ដោយ៖តារារិទ្ធ(ភ្នំពេញ) ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអី ហ្សាឌីន វ៉ាឌូឡាហ៍(His Majesty Sultan Haji HASSANAL BOLKIAH MU’IZZADDIN WADDAULAH)ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម បានចាប់ផ្តើមបំពេញ ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាហើយនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ បន្ទាប់ពីព្រះអង្គបានយាកចូលរួមកិច្ចប្រជាកំពូលអាស៊ានលើកទី៤០ និង ៤១និងកិច្ចប្រជុំ ពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា។

នៅព្រឹកថ្ងៃទី ១៤ ខែ វិច្ឆិកា ២០២២ នេះ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអី ហ្សាឌីន វ៉ាឌូឡាហ៍ បានយាងជួបសវនាការជាមួយសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះថា៖ព្រះចៅស៊ុលតង់ ព្រុយណេបានសម្ដែងនៅព្រះរាជអំណរសាទរជូន ចំពោះសម្ដេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជាដែលបានរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានយ៉ាងល្អនិងជោគជ័យ។ព្រះអង្គក៏បានសំដែ ងនូវការសព្វព្រះរាជហឫទ័យចំពោះការទទួលបដិសណ្ឋារកិច្ចដំណើររបស់ព្រះអង្គយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានិងដំណើរយាងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ច ប្រជុំពាក់ព័ន្ធ។

ព្រះចៅស៊ុលតង់បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងរាជាណាចក្រទាំងពីរនិងកិច្ចសហប្រតិបត្តិការរវាងរាជាណាចក្រទាំងពីរហើយក៏បានលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការបន្តលើគ្រប់វិស័យបន្ថែមលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ពិសេសរដ្ឋមន្ត្រីកសិកម្មនៃប្រទេសទាំងពីរត្រូវសហការគ្នាលើវិស័យកសិកម្មនិងការនាំអង្ករផ្កាម្លិះចេញទៅប្រទេសព្រុយណេ ។

 

ជាការឆ្លើយតាមសម្ដេចបានថ្លែងព្រះអំណរគុណចំពោះព្រះចៅ ស៊ុល តង់ ដែលបានយាងអញ្ជើញមកបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជានិងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ច ប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជាដែលញាំងឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៅព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងន័យនោះដែរសម្ដេចតេជោបានថ្លែងអំណរ គុណចំពោះព្រះចៅស៊ុលតង់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។

បន្ទាប់មកសម្ដេចតេជោ ហ៊ុន សែននិងព្រះចៅ ស៊ុលតង់ បានយាង/អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) រវាងរដ្ឋាភិបាលនៃប្រទេស ទាំង ពីរស្ដីពីកិច្ចពិគ្រោះយោបល់ទ្វេភាគី។

ក្នុងអំឡុងពេលព្រះរាជទស្សនកិច្ចនេះ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រនៃព្រុយណេ ដារូស្យាឡាមនឹងមានព្រះរាជសវនាការជាមួយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅក្នុងព្រះបរមរាជវាំង។

ព្រះចៅស៊ុលតង់ក៏នឹងយាងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យនិងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីត ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា ផងដែរ។

ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម ប្រព្រឹត្តទៅស្របពេលដែលប្រទេស ទាំងពីរ ប្រារព្ធខួបអនុស្សាវ រីយ៍លើកទី ៣០នៃការបង្កើត ទំនាក់ទំនងការទូតនៅក្នុងឆ្នាំនេះ៕