​ដោយៈ តារា​រិ​ទ្ធ / ភ្នំពេញៈ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើកឡើងថា មាន​មូលហេតុ ២ ដែល​មេ ដឹកនាំ​អាស៊ាន និង​មេដឹកនាំ​ពិភពលោក មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​កម្ពុជា នា​ឆ្នាំ ២០២២​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ នៅក្នុង​សន្និសីទ​សារព័ត៌មាន នា​ល្ងាច​ថ្ងៃទី​១៣ ខែវិច្ឆិកា នេះ​ថាៈ មាន​មូលហេតុ ២ ដែល​ធ្វើ​ឲ្យ​មេដឹកនាំ ប្រទេស​ធំៗ មក​ចូលរួម​កិច្ចប្រជុំ នៅ​កម្ពុជា ទី​១.​ដោ​សារ​តែ​ប្រទេស​កម្ពុជា មាន​សន្តិភាព និង​គ្មាន​អំពើ​ភេរវកម្ម​នោះ ទើប​ធ្វើ​ឲ្យ​មេដឹកនាំ​ពិភពលោក ហ៊ាន​មក​ចូលរួម​កិច្ចប្រជុំ នាពេលនេះ ។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ទៀតថាៈ សម្រាប់​សន្តិភាព មិនមាន​សង្គ្រាម​នោះ គឺជា​រឿង​មួយ​ហើយ តែ​សន្តិភាព ដែល​គ្មាន​ភេរវកម្ម ការបាញ់ប្រហារ គឺ​សំខាន់​ណាស់ សម្រាប់​ប្រមុខ រដ្ឋ​-​ប្រមុខ​រដ្ឋាភិបាល របស់​បណ្ដា​ប្រទេស​នានា ដែល​បាន​មកដល់​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​កិច្ច ប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ឆ្នាំ ២០២២ នេះ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បន្តថាៈ ចំណុច​ទី​២. ដែល​ធ្វើ​ឲ្យ​មេដឹកនាំ​អាស៊ាន និង​មេដឹកនាំ​ពិភពលោក​ផ្សេងទៀត មក​ចូលរួម​កិច្ចប្រជុំ នៅ​កម្ពុជា នាពេលនេះ គឺ​ដោយសារតែ​កម្ពុជា បាន​គ្រប់គ្រង​នូវ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ បាន​យ៉ាង​ជោគជ័យ ដោយ​មេដឹកនាំ​ទាំងនោះ មិនមាន​ភាពភ័យខ្លាច​ថា ឆ្លង​ជំងឺ​កូ​វីដ​-១៩ នោះទេ ៕/V​