​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​លាភ​

​នាមសព្ទ​

( សំ​. បា​. ) ការ​បាន​, ដំណើរ​ប្រទះ​លើ​ការ​បាន​, អ្វីៗ​ដែល​គួរ​បាន​; ចំណេញ​
​មាន​លាភ​, កើត​លាភ​, ខាត​លាភ ។​
​ប្រើ​ជា​បទ​សមាស បើ​រៀង​ពី​ខាងដើម អ​. ថ​. លាភ​:, រៀង​ពី​ខាងចុង អ​. ថ​. លាប​, ដូចជា : លាភគិទ្ធ ដែល​ជាប់ជំពាក់​ដោយ​លាភ​, ដែល​ញ៉ាម​ព្រោះ​ធ្លាប់តែ​បាន​; សេចក្តី​ជាប់ចិត្ត​ក្នុង​លាភ ។ លាភតណ្ហា (—​តន់​-​ហា​) ចំណង់​ឬ​សេចក្ដី​ស្លន់ស្លោ​ទៅរក​លាភ​។ លាភន្តរាយ (​លា​ភ័ន​-​ត​:​រ៉ា​យ​; < លាភ + អន្តរាយ​) សេចក្ដី​អន្តរាយ​លាភ ។ លាភវិនាស ការ​ខូច​លាភ​, ដំណើរ​ខាត​ខាន​បាន ។ លាភ​សក្ការ​: លាភ​និង​សក្ការ​: ។ លាភសន្ដោស (—​សន់ដោស​) សេចក្ដីត្រេកអរ​ចំពោះតែ​ត្រឹម​លាភ​របស់ខ្លួន គឺ​បាន​ប៉ុន្មាន​យក​ប៉ុណ្ណោះ មិន​រវះរវាម​ហួស​ពី​ការ​បាន ។ លាភសម្ប័ទ ឬ —​សម្បទា (—​សំ​-​ប័ត ឬ​—​ស័​ម​ប៉​:​ទា​) សេចក្ដី​សមប្រកប​ដោយ​ការ​បាន ។ លាភាលាភ (< លាភ + អលាភ​) ការ​បាន​និង​ការ​ខាន​បាន ឬ​ការខាតបង់ ។ ល ។ ធនលាភ (​ធ​:​ន​:—) ការ​បានទ្រព្យ ។ ធម្មលាភ (​ធ័​ម​-​ម​:—) ឬ ធម្មិក​លាភ (​ធ័​ម​-​មិ​ក​:—) ការ​បាន​ដោយ​ធម៌ (​បាន​ដោយ​ត្រឹមត្រូវ​) ។ ប​ច្ច​យ​លាភ (​បុ័​ច​-​ច​:​យ៉​:—) ការ​បាន​នូវ​បច្ច័យ ។ បុញ្ញលាភ (​ប៉ុ​ញ​-​ញ៉​:— ) ការ​បាន​ដោយសារ​បុណ្យ ។ បុត្ត​លាភ (​ប៉ុ​ត​-​ត​:—) ការ​បានកូន​។ មិត្តលាភ (​មិ​ត​-​ត​:—) ការ​បាន​មិត្ត ។ ល ។​

​សន្តុដ្ឋី​

(​សន់​-​តុត​-​ឋី​)

នាមសព្ទ​

( បា​.; សំ​. ស​ន្តុ​ឞ្តី ឬ សំ​តុ​ឞ្តី ) ដំណើរ​ត្រេកអរ​, ពេញចិត្ត​ចំពោះ​វត្ថុ​ឬអ្វីៗ​ដែលជា​របស់ខ្លួន គឺ​សេចក្ដីត្រេកអរ ឬ​ពេញចិត្ត​ចំពោះ​វត្ថុ តាម​មាន​តាម​បាន​, សេចក្ដី​សន្ដោស​
​សន្តុដ្ឋី​ជា​ធម៌​សំខាន់​មួយ​របស់​ពួក​បព្វជិត ។​
​សន្តុដ្ឋីធម៌ ធម៌​សន្ដោស ។ សន្តុដ្ឋីភាព ភាព​នៃ​សេចក្ដី​សន្ដោស ។ សន្តុដ្ឋីសុខ សុខ​ដែល​កើតមាន​ព្រោះ​សេចក្ដី​សន្ដោស ។ ល ។ ( ម​. ព​. សន្តោស ផង ) ។​

