​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​វង់​

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​ជា​រង្វង់​, ធ្វើ​ឲ្យ​មាន​មណ្ឌល​មូល​, គូសវាស​ឲ្យ​មូល​
​វង់ភ្នែកក្ងោក វង់​ឲ្យ​មាន​សណ្ឋាន​មូល​ប៉ុន​ភ្នែក​ក្ងោក ។ វង់វៀន វង់​បង្វៀន​, វង់​ឲ្យ​មាន​សណ្ឋាន​ក្រវៀន​, វង់​ឲ្យ​មាន​ហៀន ។ ឈរ​វង់ ឈរ​ព័ទ្ធ​ជា​មណ្ឌល​មូល​, ឈរ​ដំកង់ ។ ល ។​

​នាមសព្ទ​

​មណ្ឌល​មូល​, ទី​មាន​មណ្ឌល​មូល​, អ្វីៗ​ដែលមាន​មណ្ឌល​មូល​; ក្រុមមនុស្ស​ដែល​ប្រជុំគ្នា​ជា​មណ្ឌល​មូល​; ប្រជុំ​កិច្ចការ​; ក្រុម​ភ្លេង​, ក្រុម​ល្បែង ជាដើម​
​វង់ការ ប្រជុំ​មុខការ​, ដំណើរការ ។ វង់ខែ មណ្ឌលព្រះចន្ទ្រ ។ វង់ចិញ្ចៀន មណ្ឌល​ចិញ្ចៀន ។ វង់មុខ ទម្រង់​មុខ ។ ចិញ្ចៀន​មួយ​វង់ ចិញ្ចៀន​មួយ ។ បរ​វង់ បរ​សត្វពាហនៈ​មាន​សេះ​ជាដើម​ប្រណាំង​គ្នា​ក្នុង​វាលវង់ ។ បាញ់​វង់ បាញ់​ច​ន្លោ​ង គឺ​បាញ់​តម្រង់​ឲ្យ​ព្រួញ​ឬ​គ្រាប់​ចូលក្នុង​ប្រហោង​មណ្ឌល​មូល​ដែល​កំណត់ ។ ភ្លេង​មួយ​វង់ ភ្លេង​មួយ​ពួក​ឬមួយ​ក្រុម ។ ល្បែង​មួយ​វង់ ល្បែង​មួយក្រុម ។ វាលវង់ វាល​ធំ​មាន​មណ្ឌល​មូល សម្រាប់​បរ​ប្រណាំង​សត្វពាហនៈ​មាន​សេះ​ជាដើម ។ ល ។​

​នាមសព្ទ​

​ឈ្មោះ​ល្បែងស៊ីសង​មួយ​ប្រភេទ​មាន​គូសដី​ជា​វង់​មូល​, ជង់​លុយ​បន្តុប​លើ​គ្នា​ដាក់​ត្រង់​ទី​កណ្ដាល​វង់​, បើ​ចោល​ដោយ​មេ​សំណ​មូល​ផ្ដួល​លុយ​នោះ​ឲ្យ​ខ្ទាត​ខ្លះ​ចេញ​ក្រៅ​វង់ ទុក​ថា​ជា​ឈ្នះ​
​ពួកក្មេង​លេង​វង់ ( មានតែ​ក្នុង​ពី​ដើម​, ក្នុងសម័យ​បច្ចុប្បន្ន មិនមាន​ទេ . . . ) ។​

​អប​

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​មាន​រណប​, ដាក់​រណប​ទប់​ឲ្យ​មាំ ឲ្យ​រឹងប៉ឹង​ឬ​ឲ្យ​ត្រង់ : យក​បន្ទះ​ឫស្សី​អប​ប្រែក​រទេះ​ចាស់​; គ្រូពេទ្យ​យក​ព្រួល​អប​ដៃ​មនុស្ស​ម្នាក់ ដែល​បាក់​ព្រោះ​រទេះ​ឬអ្វី​កិន ។ ព​. ប្រ​. អបចិត្ត សម្រួល​ចិត្ត​ឲ្យ​អនុលោម​តាម​, យកចិត្ត​; បណ្ដោយ​តាមចិត្ត​មិន​ទទឹង​ទាស់ : កុំ​ទទឹង​, ត្រូវ​អបចិត្ត​គាត់​ឲ្យ​តែ​បាន​ស្រួល​សិន​ទៅ ! ។ អបស្ទប ប៉ះប៉ុន​ឲ្យ​ខាងតែបាន​ស្រួល​, សម្រួល​ឲ្យ​ខាងតែបាន​កើតការ ។ អបអម ដើរ​អម​; ចាក់បណ្ដោយ​តាម ។ អបអរ ឬ អបអរសាទរ ទទួល​រាប់អាន​ដោយមាន​អំណរ​ឬ​ទទួល​រាប់អាន​រាក់ទាក់​ដោយ​សេចក្ដី​រីករាយ​ស្រស់ស្រាយ ព្រមទាំង​មាន​សេចក្ដី​គោរព​ផង ។ ល ។​

