​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មេដឹកនាំ​មកពី​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទាំង ២០​របស់​ពិភពលោក​បាន​ទៅ​ដល់​កោះ​បាលី​របស់​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​វិច្ឆិកា​សម្រាប់​ការជួប​​ជុំ​គ្នា​ផ្ទាល់​ធំ​បំផុត​ក្រោយ​ជំងឺ​រាតត្បាត​តែ​ការ​ផ្តោតអារម្មណ៍​គឺ​ជំនួប​ផ្ទាល់​លើកដំបូង​រវាង​លោក ចូ បៃ​ដិន និង លោក ស៊ី ជីន​ភីង​។​

​ជាមួយ​មនុស្ស​ទូទាំង​ពិភពលោក​មាន​អារម្មណ៍​រង​ផល​ប៉ះពាល់​ពី​តម្លៃ​អាហារ​និង​ឥន្ធនៈ​ដ៏​សែន​ខ្ពស់ អ៊ុយ​ក្រែន​ជាប់គាំង​នៅ​ក្នុងជម្លោះ​និង​ការគំរាមកំហែង​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​កាន់តែ​មាន​ភាព​​ខ្លាំងក្លា​ឡើង ប្រធានាធិបតី​និង​នាយករដ្ឋមន្ត្រី​នៃ G20 នឹង​ឃើញថា​តើ​ពួកគេ​អាច​យល់ព្រម​ធ្វើ​អ្វីខ្លះ​អំពី​រឿង​នេះ​។​

​វា​គឺជា​ការជួបជុំ​ដ៏​ធំ​បំផុត​ដោយ​ក្រុម​មេដឹកនាំ​ចាប់តាំងពី​ជំងឺ​រាតត្បាត​បានចាប់ផ្តើម​។ ប៉ុន្តែ​នេះ​មិនមែន​ជា​ការជួបជុំ​ដ៏​រីករាយ​នោះ​ទេ​។​

​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ ការ​ប្រជែង​គ្នា​រវាង​ចិន​និង​សហរដ្ឋ​អាម៉េរិក​កាន់តែខ្លាំង​ឡើង ខណៈ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាន់តែ​មាន​អំណាច​និង​អះអាង​កាន់តែ​ខ្លាំង​ឡើង​អំពី​ការជំនួស​សណ្តាប់​​ធ្នាប់​ដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក ដែល​បាន​ដាក់ចេញ​ដោយ​ជោគជ័យ​ចាប់តាំងពី​សង្គ្រាមលោកលើកទី​ពីរ​។​

​ការជួប​ទល់មុខ​គ្នា​ថ្ងៃ​ចន្ទ​នេះ​រវាង​លោកបៃ​ដិ​ន​និង​លោកស៊ី​នៅ​កិច្ចប្រជុំ G20 មាន​ចំហាយ​ខ្យល់​អាកាស​ដូច​សម័យ​សង្គ្រាមត្រជាក់​រវាង​មេដឹកនាំ​អាម៉េរិក​និង​សូ​វៀត​នៅ​ទីក្រុង​ផត​ស៍ដាម (Potsdam) ទីក្រុង​វី​យែន ឬ ទីក្រុង​យ៉ាល់​តា (Yalta) ដែល​សម្រេច​ជោគវាសនា​របស់​មនុស្ស​រាប់លាន​នាក់​។​

​លោកបៃ​ដិនបាន​និយាយ​អំពី​កិច្ចប្រជុំ ដែល​បង្កើត​នូវ “​បន្ទាត់​ក្រហម​” របស់​ប្រទេស​នី​មួយៗ ដោយ​សង្ឃឹមថា ការ​ប្រជែង​នេះ​នឹង​មិន​ហក់​ចូលទៅ​ក្នុង​ការប្រឈមមុខ​ដាក់​គ្នា​និង​ជម្លោះ​។​

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក លោក ជេ​ក ស៊ូ​ល​លី​វ៉ាន់ (Jake Sullivan)​បាន​និយាយថា លោកបៃ​ដិ​ននឹង​និយាយ “​ត្រង់ៗ​និង​ចំៗ​” ជាមួយ​លោក​ស៊ី ហើយ​រំពឹង​រឿង​ដូច​គ្នា​ត្រឡប់​មក​វិញ​ផង​ដែរ​។​

​ក្រុមមន្ត្រី​បាន​និយាយថា លោក​ក៏​នឹង​ជំរុញ​ចិន​ឱ្យ​ជួយ​មើល​សម្ពន្ធមិត្ត​កូរ៉េខាងជើង បន្ទាប់​ពី​ការសាកល្បង​មី​ស៊ី​ល​បំបែក​ឯតទគ្គ​កម្មបាន​ធ្វើឱ្យ​មាន​ការភ័យខ្លាច​កើន​ឡើង​ថា​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​​នឹង​ធ្វើ​ការសាកល្បង​នុយក្លេអ៊ែរ​លើក​ទី​ប្រាំពីរ​របស់​ខ្លួន​ក្នុងពេល​ឆាប់ៗ​នេះ​។​

​លោក​ស៊ី​ប្រហែលជា​គ្មាន​អារម្មណ៍​ចង់​ជួយ​ទេ​។ គាត់​ទើបតែ​ទទួលបាន​អាណត្តិ​ទី​បី​ពី​សមាជ​បក្ស​នាពេល​ថ្មីៗ​នេះ ដែល​ធ្វើឱ្យ​គាត់​ក្លាយជា​មេដឹកនាំ​ចិន​ដ៏​មាន​ឥទ្ធិពល​បំផុត​ជា​ច្រើន​ជំនាន់​មកនេះ​។​

​ទន្ទឹមនឹងនេះ លោកបៃ​ដិន​ត្រូវបាន​ជំរុញ​ដោយ​ព័ត៌មាន​ថា គណបក្ស​ប្រជាធិបតេយ្យ​របស់​គាត់​បា​ន​រក្សា​ការគ្រប់គ្រង​ព្រឹទ្ធសភា​អាម៉េរិក​បន្ទាប់ពី​ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​ការរំពឹង​ទុក​នៅ​ក្នុងកា​រ​​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ ទោះបីជា​នយោបាយ​ក្នុងស្រុក​របស់​លោក​នៅតែ​ឡើង​កម្តៅ​ក៏ដោយ​៕

ជំនួប​រវាង​លោកបៃ​ដិ​ន​និង​លោក​ស៊ីនឹង​ក្លាយជា​ចំណុច​ផ្តោត​សំខាន់​នៃ​កិច្ចប្រជុំ G20 នៅ​ឥណ្ឌូនេស៊ី