​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ គ្រាប់បែក​មួយ​បាន​អង្រួន​ផ្លូវ​ថ្មើរជើង​ដ៏​មមាញឹក​មួយ​នៅ​កណ្តាល​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​កាលពី​ថ្ងៃអាទិត្យ​ទី​១៣​វិច្ឆិកា ដោយ​សម្លាប់​មនុស្ស​ប្រាំមួយ​នាក់​របួស​រាប់​​សិប​នាក់ និង​ធ្វើឱ្យ​មនុស្ស​ដែល​ភ័យ​ស្លន់ស្លោ​នាំគ្នា​រត់គេចខ្លួន​ពី​ការផ្ទុះ​ដ៏​កក្រើក​ឬ​ដ៏​រញ្ជួយ​នៅ​តំបន់​ហាង​កាហ្វេ និង​ហាង​លក់ទំនិញ​។​

​រថយន្ត​សង្គ្រោះ​បន្ទាន់​បាន​ប្រញាប់ប្រញាល់​ទៅកាន់​កន្លែង​កើតហេតុ​នៅ​វិថី​អ៊ី​ស្ទីក​ឡាល់ (Istiklal Avenue)​ជា​ផ្លូវ​ថ្មើរជើង​ដ៏​ពេញនិយម​អម​ដោយ​ជាមួយ​ហាង​និង​ភោជនីយដ្ឋាន​ឆ្ពោះទៅ​​កាន់​ទីលាន​តាក់ស៊ី​ម (Taksim) ដ៏​ល្បីល្បាញ​។ ក្នុង​វីដេអូ​មួយ​ដែល​គេ​បង្ហោះ​តាម​អ៊ីនធឺណិត គេ​អាច​ឮ​សំឡេង​ផ្ទុះ​ដ៏​ខ្លាំង​និង​ពន្លឺ​ដ៏​ភ្លឺ​ចិញ្ចាច ខណៈ​អ្នក​ថ្មើរជើង​ងាក​មើល​ហើយ​នាំគ្នា​រត់​។​

​ប្រធានាធិបតី​តួ​ក​គី លោក រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គាន (Recep Tayyip Erdogan) បាន​ហៅ​ការ​បំផ្ទុះ​នេះ​ថា​ជា “​ការវាយប្រហារ​ទុយ៌ស​” ហើយ​និយាយ​ថា ជនល្មើស​នឹង​ត្រូវ​ទទួល​ទោស​។​គាត់​មិន​​បាន​និយាយថា​អ្នកណា​ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​ទេ ប៉ុន្តែ​និយាយថា​វា​មាន “​ក្លិន​ភេរវកម្ម​” ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត ហើយ​ថែមទាំង​បន្ថែម​ថា​គេ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​។​

​ការផ្ទុះ​កាលពី​ថ្ងៃអាទិត្យ​គឺជា​ការ​រំលឹក​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នៃ​ការ​ថប់​បារម្ភ​និង​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព​ដែល​តាម​លង​ប្រជាជន​តួ​ក​គី​ក្នុងអំឡុងពេល​ជាច្រើន​ឆ្នាំ​មកនេះ​នៅពេល​ដែល​ការ​វាយ​​ប្រហារ​បែបនេះ​បាន​ក្លាយជា​រឿង​ធម្មតា​។ ប្រទេស​នេះ​បាន​រង​ការវាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​ដ៏​សាហាវ​នៅ​ចន្លោះ​ឆ្នាំ ២០១៥ និង ២០១៧ ដែល​ខ្លះ​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ខ្លះទៀត​ដោយ​ពួក​​សកម្មប្រយុទ្ធ​ឃឺ​ដ ដែល​ស្វែងរក​ការបង្កើន​ស្វ័យភាព​ឬ​ឯករាជ្យ​។​

​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ លោក​អឺ​ដូ​ហ្គាន​បាន​ដឹកនាំ​ការបង្ក្រាប​យ៉ាង​ទូលំទូលាយ​លើ​ពួក​សកម្មប្រយុទ្ធ​ក៏ដូចជា​សមាជិក​សភា​និង​សកម្មជន​ឃឺ​ដ​។​ចំ​ពេល​មាន​អតិផរណា​កើនឡើង​ខ្ពស់​និង​បញ្ហា​សេដ្ឋកិច្ច​​ផ្សេងទៀត យុទ្ធនាការ​ប្រឆាំង​ភេរវកម្ម​របស់​លោក​អឺ​ដូ​ហ្គាន​គឺជា​ចំណុច​សំខាន់​សម្រាប់​គាត់​នៅ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​និង​សភា​នៅ​ឆ្នាំក្រោយ​។​

​លោក​អឺ​ដូ​ហ្គាន ដែល​បាន​ចាកចេញ​កាលពី​ថ្ងៃអាទិត្យ​សម្រាប់​កិច្ចប្រជុំ​កំពូល G20 នៅ​ឥណ្ឌូនេស៊ី បាន​និយាយថា​មនុស្ស​ប្រាំមួយ​នាក់​ត្រូវបាន​សម្លាប់​។ អនុ​ប្រធានាធិបតី​លោក ហ្វ៊ូ​អាត អូក​តា​យ (Fuat Oktay) បានដាក់​ចំនួន​អ្នករបួស​ដល់ ៨១ នាក់ ដោយ​ពីរ​នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ហើយ​ថែមទាំង​បាន​និយាយថា វា​ហាក់ដូចជា​ការវាយប្រហា​រ​ភេរវកម្ម​។​

​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បេ​កៀ បូស​ដាក (Bekir Bozdag) បាន​ប្រាប់​ទូរទស្សន៍​គាំទ្រ​រដ្ឋាភិបាល A Haber ថា​ក្រុម​អ្នក​ស៊ើបអង្កេត​បាន​ផ្តោត​លើ​ស្ត្រី​ម្នាក់​ដែល​អង្គុយ​នៅលើ​កៅអី​ក្បែរ​កន្លែង​កើត​​ហេតុ​នៃ​ការ​បំផ្ទុះ​ប្រហែល ៤០ នាទី​។ ការផ្ទុះ​នេះ​បាន​កើតឡើង​ប៉ុន្មាន​នាទី​បន្ទាប់ពី​នាង​ដើរចេញ​ទៅ​។ លោក​បាន​និយាយថា អត្តសញ្ញាណ​របស់​នាង​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ហើយក៏​មិន​ច្បាស់​ដែរ​ថា​តើ​ក្រុម​ណា​អាច​នៅ​ពីក្រោយ​ការវាយប្រហារ​នោះ​៕

មនុស្ស​៦​នាក់​ស្លាប់​និង​៨១​នាក់​រងរបួស​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​នៅ​វិថី​ថ្មើរជើង អ៊ី​ស្ទីក​ឡាល់ កាលពី​ថ្ងៃអាទិត្យ​