ដោយៈប.ខុន/ភ្នំពេញៈទំនប់បង្ហៀរ១មករានៃអាងស្ទឹងជីនិតដែលបាក់ដាច់អស់៥០ម៉ែត្រដោយទឹកហូរច្រោះគ្មានអ្នកណាដឹងកាលពីថ្ងៃទី១២ខែវិច្ឆិកានោះមកដល់ថ្ងៃទី១៤ខែវិច្ឆិកាបានតភ្ជាប់វិញ ហើយដើម្បី រក្សាទឹកទុកសម្រាប់ការងារបង្កបង្កើនផលស្រូវរដូវប្រាំងខាងមុខ បន្ទាប់ពីលោករដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានចុះដឹកនាំបញ្ជាផ្ទាល់រួចមក។

លោក ជា សុខនី នាយករងខុទ្ទកាល័យក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២២ថាទំនប់បង្ហៀរ១មករានៃអាង ស្ទឹងជីនិត ដែលបានបាក់ដាច់ដោយសារទឹកហូរច្រោះកាលពីថ្ងៃទី១២ខែវិច្ឆិកាហើយត្រូវបានចាត់វិធានការចាប់ផ្តើមទប់វិញនៅពេលព្រឹកថ្ងៃដដែលនោះមកដល់ថ្ងៃទី១៤ខែវិច្ឆិកានេះ អាចនឹងបិទភ្ជាប់ទប់ទឹកទុកបានវិញហើយ។

នាយករងខុទ្ធកាល័យក្រសួងខាងលើបាននិយាយឱ្យដឹងទៀតថាក្រោយពេលបិទភ្ជាប់រួចវិញនៅល្ងាចថ្ងៃនេះ អាងទឹកស្ទឹងជីនិតឬទំនប់បង្ហៀរ១មករានេះអាចនឹង មានទឹកពេញវិញ ដោយសារអាងនេះមានប្រភពទឹកស្ទឹងរស់ ដែលពេលនេះនៅមានទឹកហូរចុះមកច្រើននៅឡើយ។

កាលពីថ្ងៃទី១២ខែវិច្ឆិកា លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានចុះពិនិត្យនិងដឹកនាំបញ្ជាផ្ទាល់ឲ្យក្រុមការងារជួសជុលទំនប់អាងទឹកខាងលើឱ្យប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ច្រើនគ្រឿងធ្វើការជួសជុលទំនប់ឱ្យរួចក្នុងរយៈពេលខ្លីដើម្បីរក្សាទឹកទុកក្នុងអាងស្ទឹងជីនិតឲ្យបានបរិមាណ៤០លានម៉ែត្រគូបដូចដើមវិញ ។

គួររំលឹកឱ្យដឹងថាសំណង់ខាងលើ នេះ ជាប្រភេទ សំណង់ចាស់តាំង ពី ជំនាន់ ប៉ុលពត ហើយ ត្រូវ បានជួសជុល និង កែលម្អសម្រាប់ ប្រើ ប្រាស់ ឡើង វិញ នៅឆ្នាំ២០០៤មានប្រវែង ៧៥០ម៉ែត្រ និងត្រូវបានដឹកនាំធ្វើការជួសជុលម្តងទៀតកាលពីរដូវប្រាំងឆ្នាំ ២០២០ ដោយ លោក ចាន់ ស៊ីណាត កាលនោះនៅជាអនុរដ្ឋលេខាធិការធ្វើលើផ្នែកតួទំនប់បង្ហៀរមួយកំណាត់ដើម្បីឱ្យបានប្រើប្រាស់បណ្តោះអាសន្នជាបណ្តើរៗដោយ រងចាំការ ធ្វើ ទំនើបកម្ម លើ ប្រព័ន្ធ ធារាសាស្ត្រ ស្ទឹង ជីនិត ដែល កំពុង ស្ថិត នៅ ក្នុង តំណាក់កាល ដេញ ថ្លៃ និង ឈាន ទៅ អនុវត្ត ក្នុង ពេល ឆាប់ៗ ខាង មុខ នេះ ក្រោម ហិរញ្ញ ប្បទាន ពី IAIP-ADB ។

ទំនប់បង្ហៀរខាងលើត្រូវទឹកហូរច្រោះបាក់ដាច់អស់ប្រវែង៥០ម៉ែត្រ ចម្រៅ៤ម៉ែត្រ នៅក្នុងភូមិសាស្ត្រឃុំបាល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្នុងពេលលែងមានទឹកជំនន់ ។ ការហូរ ច្រោះ បាក់ដាច់ទំនប់នេះ ពុំរងផលប៉ះពាល់ដល់ផ្ទះសម្បែង អាយុជីវិតប្រជាពលរដ្ឋនិងសត្វពាហនៈទេ ។ ការបាក់ដាច់ទំនប់បង្ហៀរខាងលើនេះត្រូវបានគេគិតថាមកពីមានការធ្វេសប្រហែសរបស់មន្ទីរធនធានទឹក ខេត្តកំពង់ធំ ដែលមិនបានយកចិត្តទុកដាក់ក្នុងត្រួតពិនិត្យមើលទំនប់ ធ្វើឱ្យលោករដ្ឋមន្ត្រីសម្តែងនូវការមិនសប្បាយចិត្ត តែមិនទាន់បានមានវិធានការអ្វីចំពោះមន្ត្រីដែលធ្វេសប្រហែសនឹងការងារនេះនៅឡើយទេ៕