​ដោយៈ គង់​ហេង​/ កំពង់ចាម​៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់ អេ​ឌី​ប៊ី (ADB) នឹង​ចាប់ផ្តើម អនុវត្ត​គម្រោង​ស្ថាបនា​ប្រព័ន្ធ​រំដោះ​ទឹក​កខ្វក់ និង​ទឹកភ្លៀង ច្រករបៀង​បួន នៅក្នុង​ក្រុង​កំពង់ចាម ដែល​នៅជាប់​គាំង រយៈពេល​ច្រើន​ឆ្នាំ​មក​នោះ នៅ​ដើមឆ្នាំ​២០២៣ ឆាប់ៗ ខាងមុខនេះ​។​

​នេះ​បើតាម​ការ​ឱ្យដឹងពី​មន្ត្រី​បច្ចេកទេស អនុវត្ត​គម្រោង​របស់​ធនាគារ​មួយ​នេះ ដែល​បាន ជម្រាប​ប្រាប់​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ក្នុង​ឱកាសលោក និង​សហការី ដឹកនាំ​មន្ត្រីរាជការ ចុះ​ពិនិត្យ​ផ្លូវ​ក្រាល​កៅស៊ូ ចូលទៅ​កាន់​សួន​គ្រញូង ក្នុង​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​១៤ វិច្ឆិកា នេះ​។​

​អមដំណើរ​លោក អ៊ុន ចាន់​ដា និង​ភាគី​ម្ចាស់​គម្រោង ADB ចុះ​ពិនិត្យ​ផ្លូវ​នោះ លោក លឹម សុខ​ហៀ​ង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន ខេត្តកំពង់ចាម បានឱ្យដឹងថាៈ លោក​អភិបាលខេត្ត​កំពង់ចាម បានស្នើ​ដល់​ម្ចាស់​គម្រោង​រំដោះ​ទឹក​កខ្វក់ និង​ទឹកភ្លៀង នៅក្នុង​ក្រុង​កំពង់ចាម ជួយ​ពង្រីក​ទំហំ​ទទឹង​ប្រឡាយ រំដោះ​ទឹកភ្លៀង ឱ្យបាន​ធំ​ជាង ក្នុង​ផែនការ មួយ​ម៉ែត្រ គឺ​នឹង​ចាប់ផ្តើម​អនុវត្ត នៅក្នុង​រង្វង់​ខែមករា ឆ្នាំ​២០២៣ ខាងមុខ​។​

​លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន បាន​បន្តថាៈ បើ​សាងសង់​តាម​គម្រោង ផែនការ​ទទឹង​ប្រឡាយ មួយ​ម៉ែត្រ​នោះ គឺ​មិនអាច​ធានាបាន​បរិមាណ​ទឹកភ្លៀង ដោយ​នៅតែ ជន់​លិច នៅ​តំបន់​ទំនាប ប៉ះ​ដល់​ប្រព័ន្ធ​ផ្លូវ​គមនាគមន៍ ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​ជន់​លិច​លំនៅឋាន រយៈពេល​ច្រើន​ម៉ោង​ដដែល នេះ​ជា​បទពិសោធន៍​ច្រើន​ឆ្នាំ នា​រដូវវស្សា​។​

​លោក ហាន លី​ណា អភិបាលរងក្រុង​កំពង់ចាម បានឱ្យដឹង​ដែរ​ថាៈ នេះ​ជា​គម្រោង​ច្រករបៀង បួន អភិវឌ្ឍន៍​ទីក្រុង មាន​ចំនួន ពីរ ប្រទេស ក្នុង​តំបន់​ទន្លេមេគង្គ គឺ​ប្រទេស​ឡាវ (​ក្រុង​ប៉ាក់​សេ ) និង​ប្រទេស​កម្ពុជា ( ក្រុង​ក្រចេះ ក្រុង​ស្ទឹងត្រែង និង​ក្រុង​កំពង់ចាម ) របស់​ធនាគារ​អភិវឌ្ឍន៍ អាស៊ី (ADB) សិក្សា​រយៈពេល ប្រាំ ឆ្នាំ​។​

​លោក​អភិបាលរងក្រុង​កំពង់ចាម បាន​បន្តថាៈ ឥឡូវ ការសិក្សា​ហាក់​បាន​ចប់​ហើយ ដែល​នឹង​អាច​ចាប់ផ្តើម​ដំណើរការ ស្ថាបនា​សាងសង់ នៅ​ដើម​ឆ្នាំក្រោយ​។ ក្នុងនោះ មាន​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង ជា​ប្រភេទ​លូ​ជ្រុង ក្នុង​សង្កាត់​វាលវង់ ដែល​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត ស្នើឱ្យ​ម្ចាស់​គម្រោង ពង្រីក​ទំហំ​ទទឹង ឱ្យបាន ពីរ ម៉ែត្រ​, ប្រព័ន្ធ​លូ​មូល​រំដោះ ទឹក​កខ្វក់ សង្កាត់​វាលវង់ និង​សង្កាត់​កំពង់ចាម​ទាំងមូល សង្កាត់​សំបួរមាស ចំនួន ៣៥ ភាគរយ និង​សង្កាត់​បឹង​កុក ចំនួន ៣០ ភាគរយ​, អាង​ប្រព្រឹត្តិកម្ម​មួយកន្លែង ខាងក្រោយ​សាលា​ពេទ្យ ភូមិ​តា​ណេង និង​ស្ថានីយ​បូមទឹក មួយកន្លែង នៅក្បែរ​ទំនប់​ព្រែក​ដើម​ចាន់ សង្កាត់​សំបួរមាស​៕/V​.mara