ដោយ: ជា សីហ:/ភ្នំពេញ: ក្រោយពីទទួលបានព័ត៍មានច្បាស់ពីការកំណត់អត្ដសញ្ញាណលើប្រភេទមំសាសីដែលបានកត់ត្រាក្នុងដើមខែតុលាកន្លងថាជាប្រភេទខ្លាត្រីពិតប្រាកដមែន មន្រ្ដីឧទ្យានុរក្សប្រចាំតំបន់បឹងទន្លេឆ្មារបានឃាត់ខ្លួនបុរសម្នាក់ពីបទប្រមាញ់កូនឆ្មាដាវមួយក្បាល។

អង្គការអ្នកអភិរក្សបានបង្កើនការអនុវត្ដការពារ និងចុះល្បាតឃ្លាំតាមដានជុំវិញទីតាំងដែលប្រទះឃើញនោះជាប្រចាំ ដើម្បីទប់ស្កាត់បទល្មើស និងសកម្មភាពនានាដែលអាចប៉ះពាល់ដល់ប្រភេទសត្វរងគ្រោះ។

ប្រភពបានអះអាងថា ជាលទ្ធផល កាលពីដើមខែវិចិ្ឆកា ឆ្នាំ ២០២២នេះ មន្រ្ដីឧទ្យានុរក្សប្រចាំស្នាក់ការបាឡតបានទទួលការរាយការណ៍ពីបទល្មើសចាប់ប្រភេទមំសាសីមួយប្រភេទទៀត ដែលជាឆ្មាដាវ ហើយក៏បានប្រមូលកម្លាំងចុះអន្ដរាគមន៍ភ្លាមៗលើជនល្មើសទាំងយប់ ដោយដកហូតបានកូនឆ្មាដាវមួយក្បាល ដើម្បីយកទៅព្រលែងក្នុងជម្រកធម្មជាតិវិញ និងបានចុះកិច្ចសន្យាព្រមានលើការប្រព្រឹត្ដបទល្មើសនេះទៀត។

បន្ថែមពីនេះ មន្រ្ដីឧទ្យានុរក្សនឹងរៀបចំផែនការសកម្មភាពចុះផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋ និងបង្កើនការចុះល្បាតឃ្លាំមើលនៅពេលយប់បន្ថែមទៀត៕/PC