ដោយ៖តារារិទ្ធ(ភ្នំពេញ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូល G20ក្រោមមូលបទ «ស្តារឡើងវិញទាំងអស់គ្នាស្តារឡើងវិញ កាន់តែរឹងមាំ »ចាប់ពីថ្ងៃទី១៥-១៦ខែវិច្ឆិកានៅកោះបាលី ប្រទេស ឥណ្ឌូនេស៊ី តបតាមការអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នារសៀលថ្ងៃទី ១៤ ខែ វិច្ឆិកា នេះ ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅក្នុងហ្វេសបុកថា៖«នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូល G20 ក្រោមមូលបទ«ស្តារឡើង វិញទាំងអស់គ្នា ស្តារឡើងវិញ កាន់តែរឹងមាំ »ចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម ចូកូ វីដូដូប្រធានាធិបតីនៃសាធារណ រដ្ឋឥណ្ឌូនេស៊ី ។

តាមការគ្រោងទុកនៅក្នុងកិច្ចប្រជុំG20 ខ្ញុំនឹងថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំទី១ ស្តីពីសន្តិសុខស្បៀង និងថាមពល និងសម័យប្រជុំទី២ ស្តីពីបញ្ហាសុខភាពដែលនឹងសង្កត់ធ្ងន់ លើសារសំខាន់នៃពហុភាគី និយម និងកិច្ចសហការគ្នាឆ្ពោះទៅរកគោលដៅនៃការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺរាតត្បាត Covid-19។ក្នុងកំឡុងពេលស្នាក់នៅឥណ្ឌូ នេស៊ីខ្ញុំនឹងជួបជាមួយបណ្ដារមេដឹកនាំមួយចំនួននៅទីនោះផងដែរ។

សូមអរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ដែលបានយកចិត្តទុកដាក់ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងរៀបចំបានយ៉ាងល្អនៅក្នុងកិច្ចប្រជុំ កំពូលអាស៊ានលើកទី ៤០និង៤១ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកន្លងទៅនេះទទួលបានជោគជ័យជាប្រវត្តិសាស្ត្រសម្រាប់កូនចៅយើងតជំនាន់៕»