​អត់​

​កិរិយាសព្ទ​

​ទ្រាំ​, ធន់​, ធន់​ទ្រាំ​; ខំ​ទប់ : អត់កំហឹង​, ខំអត់​មិន​ស្ដី​ត​តប ។ អត់ងងុយ ទ្រាំ​ងងុយ ។ អត់ធន់ អត់ទ្រាំ​, ប៉ិន​ធន់​, ប៉ិន​ទ្រាំ ។ អត់ធ្មត់ ( ម​. ព​. ធ្មត់ ) ។ អត់សង្កត់ ខំ​ទប់ចិត្ត​មិន​ឲ្យ​កម្រើក ។ អត់អាស្រ័យ មិន​ប្រកាន់​ដោយ​ដាច់ខាត​; ប្រថុយ​យក​, ប្រថុយ​ប្រើ (​ក្លាយ​មកពី អត់អធ្យាស្រ័យ ) ។ អត់ឱន បន្ទន់ចិត្ត​អត់ទ្រាំ​; ខំទ្រាំ​អត់​មិន​ប្រកាន់ទោស ។ ព​. កា​. ថា : អត់ឱន​ឥត​ទោស ធ្វើ​ចិត្ត​សន្ដោស បង្កើតជា​ទ្រព្យ មេត្រី​ជា​ញាតិ រក្សា​ដល់​ស្លាប់ ចៀស​ក្ដី​ពុំ​គាប់ ជា​គន្ធពិដោរ ។ ( សាស្ត្រា​ច្បាប់ រាជនេតិ ជា​ព្រះ​និពន្ធ​នៃ​ព្រះរាជ​សម្ភារ ) ។ អត់​ឲ្យ ទ្រាំ​ឲ្យ​, បណ្ដោយ​ឲ្យ : អត់​ឲ្យ​គេ​ថា​សិន​ចុះ ! ។ ល ។ ( ព​. កា​. ) : អត់​ឲ្យ​បណ្ដោយ​ឲ្យ​ឡើងចាង តែ​ក្នុង​រវាង​កាល​ដ៏​ខ្លី អត់​ឲ្យ​យូរពេក​ច្រើន​អប្រីយ៍ ស្ដីថា​ហួសពេក​ច្រើន​បាន​ទោស ។ អត់​ឲ្យ​យ៉ាងច្រើន​ត្រឹម​បី​ដង កុំ​ឲ្យ​កន្លង​ព្រោះ​សន្ដោស ក្រែង​នឹង​ប្រែក្លាយជា​រឿង​ថ្លោស នាំ​ឲ្យ​រ​ឱស្ឋ​កែ​លែងកើត ។​