​និបាតសព្ទ​

( សំ​. បា​. ) និបាតសព្ទ​ឬ​ឧបសគ្គសព្ទ​ជា​បុព្វបទ​សម្រាប់​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ មាន​សេចក្ដី​ថា “​ប្រាសចាក​, ឃ្លាត​ចាក​, ឃ្វាង​ចាក​; ឆ្ងាយ​, ទៅ​ឆ្ងាយ​; ត្រឡប់​, ត្រឡប់​ជា​, បែរជា​; ផុត​, រួចផុត​; មិន​, ឥត​”, ដូចជា អបករណ៍ ដំណើរ​ប្រាសចាក​អំពើ គឺ​ការធ្វើ​មិនល្អ​; ការ​ឥត​តម្លៃ​; អំពើ​ពុំប្រសើរ​; ការធ្វើ​ខុស​, កំហុស ។ អបការ ឬ អបក្រិយា ទោស​; កំហុស​; អបករណ៍ ។ អបក្រម ( —​ក្រំ ) ដំណើរ​ថយ​ចេញ​; ការរត់​គេចចេញ​, ដំណើរ​វេះ​ចេញ​ឬ​គេចវេះ​; ការលាឈប់ ។ អបគត ( —​គត់ ) ដែល​ទៅ​ឆ្ងាយ​ហើយ​; ដែល​ទៅ​បាត់​ហើយ​; ដែល​កន្លង​ទៅហើយ​; ដែល​ព្រាត់ប្រាស​គ្នា​ហើយ​; ដែល​ស្លាប់​ហើយ​; អ្នក​ដែល​— ( បើ​ស្ត្រី​ជា អបគតា អ​. ថ​. —​គៈ​— ) ។ អបគមន៍ (— គំ ) សេចក្ដី​ព្រាត់ប្រាស​គ្នា​; ការ​បែកចេញ​ពីគ្នា ។ អបច័យ ការមិន​សន្សំទុក​, មិន​សំច័យ​ទុក​; សេចក្ដី​គោរព ។ អបច្ឆាយ ដែល​មិនមាន​ស្រមោល​; ដែល​ឥត​ម្លប់ ( ឥត្ថី​. ឬ ពហុ​. ជា អបច្ឆាយា ) ។ អបច្ឆាយព្រឹក្ស ( —​យ៉ៈ​— ) ដើមឈើ​ឥត​ម្លប់ ។ អបទាន ដែល​ធ្វើ​រួចស្រេច​ហើយ​; ការដែល​សម្រេច​ហើយ ។ អបទិស កន្លះ​ទិស​, ទី​ឬ​ប៉ែក​ជា​ចន្លោះ​នៃ​ទិស ( ដូច​យ៉ាង​ប៉ែក​ក្នុង​រវាង​នៃ​ទិសបូព៌​និង​ទិសអាគ្នេយ៍​ជាដើម ); ការធ្វើ​ឲ្យ​ឃ្លាត​ចេញ​; ការបណ្ដេញចេញ ។ អបទេវតា បិសាច ។ អបទេស គ្រឿង​អាង​, សំអាង​; ហេតុ​; ការបញ្ចៀស​ឬ​បញ្ចេរ​ឲ្យ​ចៀសវាង​ចេញ​ឆ្ងាយ ឬក៏​ឲ្យ​ឃ្លាត​ចេញទៅ​, ការ​បង្វែង​ឬ​ពង្វាង​មិន​ឲ្យ​ត្រូវ​ត្រង់ ។ ខ្មែរ​ប្រើ​ជា កិ​. ក៏មាន ( អ​. ថ​. អៈ​ប្ទេ​ស ឬ អប់​-​ប្ទេ​ស ) “​បញ្ចៀស​, បញ្ចេរ​ឲ្យ​ឃ្លាត​ចេញទៅ​; បង្វែង​; ពង្វាង​” : អបទេស​អុត​មិន​ឲ្យ​ឆ្លង ។ អបទ្រព្យ ( —​ទ្រាប់ ) ដែល​វិនាស​ទ្រព្យ​ឬ​ដែល​ឥត​ទ្រព្យ​; ទ្រព្យ​មិនល្អ​; របស់​ក្លែង ( ដូច​យ៉ាង​ប្រាក់​ក្លែង​ជាដើម ) ។ អបធន ( —​ធន់ ) អបទ្រព្យ​; អ្នក​ទ័លក្រ​, អ្នក​កម្សត់​, ទុគ៌ត ។ អបភាគ ឬ —​ភាគ្យ ដែល​ឥត​ជោគ​, ឥត​បុណ្យ​, ឥត​សិរី : មនុស្ស​អបភាគ ។ គ្រោះកាច : ប្រទះ​លើ​អបភាគ្យ ( ម​. ព​. ភាគ ឬ ភាគ្យ ផង ) ។ អបភាស តិះដៀល​; ពាក្យ​តិះដៀល ។ អបភោគ ដែល​ឥត​ភោគ​, ដែល​ខ្សត់​ទ្រព្យ ។ អបមង្គល ( —​មង់​-​គល់ ) ដែល​ប្រាសចាក​ឬ​ឃ្វាង​ចាក​មង្គល គឺ​ដែល​ឥត​មង្គល​, ឥត​សេចក្ដីចម្រើន​; ដែល​មិន​សមដល់​ភ្នែក​អ្នកផង​; ដែល​ត្រូវ​ចង្រៃ​រួបរឹត : មនុស្ស​អបមង្គល ។ សេចក្ដី​មិន​ចម្រើន​; ហេតុដែល​នាំ​ឲ្យ​វិនាស : ប្រទះ​លើ​អបមង្គល ។ វេ​វ​. អពមង្គល ( ពាក្យ​ទាំងពីរ​នេះ​ប្រើ​ជួស​គ្នា​បាន ។ ព​. ផ្ទ​. មង្គល ។ ម​. ព​. អពមង្គល ទៀតផង ) ។ អបមាន ដែល​ឥត​គេ​រាប់​, អបយស​; មនុស្ស​ឥត​គេ​រាប់ ។ អបយស ( —​យស់ ឬ ត​. ទ​. —​យ័ស ) ដែល​ប្រាសចាក​យស គឺ​ដែល​ខូច​ឈ្មោះ​, ដែល​ឥត​គេ​រាប់​, ដែល​អាប់មុខ : មនុស្ស​អបយស ( សរសេរ​ជា អបយ័ស ក៏មាន : មនុស្ស​អបយ័ស​; សម្ដី​អបយ័ស សំដៅ​សេចក្ដី​ថា “​មនុស្ស​ឫក​ទាប​, ឫកថោក​; សម្ដី​ដែល​គួរ​ឲ្យ​គេ​នឹក​អៀនខ្មាស​ជួស​” ) ។ អបលក្ខណ៍ ឬ —​លក្សណ៍ ( អៈ​ប៉ៈ​ល៉័​ក ឬ អប់​-​ប៉ៈ​ល៉័​ក ) ដែល​ប្រាសចាក​លក្ខណៈ​ល្អ គឺ​ដែល​ឥត​លក្ខណ៍​, ហិនលក្ខណ៍​, ខាតលក្ខណ៍​; ឥត​បុណ្យ​, សំណាងអាក្រក់​; ឥត​តម្លៃ​; ថោកទាប : មនុស្ស​អបលក្ខណ៍​; របស់​អបលក្ខណ៍ ( ដើម្បី​ឲ្យ​ងាយ​អាន​, សរសេរ​ជា អបល័ក្ខណ៍ ឬ —​ល័ក្សណ៍ ក៏បាន ) ។ អបសក្ដិ ឬ —​ស័ក្ដិ ដែល​ឥត​ស័ក្ដិ (​ឥត​អំណាច​) ។ ម​. ព​. អប្បសក្តិ ក្នុង​ពាក្យ អប្ប ផង ។ ល ។​

​ពង្វក់​

(​ពង់វក់​)

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​វក់​, នាំ​ឲ្យ​វក់​, ធ្វើ​ឲ្យ​វិលវល់​ចិត្តគំនិត​
​កុំ​បណ្តោយ​ឲ្យ​បាបមិត្ត ពង្វក់​ឲ្យ​ខូច​ខួរក្បាល ។​
​ពង្វក់ពង្វី កិ​. នាំ​ឲ្យ​វក់វី ( ម​. ព​. ពង្វីពង្វក់ ទៀតផង ) ។​

​ពង្វាង​

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​វាង​
​ពង្វាងផ្លូវ ។​

​ពង្វាត​

​កិរិយាសព្ទ​

​វាត​ឲ្យ​រីក​ចេញ​, ធ្វើ​ឲ្យ​រីក​ទូលាយ​សាយ​ចេញ​លើសពី​ទំហំ​ធម្មតា​
​ពង្វាត​មាត្រ​ទូក​, ពង្វាត​របង​, ពង្វាត​ដីចម្ការ ។​