងំ ក្រោយ​ខ្មែរ​ក្រហម​ជម្លៀស​ប្រជាជន​ទាំង​អស់​ចេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។សារមន្ទីរ​នេះស្ថិតនៅផ្លូវ​លេខ១១៣ សង្កាត់​បឹងកេងកង៣ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

យោងតាមឯកសារបង្ហាញថា មន្ទីរ​ស‑២១ ជា​មណ្ឌល​កណ្តាល​ដ៏​ធំ​មួយ​នៃ​ប្រព័ន្ធ​គុក​នៅ​ទូទាំង​ប្រទេស ហើយ​គុក​នេះ​ក៏​ជា​កន្លែង​សម្ងាត់សម្រាប់​ឃុំឃាំង សួរ​ចម្លើយ ធ្វើ​ទារុណកម្ម និង​កំទេច​អ្នក​ដែល​ត្រូវ​ចាត់​ទុក​ថា​ជា “អ្នក​ទោស​នយោបាយ” របស់​របប​នេះ​។ ខ្មែរ​ក្រហម​ចាប់​យក​អ្នក​ទោស​មក​ឃុំ​ឃាំង​ទាំង​ក្រុមគ្រួសារដោយផ្អែកលើ​គោលនយោបាយដាក់កំហុសជាប្រព័ន្ធ។អ្នកទោសមួយចំនួនតូចត្រូវ ខ្មែរក្រហមដោះលែងក្រោយចាប់មកឃុំឃាំងនៅមន្ទីរស-២១នៅក្រោមការគ្រប់គ្រងរបស់ខ្លួន​ចន្លោះ​ឆ្នាំ១៩៧៥-១៩៧៩​ហើយក្នុងចំណោមនោះមានតែជនរងគ្រោះ១២នាក់តែប៉ុណ្ណោះដែលមានជីវិតនៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិបាន​រំដោះទីក្រុងភ្នំពេញ។ ក្នុងចំណោមជនរងគ្រោះ១២នាក់មានកុមារ៤នាក់។

មន្ទីរ​ឃុំ​ឃាំង​ស-២១ មាន​បុគ្គលិក​បម្រើ​ការ​ផ្ទាល់​និង​ប្រយោល​ប្រមាណ​១.៧២០នាក់​។ បុគ្គលិក​ភាគ​ច្រើន ​ជា​កម្មករ​បម្រើ​ការងារ​ទូទៅ​ដោយ​រាប់​បញ្ចូល​ទាំង​អ្នក​ដាំ​ស្ល រី​ឯ​បុគ្គលិក​មួយ​ចំនួន​ទៀត បម្រើ​ការ​ផ្ទាល់​នៅ​ផ្នែក​រដ្ឋបាល យាមកាម និង​សួរ​ចម្លើយ​អ្នក​ទោស។មានអ្នកទោសប្រមាណជាងមួយម៉ឺនពីរពាន់នាក់ ត្រូវបានសម្លាប់នៅ មន្ទីរស-២១នេះ៕