ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ គណបក្ស​ប្រជាធិបតេយ្យ​នឹង​បន្ត​គ្រប់គ្រង​ព្រឹទ្ធសភា​អាម៉េរិក​នៅ​ឆ្នាំ ២០២៣ បន្ទាប់ពី​ព្រឹទ្ធ​សមាជិក​លោកស្រី កា​ធឺ​រី​ន ខ​ត​ថេ​ស ម៉ាស្តូ (Catherine Cortez Masto) បាន​ឈ្នះ​ការបោះឆ្នោត​ឡើងវិញ​ក្នុង​រដ្ឋ​នេវ៉ា​ដា ដោយ​ប្រគល់​ជ័យជម្នះ​ដ៏​សំខាន់​ដល់​ប្រធានាធិបតី ចូ បៃ​ដិន​។​

​បណ្តាញ​ទូរទស្សន៍​ពីរ​គឺ MSNBC និង CNN បាន​ហៅ​ការ​ប្រណាំងប្រជែង​សម្រាប់​អ្នក​កំពុង​កាន់​តំណែង បន្ទាប់​ពី​លោកស្រី​បាន​បើក​ការ​នាំមុខ ០,៥ ភាគរយ​ក្នុងការ​រាប់​សន្លឹកឆ្នោត​កាលពី​ថ្ងៃ​សៅរ៍​។ លទ្ធផល​បណ្តោះអាសន្ន​បានបង្ហាញ​ថា លោកស្រី​នាំមុខ ៤៨,៧ ភាគរយ​ទល់​នឹង ៤៨,២ ភាគរយ​លើ​គូប្រជែង​គណបក្ស​សាធារណរដ្ឋ​គឺ​លោក អាដាម ឡា​សាល់ (Adam Laxalt)​ជា​អតីត​អគ្គ​រដ្ឋ​​អាជ្ញា​របស់​រដ្ឋ​នេវ៉ា​ដា ដែល​ត្រូវបាន​គាំទ្រ​ដោយ​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។​

​ជាមួយនឹង​ជ័យជម្នះ​របស់​លោកស្រី​ខ​ត​ថេ​ស ម៉ាស្តូ ក្រោយ​ព្រឹទ្ធ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ លោក ម៉ាក ខែល​លី (Mark Kelly) ឈ្នះ​ការបោះឆ្នោត​ឡើង​វិញ​នៅ​រដ្ឋ​អា​រី​ហ្សូ​ណា​កាលពី​ល្ងាច​ថ្ងៃ​សុក្រ ឥឡូវ​នេះ​គណបក្ស​ប្រជាធិបតេយ្យ​បាន​គ្រប់គ្រង​អាសនៈ​ព្រឹទ្ធសភា​ចំនួន ៥០ ។ វា​គ្រប់គ្រាន់​ក្នុង​ការពង្រឹង​ការគ្រប់គ្រង​របស់​ពួកគេ​នៅក្នុង​ព្រឹទ្ធសភា​នៅ​ឆ្នាំ ២០២៣-២៤ ។​

​ប្រសិនបើ​ព្រឹទ្ធ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ លោក រ៉ា​ហ្វា​អែល វ៉ា​ណុ​ក (Raphael Warnock) ឈ្នះ​ការបោះឆ្នោត​នៅ​រដ្ឋ​ច​ច​ចៀ​ថ្ងៃទី ៦ ខែ​ធ្នូ ទល់នឹង​គូ​ប្រជែង​របស់​គណបក្ស​សាធារណរដ្ឋ​គឺ​លោក ហឺ​សែ​ល វ៉ក​ឃើ (Herschel Walker) នោះ​វា​នឹង​ពង្រីក​សំឡេង​ភាគច្រើន​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដល់ ៥១-៤៩​។​

​នោះ​នឹង​ផ្តល់​ឱ្យ​សមាជិក​បក្ស​ប្រជាធិបតេយ្យ​នូវ​ប្រៀប​បន្ថែម​ក្នុង​ការអនុម័ត​ច្បាប់​ចម្រូងចម្រាស​មួយ​ចំនួន ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យ​អនុម័ត​ជាមួយនឹង​សំឡេង​ភាគច្រើន​សាមញ្ញ ជំនួស​ឱ្យ ៦០ សំឡេង ដែល​ត្រូវការ​សម្រាប់​ច្បាប់​ភាគច្រើន​។​

​បច្ចុប្បន្ននេះ ព្រឹទ្ធ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ លោក ចូ មែន​ស៊ីន (Joe Manchin) នៅ​រដ្ឋ​វើជី​នៀ​ខាងលិច និង​លោកស្រី គ្រីស្ទិន ស៊ីណេ​ម៉ា (Kyrsten Sinema) ក្នុង​រដ្ឋ​អា​រី​ហ្សូ​ណា គឺជា​សំឡេង “​ងាករេ​” ដែល​រារាំង​ឬ​ពន្យារ​គំនិត​ផ្តួចផ្តើម​សំខាន់ៗ​មួយចំនួន​របស់​លោកបៃ​ដិន រួម​ទាំង​ការ​ពង្រីក​កម្មវិធី​សង្គម​មួយ​ចំនួន​។​

​ប៉ុន្តែ​ជាមួយ​នឹង​អាសនៈ​ប្រជាធិបតេយ្យ​ចំនួន ៥១ នៅក្នុង​ព្រឹទ្ធសភា​នៅ​ឆ្នាំ ២០២៣ ឥទ្ធិពល​របស់​លោក​មែ​ន​ស៊ីន​និង​លោកស្រី​ស៊ីណេម៉ាអាច​នឹង​ថយចុះ​បន្តិច​៕

​លោក អាដាម ឡា​សាល់ ចាញ់​លោកស្រី​កា​ធឺ​រី​ន ខ​ត​ថេ​ស ម៉ាស្តូ នៅ​រដ្ឋ​នេវ៉ា​ដា​