ដោយៈ​ ប​.​ខុន​/​ភ្នំពេញៈ​ ព្យុះ​ទី​២៤​ឈ្មោះ​យ៉ាម៉ា​និ​កូ (Yamaniko) ដែល​បាន​នឹង​កំពុងមាន​សកម្មភាព​នៅ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​គ្មាន​ឥទ្ធិពល​អ្វី​ដល់​សមុទ្រ​ចិន​ខាងត្បូង​ទេ​ដោយ​គ្រាន់តែ​ធ្វើឱ្យ​របប​ខ្យល់មូសុង​ឦសាន​ថយឥទ្ធិពល​ទៅវិញ​មួយរយៈ ឯ​ភ្លៀង​ធ្លាក់​ដូចជា​ក្នុង​រដូវវស្សា​នៅក្នុង​ប្រទេស​កម្ពុជា​ដោយសារ​ឥទ្ធិពល​ខ្យល់​ក្តៅ​រុញ​ជា​បន្ត​បន្ទាប់ពី​ភាគ​អ​គ្នេ​យ៍​ប៉ះ​ជាមួយ និង​ខ្យល់​ត្រជាក់​នៅលើ​ប្រទេស​កម្ពុជា​ក្រោយពី​ខ្យល់មូសុង​ឦសាន​ចុះខ្សោយ​នោះ​នៅតែ​បន្ត​ធ្លាក់​រាយប៉ាយ​ក្នុង​ក្របខណ្ឌ​ស្ទើរ​ទូទាំងប្រទេស​រហូត​ដល់​ថ្ងៃទី​១៨​ខែវិច្ឆិកា​។​

​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០២២​ថា ព្យុះ​ទី​២៤​ឈ្មោះ​យ៉ាម៉ា​និ​កូ (Yamaniko) ដែល​បានកើត​មាននៅ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ដោយមាន​ដំណើរ​ទៅរក​ភាគ​ឦសាន​នោះ គ្មាន​ឥទ្ធិពល​អ្វី​ដល់​សមុទ្រ​ចិន ខាងត្បូង​ទេ តែ​វា​បាន​រុញ​ខ្យល់មូសុង​ឦសាន​ឱ្យ​ថយចុះ​ឥទ្ធិពល​បន្តិច​ទៅវិញ​មួយរយៈ នាំឱ្យ​ភ្លៀង​ធ្លាក់​នៅក្នុង​ប្រទេស​កម្ពុជា​កើតមាន​បន្ត​ច្រើន​ថ្ងៃ​ទៀត​។​

អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បាន​បញ្ជាក់ថា​ភ្លៀង​ធ្លាក់​ដោយសារ​ឥទ្ធិពល​ខ្យល់​ក្តៅ​រុញ​ជា​បន្តបន្ទាប់​មកពី​ភាគ​អ​គ្នេ​យ៍​ប៉ះ​ជាមួយនិង​ខ្យល់​ត្រជាក់​នៅលើ​ប្រទេស​កម្ពុជា​ក្រោយពី​ខ្យល់មូសុង​ឦសាន​ចុះខ្សោយ​នេះ នៅ​បន្ត​មាន​ធ្លាក់​រាយប៉ាយ​ក្នុង​ក្របខណ្ឌ​ស្ទើរ​ទូទាំងប្រទេស​រហូត​ដល់​ថ្ងៃទី​១៨​ខែវិច្ឆិកា​។​នៅពេល​បន្ទាប់ពីនោះ​អាច​នឹងមាន បា តុ​ភូត​ថ្មី​ក្នុង​កម្រិត​ជា​សម្ពាធ​ទាប​សកម្ម​ឬ​ជា​វិ​សម្ពាធ​កើតមាន​នៅក្នុង​សមុទ្រ​ខាងត្បូង​ដើរទៅ​រក​ឆ្នេរ​ដា​ណា​ង​នៃ​ប្រទេស​វៀតណាម​នាំឱ្យមាន​ភ្លៀង​ធ្លាក់​ដូចជា​ភ្លៀង​នៅក្នុង​រដូវវស្សា​ថែម​ច្រើន​មកទៀត​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០២២ បាន​ជូនដំណឹង​ស្តីពី​ការ​ព្យាករ​ស្ថានភាព​ធាតុអាកាស សម្រាប់​ពីថ្ងៃ​ទី​៩​ដល់​១៥​ខែវិច្ឆិកា​ថា​​នៅ ថ្ងៃទី​៩ និង​ថ្ងៃទី​១០ ខែវិច្ឆិកា ព្រះរាជាណាចក្រ​កម្ពុជា​ទ​ទួល​ឥទ្ធិពល​ខ្លាំង​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​និង​ខ្យល់​បក់​មកពី​ទិសឦសាន​ក្នុង​ល្បឿន​បង្គួរ ។ ពីថ្ងៃ​ទី​១១ ដល់​១៥​ខែវិច្ឆិកា​ទទួល​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​និង​ខ្យល់​បក់​មកពី​ទិសឦសាន​ខ្សោយ​និង​ជ្រលង​សម្ពាធ​ទាប​រុញ​ពី​សមុទ្រ​ចិន​ខាងត្បូង បង្កើតបាន​នូវ​បាតុភូត​ម៉ាស​ខ្យល់​ក្តៅ​និង​ម៉ាស់​ខ្យល់​ត្រជាក់ (Convections) លើ​ប្រទេស​កម្ពុជា ។​

​ស្ថានភាព​បែប​ខា​លើ​ធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២​ទៅ​២៤​អង្សា​សេ សី​តុ​ណ្ណ​ភាព​អតិបរមា​មាន​ពី​៣១​ទៅ​៣៣​អង្សា​សេ​។​នៅ​ថ្ងៃទី​៩ និង​ថ្ងៃទី​១០ ខែវិច្ឆិកា អាចមាន​ភ្លៀង​ធ្លាក់​ពី​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ ។​
​នៅ​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២១​ទៅ​២៣​អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​៣០ ទៅ​៣២​អង្សា​សេ​។​នៅ​ថ្ងៃទី​៩ និង​ថ្ងៃទី​១០ ខែវិច្ឆិកា អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ ។​
​សម្រាប់​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២​ទៅ​២៤​អង្សា​សេ សី​តុ​ណ្ណ​ភាព​អតិបរមា ពី​៣០​ទៅ​៣២​អង្សា​សេ អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ ៕​