ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យៈ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរ ដោយអភិបាលរងខេត្ត ប្រធាន-អនុប្រធាន មន្ទីរអង្គភាព មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ ក្រុមការងារខេត្ត ស្រុក ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចុះនាំយកស្បៀងអាហារ ជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ច័ន្ទមុនី ទៅផ្តល់ជូនពុកម៉ែបងប្អូន គ្រួសារអតីតយុទ្ធជនកម្ពុជា នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ អតីតយុទ្ធជន ខេត្តបន្ទាយមានជ័យ នាតំបន់ការ៉េពីរ (2222 Lands) ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ចំនួន ២៥២ គ្រួសារ និងប្រជាពលរដ្ឋជួបការលំបាក ខ្វះខាតជីវភាព ក្នុងស្រុកថ្មពួក ១៥០ គ្រួសារ។

អំណោយ រួមមាន អង្ករ ២៥ គីឡូ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ១យួរ មី១កេស សម្រាប់ ១ គ្រួសារៗ។

នាឱកាសនោះ លោក អ៊ុំ រាត្រី បានផ្ដាំផ្ញើការសួរសុខទុក្ខពីសម្ដេចតេជោ និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ មិនទុកឱ្យបងប្អូនប្រជាពលរដ្ឋលំបាកឡើយ។ លោក បានសូមជូនពរពុកម៉ែបងប្អូន ថែរក្សាសុខភាព មានអ្វីកើតឡើង ជាយថាហេតុ បញ្ហាខ្វះខាត ជួបទុក្ខលំបាក សូមរាយការណ៍ ឬផ្តល់ព័ត៌មាន មកជូនអាជ្ញាធរ កងកម្លាំង តាមរយ:លោកមេភូមិ។

លោកអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងមានកូនគ្រប់អាយុ សូមទៅចុះឈ្មោះបោះឆ្នោត និងអ្នកមានឈ្មោះ រួចហើយ សូមទៅផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាពទិន្នន័យនានា៕/V-PC