ដោយ: ភ្នំខៀវ / បាត់ដំបងៈ ត្រីស្ទឹងសង្កែ ឡើងច្រើនខុសពីធម្មតា ប្រជាពលរដ្ឋ នាំគ្នាសម្រុកចុះនេសាទដូចហែកឋិន ដើម្បីលក់ដូរ និងធ្វើប្រហុក ផ្អក ត្រៀមបម្រុងទុកជាស្បៀង។

រដូវធ្លាក់ខ្យល់ត្រជាក់ ចាប់ផ្តើម បានធ្វើឲ្យហ្វូងត្រីច្រើនប្រភេទ ផ្លាស់ប្តូរទីកន្លែងឡើងច្រើនក្នុងស្ទឹងសង្កែ ត្រង់ចំណុចផ្នែកខាងក្រោម ជាប់ទំនប់សាលាតាអន ក្នុងភូមិព្រែកញ្ច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ពលរដ្ឋអ្នកនេសាទជនជាតិខ្មែរ ដែលប្រើឧបករណ៍សំណាញ់ម្នាក់ បានប្រាប់ថាៈ ដើមខែកត្ដឹក ឆ្នាំនេះត្រីក្នុងស្ទឹងសង្កែ បានឡើងសម្បូរខ្លាំងនៅចន្លោះថ្ងៃ ៩កើត ដល់ថ្ងៃ ១រោចថ្មីៗកន្លងមកនេះ។ ត្រីចម្រុះតូច ធំ ចាប់តាំងពីថ្ងៃឡើងខ្លាំងភ្លាម មានបងប្អូនប្រជាពលរដ្ឋជាច្រើនមកពីគ្រប់ទិសទី ពិសេសបងប្អូនខ្មែរឥស្លាមបាននាំគ្នាសម្រុក មកនេសាទ យ៉ាងពពាក់ ពពូន ទាំងយប់ ទាំងថ្ងៃ រហូតរាប់រយនាក់ ដែលប្រជានេសាទខ្លះ ប្រើឧបករណ៍សំណាញ់ មង ឬខ្នងដួសផ្សេងៗគ្នា។ ចំណែកឯពលរដ្ឋមួយចំនួនទៀត បានធ្វើដំណើរមកលេងកម្សាន្ត និងទិញត្រីធ្វើម្ហូប ផ្អក ប្រហុក ធ្វើត្រីឆ្អើរជាដើម។

រីឯអ្នកស្រី ម៉ាត់ ណាស់ ជាខ្មែរឥស្លាម បានរៀបរាប់ឲ្យដឹង នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ថាៈ ត្រីបានឡើងខ្លាំង ទាំងហ្វូងៗ ជាប់ៗគ្នា ជាច្រើនថ្ងៃ តាំងពីដើមខែវិច្ឆិកា មក។ ប្តីរបស់អ្នកស្រី រកត្រីបានក្នុងមួយថ្ងៃពី ៥០ ទៅ ៨០ គីឡូក្រាម មានប្រភេទ ត្រីរៀល ត្រីកញ្ចុះ ត្រីឆ្ពិន តាអោន និងកំពឹសផងដែរ។ ចំពោះតម្លៃ ត្រី ស ឬ ត្រីរៀល មានតូច មានធំ ក្នុងមួយគីឡូក្រាម លក់បានតម្លៃចាប់ពី ១.៣០០ រៀល ដល់ ៤.៥០០ រៀល, ត្រីកញ្ចុះលក់បានតម្លៃ ៥.០០០ រៀល, ត្រីតាអោន និងកំពឹស លក់បានក្នុងតម្លៃចន្លោះពី ១៥.០០០ រៀល ដល់ ២៥.០០០ រៀល។

អ្នកស្រី បានបន្តថាៈ អំឡុងត្រីស្ទឹងសង្កែ ឡើងច្រើនប៉ុន្មានថ្ងៃមកនេះ លោកស្រី រកប្រាក់ចំណូល បានច្រើនគួរសមដែរ នៅថ្ងៃខ្លះ រកប្រាក់បានចំនួន ២០ ដល់ ៣០ ម៉ឺនរៀល ប៉ុន្តែចុងក្រោយនេះ ផលត្រីចុះបន្តិច រកប្រាក់ចំណូល បានតែពី ៧ ម៉ឺន ដល់ ១៥ ម៉ឺនតែប៉ុណ្ណោះ។

បច្ចុប្បន្ន នៅតែបន្តមានប្រជានេសាទ រាប់រយនាក់ នាំគ្នាសម្រុកនេសាទ មានទាំងលក្ខណៈអាជីព និងតាមបែបគ្រួសារ លេងកម្សាន្តសប្បាយថែមទៀត៕/V