ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ស្រែង​

​នាមសព្ទ​

​ឈ្មោះ​រោគ​កើត​នៅ​ស្បែក​ចេញ​ជា​កណ្ដាប់​គគ្រាត​បណ្ដាល​ឲ្យ​រមាស់​; មានឈ្មោះ​ផ្សេងៗ​គ្នា​គឺ ស្រែងជ្វា ស្រែង​ឡើង​កណ្ដាប់​ក្រហម​ផេរ ។ ស្រែងដែក ស្រែង​ឡើងសាច់​ខ្មៅ​ក្រៀម​រឹង​គគ្រាត ។ ស្រែងផេះ ស្រែង​ឡើង​សម្បុរ​ប្រផេះ កាលណា​អេះ​ហុយ​ព្រោង ។​

​ស្រែងកង្កែប​

នាមសព្ទ​

​ឈ្មោះ​រោគ​ស្បែក​មួយ​ប្រភេទ​កើត​នៅ​អណ្ឌៈ​ឬ​នៅ​កៀន​ភ្លៅ មាន​អាការ​រលាកៗ ហើយ​ក្រៀម​ជា​ក្រមរ​ស្រទាប់ៗ បណ្ដាល​អំពី​ទឹក​សុក្កៈ​ដែល​ធ្លា​ក់មក​ប៉ះ​ត្រូវ ជា​រោគ​រមាស់​ខ្លាំង​ម្ដងៗ អេះ​ទៅ​ចេញ​ទឹករងៃ ។​

​ហៈ​

​និបាតសព្ទ​

​ឬ : ដូច្នេះ​ទេហៈ​? ឯណោះ​ទេហៈ​? ។ អេះ​?; ( ព​.​សា អ៊ីចេះ​?; មាតាបិតា​ត្រូវ​សង្គ្រោះ​បុត្រ​ធីតា​ដោយ​ស្ថាន​ប៉ុន្មាន​យ៉ាង​ហៈ​អ្នក ? ( ប្រើ​ក្នុងការ​ទេសនា​បុប្ផា​-​វិស្សជ្ជនា ) ។​

​អំពុត​

​និបាតសព្ទ​

​បំណាច់នឹង​, បើ​បានជា​
​អំពុត​នឹងធ្វើ គួរ​ឲ្យ​មាន​ប្រយោជន៍​ខ្លះទៅ​អេះ ! ។ អំពុត​អ្វី ? ឬ​អំពុត​អី ? ប្រយោជន៍​អ្វី ? ឬ​អំពល់អី ? : អំពុត​អ្វី​នឹង​គាត់ ? , អំពុត​អី​នឹង​ទៅ ? ។ ( ព​. កា​. ) : គិត​សិន​កុំ​ធ្លោយ អំពុត​នឹង​ឲ្យ ត្រូវ​ដឹង​វែង​ខ្លី ឲ្យ​ដាច់​តែម្ដង ស្រួល​ជាង​ឲ្យ​ខ្ចី ព្រោះ​គ្នា​គ្មានអ្វី នឹង​សង​វិញ​ទេ ។ ការ​ឲ្យ​មាន​បី មួយ​គឺ​ឲ្យ​ខ្ចី មួយ​ឲ្យ​ទទេ ដោយ​ចិត្ត​អាណិត មេត្តា​ឆ្ពោះ​គេ មួយ​ដោយ​រិះរេ ឲ្យ​ព្រោះ​គ្នា​សូម ។​

អេចអូច​

កិរិយាវិសេសន៍​

​ដែល​ចេញ​អាការ​បបូរមាត់​អូ​ចៗ​ឬ​ទុល​ហើបៗ​មិន​ច្បាស់ការ​ជា​ថា​អ្វី​
​និយាយ​អេចអូច​, ខ្សឹប​អេចអូច ( ម​. ព​. រអេចរអូច ផង ) ។​
​ព​. ប្រ​. ដែល​គ្រាន់តែ​ខ្សឹបខ្សៀវ​ចចាក់ចចុច​នាយអាយ​មិនទាន់​សម្រេចការ​ជា​អ្វី​នៅឡើយ​; រឆៀបរញេញ​
​ឮ​គេ​និយាយ​អេចអូច​មិនទាន់​ប្រាកដ ( និយាយថា រអេចរអូច ក៏បាន ) ។ ( ព​. កា​. ) : ខ្សឹបខ្សៀវ​អេចអូច ជួន​នាំ​ឲ្យ​ខូច ប្រយោជន៍​តូចធំ ជួន​កើត​រឿងហេតុ ណាមួយ​ពុំ​សម ជួន​ភ័ន្តច្រឡំ ព្រោះ​ខ្សឹប​អេចអូច ។ មានរឿង​ពី​ព្រេង ថ្លែង​ពី​ការលេង – ល្បែង​ខ្សឹប​បង្ខូច ឲ្យ​បែកសាមគ្គី ខ្ទេចខ្ទី​ធំ​តូច ព្រោះ​ខ្សឹប​អេចអូច ខូច​រដ្ឋ​ទាំងមូល ។ ល ។​