ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ អ្នកប្រដាល់ឡាវ ពីររូប និង អ្នកប្រដាល់ថៃ មួយរូប សុទ្ធតែចាញ់អ្នកប្រដាល់កម្ពុជា មុនទឹកទី៥ នៅក្នុងការប្រតកួត នាយប់ថ្ងៃទី១៣ វិច្ឆិកា លើសង្វៀនទូរទស្សន៍ TV5។

អ្នកប្រដាល់ជើងថ្មីកម្ពុជា ឡៅ សៃណេត ក្លិបបញ្ជាការដ្ឋានទ័ពពិសេស ជួបប្រកួតជាមួយ អ្នកប្រដាល់ឆ្លងដែន មកពីប្រទេសឡាវ Fang Khung Lek ដោយប្រកួតគ្នា នៅក្នុងប្រភេទ
ទម្ងន់ ៥១ គីឡូក្រាម ។ នៅទឹកទី១ អ្នកប្រដាល់ទាំង ២ រូបនេះ ដែលមិនទាន់ដឹង ពីរបៀបវ៉ៃ របស់គ្នា ទៅវិញទៅមក នោះ គេបានធ្វើតេស្តស្មង និងកណ្ដាប់គ្នា ទៅវិញទៅមក បន្ទាប់មក គេសាកល្បងជន្លកែង និងជង្គង់គ្នា។

ចាប់ពីទឹកទី២ ទៅ គេចាប់ផ្ដើមប្រើស្នៀតពិសេសៗ ដែលគេមាន វាយប្រហារគ្នាតែម្ដង ។ការប្រកួតហាក់ដូចជា មានលក្ខណៈតឹងតែង តែចាប់ពីចុងទឹកទី២ទៅ សៃណេត បង្ហាញពីការមានប្រៀបលើគូប្រកួត ដោយសារតែការវ៉ៃចេញរបស់គេ ហាក់ដូចជាមានប្រសិទ្ធភាព។

ស៊ីណេត ក៏ចាប់ផ្ដើមវាយប្រហារជើងក្រោម អ្នកប្រដាល់ឡាវ ធ្វើឲ្យអ្នកប្រដាល់ឆ្លងដែនរូបនេះ ចាប់ផ្ដើមមានបញ្ហាជើង ហើយនៅទឹកទី៤ Fang Khung Lek ក៏ខូចជើង មិនអាចបន្តការប្រកួតបាន តទៅទៀត ។ ឡៅ សៃណេត បានទទួលជ័យជំនះ នៅទឹកទី៤ តែម្ដង។

ប៊ន ពន្លឹក ក្លិបនាគរាជចតុមុខ ក៏បានយកឈ្នះ អ្នកប្រដាល់ថៃ Phet Nakhorn នៅក្នុងទឹកទី៤ ដែរ ។ អ្នកប្រដាល់ទាំង ២ រូបនេះ ប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥១ គីឡូក្រាម ។ អ្នកប្រដាល់ ទាំង ២ រូបនេះ ក៏ចំណាយពេលមួយទឹកដែរ ដើម្បីចង់ដឹងពីសមត្ថភាពរបស់ គ្នាទៅវិញ ទៅមក។ តែចាប់បីទឹកទី២ ទៅ ពួកគេក៏ចាប់ផ្ដើមវាយប្រហារគ្នា ដោយគ្មានសំចៃកម្លាំង។ ពន្លឹក ដែលជាខ្លាស្ទាវដែរនោះ គេចាប់ផ្ដើមមានប្រៀប លើគូប្រកួត តាំងពីពាក់កណ្ដាល
ទឹកទី២ ទៅហើយ នៅទឹកទី៤ គេបានផ្ដួល Phet Nakhorn ឲ្យសន្លប់ ក្រោកលែងរួចតែម្ដង។

ដោយឡែក សម្រាប់អ្នកប្រដាល់ ខាំ ខ្លានាង ក្លិបមេសថ្ងកខេត្តស្វាយរៀង ប្រើពេលតែមួយទឹកប៉ុណ្ណោះ ផ្ដួលអ្នកប្រដាល់ឡាវ Chav Fang Khung ឲ្យសន្លប់ក្រោកលែងរួច។ ​សូមបញ្ជាក់ថា អ្នកប្រដាល់ទាំង ២ រូបនេះ ប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម៕/V-PC