ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្រុមកីឡាករ កីឡាការិនីប៉េតង់កម្ពុជា នឹងត្រឡប់មកដល់កម្ពុជាវិញហើយ ថ្ងៃនេះ បន្ទាប់ពីបញ្ចប់បេសកកម្ម នៃការប្រកួតជើងឯកទ្វីបអាស៊ី លើកទី៤ នៅប្រទេសថៃ នោះ។ការត្រឡប់មកវិញនេះ ក្រុមកីឡាករ កីឡាការិនី កីឡាប៉េតង់កម្ពុជា ដណ្តើមបានមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង លើវិញ្ញាសាវាយយកពិន្ទុ វិញ្ញាសា ៣ នាក់ទល់ ៣ នាក់ ។

ព្រឹតិ្តការណ៍ការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ី លើកទី៤ ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី ១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ។
ម្ចាស់មេដាយមាសដំបូង របស់កម្ពុជាគឺ កីឡាករកម្ពុជា អ៊ុត ដួងខែ លើប្រភេទវិញ្ញាសា វាយយកពិន្ទុអាយុក្រោម ១៨ឆ្នាំ ម្ចាស់មេដាយមាសទី២ កីឡាករកម្ពុជា ថោង ឈឿង លើប្រភេទវិញ្ញាសា វាយយកពិន្ទុបុរស និងម្ចាស់មេដាយមាសទី២ លើវិញ្ញាសា បុរស ៣នាក់ ទល់ ៣នាក់ គឺ កីឡាករ ថោងឈឿន កីឡាករ យឹម សុភ័ណ្ឌ កីឡាករ សៅ សុភារ៉ាន់ និងកីឡាករ តិប នរ៉ា។

ចំណែកកីឡាការិនីកម្ពុជា អ៊ុន ស្រីយ៉ា ទទួលបានមេដាយប្រាក់ លើវិញ្ញាសាវាយយកពិន្ទុ និងមេដាយប្រាក់ មួយទៀត លើវិញ្ញាសា នារី ៣នាក់ទល់៣នាក់ រួមមាន កីឡាការិនី អ៊ុក ស្រីមុំ កីឡាការិនី អ៊ុន ស្រីយ៉ា កីឡាការិនី ឃួន យ៉ារី និងកីឡាការិនី អ៊ុ ដាវីន ។

ចំពោះមេដាយសំរិទ្ធ ២ វិញ៖ មេដាយសំរិទ្ធលើវិញ្ញាសា បុរស ៣នាក់ទល់ ៣នាក់ កីឡាករ ហេង ស៊ូមៀន កីឡាករ ស៊ីន វង់ កីឡាករ ញ៉ែម បូរ៉ា និងកីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា និងមេដាយសំរិទ្ធ ១ គ្រឿងទៀត លើវិញ្ញាសា យុវជន ៣នាក់ ទល់ ៣នាក់ អាយុក្រោម ១៨ឆ្នាំ ៖ កីឡាករ ភាព ផាឃិន កីឡាករ អ៊ុត សុខជាកីឡាការិនី ហាក់ ស្រីនុត និងកីឡាករ នូច សុខេមរៈ ។

គណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីប៊ូល និងប៉េតង់កម្ពុជា ចំនួន ២៧ នាក់ គឺលោក ស៊ុម សុជាតិ ប្រធានប្រតិភូ កញ្ញា គីន សំណាង អនុប្រធានប្រតិភូ លោក ហៀន ថាវិរៈ លេខាធិការដ្ឋាន។

ចំពោះក្រុមបុរសមាន លោក អ៊ឹម ផាត ជាគ្រូបង្វឹក កីឡាករ សៅ សុភារ៉ាន់ កីឡាករ យឹម សុភ័ណ្ឌ កីឡាករ ថោង ឈឿន កីឡាករ តិប នរ៉ា កីឡាករ ហេង ស៊ូមៀន កីឡាករ ស៊ីន វង់ លោក ញ៉ែម បូរ៉ា និងកីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា។

ក្រុមនារីមាន លោកគ្រូ សុខ ម៉ុង កីឡាការិនី អ៊ុន ស្រីយ៉ា កីឡាការិនី ឃួន យ៉ារី កីឡាការិនី អ៊ុក ស្រីមុំ និង កីឡាការិនី អ៊ុ ដាវីន។រីឯក្រុមយុវជនមាន លោកគ្រូ អ៊ុក យ៉ារី អ្នកគ្រូ ជុំ ច័ន្ទថុល កីឡាករ ម៉ុង វិរៈបុត្រ កីឡាករ អ៊ុត ដួងខែ កីឡាករ នន់ រ៉ាវីន កីឡាករ ជា ហេងឧត្តមរស្មី កីឡាការិនី ហាក់ ស្រីនុត កីឡាករ ភាព ផាឃិន កីឡាករ អ៊ុត សុខជា និងកីឡាករ នូច សុខេមរៈ៕  V / N