និបាតសព្ទ​

​ពាក្យ​បដិសេធ ប្រាប់​សេចក្ដី​ថា “​ឥត​, មិន​, គ្មាន​, មិនមាន​”; ប្រើ​ជា កិ​. ក៏បាន : អត់​ទេ គ្មានទេ​; អត់​អ្វី​ឲ្យ គ្មានអ្វី​ឲ្យ ។ អត់ឃ្លាន ឃ្លាន​ព្រោះ​គ្មានអ្វី​បរិភោគ ។ ស្រុក​អត់ឃ្លាន ស្រុក​អត់បាយ ។ អត់ឃ្លាន​មាន​បើ​ស៊ី គ្មានអ្វី​បរិភោគ​ក៏​ទ្រាំ​អត់ មាន​ក៏​បរិភោគ : អត់ឃ្លាន​មាន​បើ​ស៊ី សុខទុក្ខ​ជាមួយគ្នា ។ អត់បាយ គ្មាន​បាយ​; មិនបាន​បរិភោគ​បាយ ។ ស្រុក​អត់បាយ ស្រុក​កើត​ទុរ្ភិក្ស ។ អត់បើ និ​. ពុំសមបើ : អត់បើ​នាំ​ឲ្យ​រវល់ ។ អត់បើអត់ និ​. ម្នៅៗ : អត់បើអត់ ទៅ​ស្ដីថា​ឲ្យ​គេ ទាល់តែ​មានរឿង​ឈ្លោះប្រកែក ! ។ អត់បើ​អ្វី​ទេ មិនមាន​រឿងហេតុ​អ្វី​ទេ​, ឥត​ទាស់​អ្វី​ទេ ( ព​. សា​. អត់បើ​អី​ទេ ) ។ ល ។​

​អភិទ្រោះ​

(​អៈ​—)

​នាមសព្ទ​

( សំ​. អភិ​ទ្រោ​ហ​; ខ្មែរ​ប្រើ ហ > ះ ) ការ​កំហែង​, គំរាម​, សង្កត់សង្កិន​, ជំលាប​ដាក់ ( ខ្មែរ​ប្រើ​ជា កិ​. ឬ គុ​. ក៏បាន ) ។ ព​. កា​. ថា​
​ចូរ​កាន់​ចិត្ត​ស្មោះ កុំ​ប្រើ​អភិទ្រោះ ឆ្ពោះ​ជន​ឥត​ទោស បើ​ឲ្យ​ហ្មត់ចត់ ត្រូវមាន​សន្ដោស ពុទ្ធោវាទ​ប្រោស ប្រាប់ថា​បាន​សុខ ។​

​ឧក្រិដ្ឋ​

(​អុក​-​ក្រិត​)

​គុណសព្ទ​

( បា​. ឬ សំ​. ក្ល​.; សំ​. ឧ​ត្ក្ឫ​ឞ្ត​; បា​. ឧក្កដ្ឋ ) ធ្ងន់​, យ៉ាង​ធ្ងន់​; ធំ​, យ៉ាង​ធំ​; តឹង​, យ៉ាង​តឹង​, យ៉ាង​តឹងតែង​, យ៉ាង​ម៉ឺងម៉ាត់ ។​ល​។ ( ម​. ព​. ឧក្កដ្ឋ ឬ​ឧក្កដ្ឋៈ ) ។ ទោសឧក្រិដ្ឋ ឬ ឧក្រិដ្ឋទោស ទោស​ធ្ងន់ ។ បទឧក្រិដ្ឋ បទល្មើស​ឬ​ដំណើរ​ល្មើស​ដែល​ប៉ះ​ទៅលើ​ទោសឧក្រិដ្ឋ​
​អំពើ​នុះ​ចូលក្នុង​បទឧក្រិដ្ឋ ។​
​សាលាឧក្រិដ្ឋ សាលា​តុលាការ​ជំនុំជម្រះ​ទោសឧក្រិដ្ឋ ( ហៅ​សាល​ឧក្រិដ្ឋ ក៏បាន ) ។ ប្រើ​ជា កិ​. វិ​. ក៏បាន​
​ប្រព្រឹត្ត​ឧក្រិដ្ឋ ឬ កាន់​ឧក្រិដ្ឋ ប្រព្រឹត្ត​ឬ​កាន់​យ៉ាង​តឹង ។​ល​។​
( ព​. កា​. )
​រី​ពាក្យ​ឧក្រឹដ្ឋ ប្រើ​បាន​តាមចិត្ត ផ្សំ​នឹង​គុណ​ទោស ឆ្ពោះ​ភាព​ធ្ងន់​តឹង ប្រឹង​ឬ​សន្ដោស ដែល​ហួសកំណោស ហៅ​ឧក្រឹដ្ឋ​បាន ។​