​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖​មេដឹកនាំ​កូរ៉េខាងត្បូង​និង​ជប៉ុន​បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃអាទិត្យ​ទី​១៣​វិច្ឆិកា​ថា​នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​ជម្លោះ​ប្រវត្តិសាស្ត្រ​ដ៏​ឈឺ​ផ្សារ​​បស់​ប្រទេស​ទាំង​ពីរ ខណៈ​ពួកលោក​ជំរុញ​កិច្ចសហប្រតិបត្តិកា​រ​សន្តិសុខ​ជាមួយ​សហរ​ដ្ឋ​អាម៉េរិក​ដើម្បី​ដោះស្រាយ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ជាមួយ​នឹង​ការគំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក យូ​ន ស៊ុក​យ៉ូល និង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ហ្វ៊ុយ​មី​អូ គី​ស៊ី​ដា បាន​ជួបប្រជុំ​ពីរ​ដង​នៅ​ក្រៅ​កិច្ចប្រជុំ​ថ្នាក់​តំបន់​ក្នុងប្រទេស​កម្ពុជា គឺជា​មួយ​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន និង​បន្ទាប់មក​ជំនួប​ទ្វេភាគី​។​

​បន្ទាប់ពី​កិច្ចប្រជុំ​ទ្វេភាគី លោក​គី​ស៊ី​ដា​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​និង​លោក​យូ​ន​បាន​បញ្ជាក់​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង​កាលពីមុន​របស់​ពួកគេ​ដើម្បី​ធ្វើការ​ឆ្ពោះទៅ​រក​ការដោះស្រាយ​បញ្ហា​​នៃ​ការ​កេណ្ឌ​ពលករ​កូរ៉េ​ក្នុង​សម័យ​សង្គ្រាម​របស់​ជប៉ុន ក្នុងអំឡុង​អាណានិគម​ឆ្នាំ ១៩១០-៤៥ របស់​ខ្លួន​លើ​ឧបទ្វីប​កូរ៉េ​។​

​ការិយាល័យ​របស់​លោក​យូ​ន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា មេដឹកនាំ​ទាំង​ពីរ​បាន​វាយតម្លៃថា​មាន​ការធ្វើទំនាក់ទំនង​យ៉ាង​សកម្ម​រវាង​អ្នកការទូត​របស់​ពួក​គេ​លើ​”​បញ្ហា​បច្ចុប្បន្ន​រវាង​​ប្រទេស​ទាំង​ពីរ​” ដោយ​សំដៅ​ជាក់ស្តែង​ចំពោះ​ពលករ​ដោយ​បង្ខំ​។ សេចក្តីថ្លែងការណ៍​បាន​និយាយ​ថា​មេដឹកនាំ​ទាំងពីរ​បាន​យល់ព្រម​បន្ត​ការពិគ្រោះ​យោបល់​ដើម្បី​ស្វែងរក​ដំណោះស្រាយ​កាលពីមុន​​លើ​បញ្ហា​នេះ​។​

​ប្រទេស​ទាំង​ពីរ ដែល​ជា​សម្ពន្ធមិត្ត​ដ៏​សំខាន់​របស់​សហរដ្ឋ​អាម៉េរិក បាន​ជាប់គាំង​នៅក្នុង​ការឈ្លោះប្រកែក​គ្នា​ជា​យូរ​មក​ហើយ​ជុំវិញ​សេចក្តីសម្រេច​របស់​តុលាការ​នៅ​ទីក្រុង​សេ​អ៊ូ​ល​ឆ្នាំ ២០១៨​ដែល​បាន​​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​ចំនួន​ពីរ​ផ្តល់​សំណង​ដល់​ពលករ​កូរ៉េ​មួយចំនួន ឬ​ក្រុម​គ្រួសារ​របស់​ពួកគេ​។​

​សេចក្តីសម្រេច​នេះ​បាន​ធ្វើឱ្យ​ទំនាក់ទំនង​ទ្វេភាគី​ធ្លាក់​ចុះ​ដល់​ចំណុច​ទាប​បំផុត​របស់​ពួកគេ​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍ ខណៈ​ក្រុមហ៊ុន​និង​រដ្ឋាភិបាល​ជប៉ុន​បានប្រកែក​ថា​បញ្ហា​សំណង​ទាំងអស់​​ត្រូវបាន​ដោះស្រាយ​រួចហើយ​នៅ​ក្រោម​សន្ធិសញ្ញា​ឆ្នាំ ១៩៦៥ ដែល​បាន​ធ្វើឱ្យ​មាន​ប្រក្រតីភាព​ទំនាក់ទំនង​របស់​ប្រទេស​ទាំង​ពីរ​ឡើង​វិញ និង​បដិសេធ​មិន​អនុវត្ត​តាម​សាលក្រម​ទេ​។ ក្រោយមក​ប្រទេស​​ទាំងពីរ​បាន​បន្ទាប​ឋានៈ​ពាណិជ្ជកម្ម​គ្នា​ទៅវិញទៅមក ហើយ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​បាន​គំរាម​បោះបង់ចោល​កិច្ចព្រមព្រៀង​ចែករំលែក​ព័ត៌មាន​សម្ងាត់​ថែមទៀត​៕

​លោក​គី​ស៊ី​ដា (​ស្តាំ​) ចាប់​ដៃ​លោក​ស៊ុក​យ៉ូល​ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាស៊ី​បូព៌ា​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃអាទិត្យ​