ដោយៈ ភ្នំសន្ទុក / កំពង់ធំៈ លោក សេង អាន ប្រធានមន្ទីរទេសចរណ ខេត្តកំពង់ធំ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា នេះថាៈ ក្នុងរយៈពេល ៣ ថ្ងៃ គឺពីថ្ងៃទី ៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានជាង ១០ ម៉ឺននាក់ បានចូលរួមទស្សនាកម្សាន្ត ប្រណាំងទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងរយៈពេល ៣ ថ្ងៃ ដែលរៀបចំឡើងដោយ រដ្ឋបាលខេត្តកំពង់ធំ ដែលបានខកខាន អស់រយៈពេល ២ ឆ្នាំ កន្លងមក។ នៅក្នុងទិវាបុណ្យអុំទូកថ្នាក់ខេត្ត នៅតាមបណ្ដា រមណីយដ្ឋានទេសចរណ៍ ដែលមានសក្តានុពល នៅក្នុងខេត្តកំពង់ធំ ក៏បានទទួលភ្ញៀវទេសចរ ជាង ៥.០០០ នាក់ដែរ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ៤.៦២៣ នាក់ និងភ្ញៀវអន្តរជាតិ មានចំនួន ១១៦ នាក់។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ធំ បានឱ្យដឹងថាៈ ទាំងនេះ សបញ្ជាក់ឲ្យ ឃើញថា ដោយសារប្រទេសជាតិយើង មានសុខសន្តិភាព ជាពិសេសជំងឺកូវីដ-១៩ ដែលបានធូរស្រាល ដោយសារមានការជំរុញឲ្យចាក់វ៉ាក់សាំង ពីសំណាក់រាជរដ្ឋាភិបាល និង បើកប្រទេសបានផងនោះ ធ្វើឲ្យភ្ញៀវទេសចរ បានមកទស្សនាកម្សាន្ត នៅក្នុងមូលដ្ឋាន មានកំណើន កើនឡើងជាងឆ្នាំកន្លងទៅ។

លោក សេង អាន បានឲ្យដឹងទៀតថាៈ រមណីយដ្ឋានដែលភ្ញៀវទេសចរ ពេញនិយម ចូលចិត្ត មកលេង និងទស្សនាកម្សាន្ត ជាពិសេសភ្ញៀវជាតិនោះ មានដូចជា រមណីយដ្ឋានកែច្នៃ តំបន់ស្ទឹងជីនិត , តំបន់រមណីយដ្ឋាន ១មករា, តំបន់រមណីយដ្ឋានទំនប់បង្ហៀរទឹក ៦មករា, តំបន់រមណីយដ្ឋានកែងគោល របស់លោកឧកញ៉ា លឹម វណ្ណា ដែលមានទឹកហូរ និងទំនប់បង្ហៀរ , តំបន់រមណីយដ្ឋានភ្នំសន្ទុក , រមណីយដ្ឋានបឹងសំរិទ្ធ, តំបន់រមណីយដ្ឋាន ដែលផ្ដល់ភាពទាក់ទាញ ជាច្រើនទៀតផងដែរ នៅក្នុងទឹកដីខេត្តកំពង់ធំ ។

ដោយឡែក ចំពោះភ្ញៀវបរទេស ភាពទាក់ទាញសំខាន់ គឺប្រាសាទសំបូរព្រៃគុក ដែលជាតំបន់ប្រវត្តិសាស្ត្រមួយ ត្រូវបានចុះក្នុងបញ្ជីបីតិកភណ្ឌពិភពលោក នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។

ជាមួយគ្នានេះ លោកប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ធំ សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ដែលបានមកចូលរួមទស្សនាកម្សាន្ត នៅក្នុងតំបន់រមណីយដ្ឋាន នៅក្នុងខេត្តកំពង់ធំ ក៏ដូចជាទូទាំងប្រទេស ត្រូវចូលរួមគោរពគោលការណ៍របស់ ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដើម្បីបញ្ចៀសការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ជាពិសេស ក្រសួងទេសចរណ៍ បានដាក់វិធានការមួយ S-O-P គឺដើម្បីការពារទប់ស្កាត់ នូវជំងឺនេះផងដែរ។ លើសពីនេះទៅទៀត គឺយើងរួមគ្នា ក្នុងការការពារបរិស្ថាន ប្រទេសជាតិយើងស្អាត គឺចេញពីយើងទាំងអស់គ្នានេះឯង៕/V-PC