អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ប្រាប់​ពី​លទ្ធផល​ក្នុងជំនួប​ពិភាក្សា​ការងារ​រក្សា​សន្តិភាព នៅ​បុរី​ញូវយ៉ក​

1340
ចែករម្លែក

ដោយ​: យោធិន / ភ្នំពេញ: នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បានស្នើ​ទៅ​លោក Jean Pierre Lacroix អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ សុំ​ការ​អនុ​ញ្ញា​ចុះ​ធ្វើ​ទស្សនៈកិច្ច​កងកម្លាំង​ក​ម្ពុ​ជា បាននិងកំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ អង្គការសហប្រជាជាតិ តាម​បណ្តា​តំបន់​បេសកកម្ម​មួយចំនួន​រួមមាន​: សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល លី​បង់ ម៉ាលី និង​ស៊ូដង់​ខាងត្បូង​។

​ក្នុងអំឡុងពេល​ជួប​សវនាការ​នេះ​ផងដែរ នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ក៏បាន​ស្នើសុំ​បន្ថែម​កម្លាំង​ការពារ​១​កងអនុសេនាតូច និង​សម្ភា​រៈគ្រឿង​បំពាក់​មួយចំនួន ដែលជា​កិច្ច​ស្វ័យការពារ​ក្នុង​ពេលចេញ​ប្រតិបត្តិការ នៅ​អាហ្វ្រិក​កណ្តាល អាស្រ័យ​ដោយសារ​ស្ថានភាព​សន្តិសុខ​នៅ​ទីនោះ កាន់តែ​មានការ​ថយចុះ​។ ជាមួយគ្នានេះ ក៏បាន​ស្នើសុំ​អង្គការសហប្រជាជាតិ ដើម្បី​ប្រើប្រាស់​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ PKO នៅ​កម្ពុជា ឲ្យ​ឡើងដល់​កម្រិត​ទៅជា​សាលា​ហ្វឹកហ្វឺន​គម្រោង​ត្រីភាគី លើ​វិស័យ​ថែរក្សា​សន្តិភាព​ពិសេស​វិស្វកម្ម សំរាប់​ប្រតិបត្តិ​ការរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​។​

​ក្នុងជំនួប​ពិភាក្សា​ការងារ​ដដែល​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍​សែម​សុវណ្ណនី ក៏បាន​ស្នើ​ទៅ​អគ្គលេខាធិការរង អ​.​ស​.​ប ក្នុង​ការចាត់​បញ្ជូន​មន្ត្រី​ជំនាញ មក​ផ្តល់​ការហ្វឹកហ្វឺន​មុននឹង​ចល័ត​កម្លាំង​កម្ពុជា និង​ជំនាញ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ផ្នែក​រក្សា​សន្តិភាព រួមមានៈ គ្រប់គ្រង​ផ្នែក​ចំការមីន EOD IED សេនាធិការ និង​អង្កេត​ការណ៍​យោធា​។ ការបង្កើត​ឲ្យ​មាន​ប៉ុស្តិ៍​យាម​តូចៗ ដែល​កម្ពុជា​មានលទ្ធភាព​ចាប់ផ្តើម​បញ្ជូន​នគរបាល​ចូលរួម​បេសកកម្ម​អង្គការសហប្រជាជាតិ ទាំង​នៅ​ទីបញ្ជាការ និង​តាម​តំបន់​បេសកកម្ម ក៏ត្រូវ​បានលើកឡើង​និង​ស្នើសុំ​ទៅ អ​.​ស​.​ប ផងដែរ​។​

​រាល់​ការស្នើសុំ​របស់​កម្ពុជា​ខាងលើនេះ លោក Jean Pierre Lacroix អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​រក្សា​សន្តិភាព នឹងធ្វើ​ការពិចារណា​ផ្តល់​ការហ្វឹកហ្វឺន​ចល័ត​រយៈពេល​៣​ឆ្នាំ​ម្តង រវាង​ប្រទេស​កម្ពុជា វៀតណាម ថៃ និង​ឥណ្ឌូនេស៊ី សំរាប់​គម្រោង​ត្រីភាគី លើ​វិស័យ​រក្សា​សន្តិភាព​ពិសេស​ផ្នែក​វិស្វកម្ម សំរាប់​ប្រតិបត្តិ​ការរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​។ ក្នុងករណី​តម្លើង​កម្រិត​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ អគ្គលេខាធិការរង តម្រូវ​ឲ្យ​ធ្វើការ​រៀបចំ​ផ្នែក​ហេ​ដ្ឋា​រចនាសម្ព័ន​អគ្គិសនី ដើម្បី​ត្រៀមលក្ខណៈ​សម្រាម​គម្រោង​ខាងលើ​។​

​ពាក់ព័ន្ធ​កិច្ចប្រជុំ​របស់​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក​កន្លងទៅ​ថ្មីៗ​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បាន​ថ្លែង​បញ្ជាក់ថា កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​មន្ត្រី​តំណាង និង​នគរបាល​មកពី​បណ្តា​ប្រទេស​បរិច្ចាគ​កងកម្លាំង​ចូលរួម​បេសកកម្ម​របស់ អ​.​ស​.​ប ចំនួន​៩០​ប្រទេស​។ ដោយឡែក​កម្ពុជា ពុំមាន​នគរបាល​ក្នុង​តំបន់​បេសកកម្ម​ទេ គឺ​មានតែ​កងកម្លាំង​អាវុធហត្ថ (Military Police)​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់​បន្ថែមថា កិច្ចប្រជុំ​នេះ ផ្តោតលើ​ប្រធានបទ​សំខាន់​ចំនួន​បួន​ចំណុចៈ ទី​១.​ការដាក់​ពង្រាយ និង​ការ​ប្រឈម​នានា​របស់​កងកម្លាំង​នគរបាល ក្នុង​តំបន់​បេសកកម្ម ទី​២.​តួនាទី​នគរបាល ក្នុងការ​ទប់ស្កាត់​ជម្លោះ និង​ទ្រទ្រង់​សន្តិភាព ទី​៣.​ទំនុកចិត្ត​និង​ការអនុវត្តន៍ និង​ទី​៤.​បង្កើន​ការចូលរួម​របស់​នារី​ក្នុង​ផ្នែក​នគរបាល​អង្គការសហប្រជាជាតិ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម