​ដោយៈ ទេព មង្គល / ភ្នំពេញៈ នៅក្នុង​ទិវា​ជំងឺ​ទឹកនោមផ្អែម​ពិភពលោក ១៤ វិច្ឆិកា លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា អ្នកនាំពាក្យ ក្រសួងសុខាភិបាល និង​ជា ប្រធាន​គណៈកម្មការ ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស (​គ​.​វ​.​ក​-១៩) នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ចូលរួម​កាត់បន្ថយ​ហានិភ័យ ដែល​បង្កឱ្យមាន ជំងឺ​ទឹកនោមផ្អែម ។​

​នៅក្នុង​សេចក្ដីថ្លែងការណ៍ ដោយ​លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម ផ្ទាល់​របស់លោក​ស្រី បានលើកឡើង​ឱ្យដឹងថាៈ ទិវា​ជំងឺ​ទឹកនោមផ្អែម​ពិភពលោក (World Diabetis Day) ត្រូវបាន​បង្កើតឡើង ក្នុង​ឆ្នាំ​១៩៩១ ដោយ​សហព័ន្ធ​ជំងឺ​ទឹកនោមផ្អែម អន្តរជាតិ ដោយមាន​ការគាំទ្រ ពី​អង្គការ​សុខភាព​ពិភពលោក (WHO) ក្នុងការ​ឆ្លើយតប ទៅនឹង​ការព្រួយបារម្ភ កាន់តែខ្លាំង​ឡើង អំពី​សុខភាព និង​ការគំរាមកំហែង​សេដ្ឋកិច្ច ដែល​បង្កឡើង ដោយ​ជំងឺ​ទឹកនោមផ្អែម ហើយ​ទិវា​នេះ បាន​ក្លាយជា​ថ្ងៃ​ផ្លូវការ របស់​អង្គការសហប្រជាជាតិ ក្នុង​ឆ្នាំ​២០០៦​។ ជា​រៀងរាល់ឆ្នាំ ទិវា​ដ៏​មាន​សារៈសំខាន់​នេះ ត្រូវបាន​ប្រារព្ធ​ឡើង ដើម្បី​បាញ់​ឆ្ពោះទៅរក​អត្រា ប្រេ​វ៉ាឡង់​នៃ ជំងឺ​ទឹកនោមផ្អែម និង​ផលប៉ះពាល់​របស់​វា ព្រមទាំង​អប់រំ​មនុស្ស ឱ្យ​បង្កើន​ការយកចិត្តទុកដាក់ លើ​ការការពារ និង​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​។​

​លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បានបញ្ជាក់​ថាៈ ប្រធានបទ​ទិវា​ជំងឺ​ទឹកនោមផ្អែម ពិភពលោក ឆ្នាំ​២០២២ គឺ “​ការអប់រំ​ដើម្បី​ការពារ​ថ្ងៃស្អែក​” ក្រោម​ប្រធានបទ​រួមគ្នា នៃ​យុទ្ធនាការ​ទិវា​ជំងឺ​ទឹកនោមផ្អែម​ពិភពលោក ២០២១-២៣ ” ការទទួលបាន ការថែទាំ​ជំងឺ​ទឹកនោមផ្អែម ” ។ ប្រធានបទ​នេះ ឆ្លុះបញ្ចាំង​ពី​ការអប់រំ​ខ្លាំង លើ​ជំងឺ​ទឹកនោមផ្អែម ដោយ​ជំរុញឱ្យមាន ការកែប្រែ​ឥរិយាបទ និង​ទម្លាប់​នៃ​ការរស់នៅ ជាពិសេស​ការបរិភោគ អាហារ ប្រកបដោយ​ផាសុកភាព ព្រមទាំង​បង្កើន​ការយកចិត្តទុកដាក់ លើ​ការថែទាំ​សុខភាព ការពារ​ជំងឺ​ទឹកនោមផ្អែម​។​

​លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​អំពាវនាវ​ថាៈ ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ទាំងអស់ យកចិត្តទុកដាក់ លើ​សុខភាព​ផ្ទាល់ខ្លួន និង​ចូលរួម​កាត់បន្ថយ​ហានិភ័យ ដែល​បង្ក​ឱ្យ មាន​ជំងឺ​ទឹកនោមផ្អែម ដោយ​ផ្អែកលើ​ចំណុច សំខាន់ៗ និង​ងាយៗ សម្រាប់​ការអនុវត្តន៍ ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ដែល​យើងទាំងអស់គ្នា ត្រូវប្រកាន់យក មានដូចជា កុំ​ពិសា​ប្រៃ​ពេក កុំ​ពិសា​ផ្អែម​ពេក កុំ​ពិសា​ខ្លាញ់​ពេក និង​ធ្វើ លំ​ហាត់ប្រាណ ជាប្រចាំ គឺជា​មធ្យោបាយ​ដ៏​ល្អ សម្រាប់​ការចូលរួម ការពារ​ជំងឺ​ទឹកនោមផ្អែម ជំងឺ​លើស​សម្ពាធ​ឈាម និង​ជំងឺមិនឆ្លង​ផ្សេងៗ ទៀត ជាដើម​។

​លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បានបញ្ជាក់​ថាៈ ការត្រួតពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម ជា​ជំនួយ ក្នុងការ​រុករក បាន​ទាន់ពេល នូវ​ហានិភ័យ នៃ​ការកើតឡើង ជំងឺ​ទឹកនោមផ្អែម ដែល​អាច ឈានទៅរក​ការព្យាបាល បាន​ទាន់ពេល ផងដែរ​។ លើសពីនេះ សូម​កែលម្អ​ការទទួល​ទាន កាបូ​អ៊ី​ដ្រា​ត ហាត់រៀន​ញាំ អាហារ​មួយ ចំណែក​តូច (​កុំឱ្យ​ឆ្អែត​ពេក​) ក្នុងពេល​តែមួយ បរិភោគ​អាហារ ដែលមាន​ជាតិ​ស​សៃ ឬ​ហ្វែ​ប​ប៊ឺ (Fiber) ដែលមាន ជាតិ​ស្ករ​ទាប – កុំ​ពិសា​បារី (​បារី​ជំរុញឱ្យមាន​ភាពស៊ាំ អាំង​ស៊ុយ​លីន (Insulin resistance) ធ្វើ​លំ​ហាត់ប្រាណ យ៉ាងហោចណាស់ ៣០​នាទី ក្នុង​មួយថ្ងៃ រក្សា​ជាតិ​កូ​លេស​ស្តេ​រ៉ុល ក្នុង​ឈាម នៅក្រោម ២០០ ជាតិ​ខ្លាញ់ LDL នៅក្រោម ១០០ ជាតិ​ខ្លាញ់ HDL នៅលើ ២០ និង​ទ្រី​គ្លី​សេរី​ដ (Triglycerides) នៅក្រោម ១៥០ ។ ត្រូវ​ឧស្សាហ៍​តាមដាន សម្ពាធ​ឈាម​របស់ខ្លួន ដែលជា​ទូទៅ ត្រូវ​នៅក្រោម ១៣០/៨០ ចៀសវាង​ការ​ពិសា​ភេសជ្ជៈ ដែលមាន​ជាតិ​ផ្អែម ដែលជា​ហានិភ័យ ឱ្យមាន​ជំងឺ ទឹកនោមផ្អែម ប្រភេទ​២ (Type 2 Diabetis) និង​ចូលរួម​ផ្សព្វផ្សាយ ឱ្យបាន​ទូលំទូលាយ នូវ​ការយល់ដឹង និង​ចូលរួម​អនុវត្ត ចំណុច​ដូច​បាន រៀបរាប់​ខាងលើនេះ​។​

​សូម​ចងចាំ​ថា ជំងឺ​ទឹកនោមផ្អែម ជា​ជំងឺ​ដែល​អាច​ការពារ ជាមុន​បាន ប្រសិនបើ​បុគ្គល​ម្នាក់ៗ អាច​ត្រួតពិនិត្យបាន ដោយ​ខ្លួនឯង​នូវ​របប​អាហារ​ដែល​ពិសារ​ប្រចាំថ្ងៃ និង​អនុវត្តបាន​ខ្ជាប់ខ្ជួន នូវ​ចំណុច​សាមញ្ញៗ ដូច​បាន​ជម្រាបជូន ខាងលើនេះ​។​

​ក្រៅពី​ករណី​ពាក់ព័ន្ធ​នឹង​ជំងឺ​ទឹកនោមផ្អែម​នេះ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ក៏បាន អំពាវនាវ សូម​បងប្អូន​សាធារណជន ទាំងអស់ បន្ត​អនុវត្ត​នូវ​វិធានការ ការពារ​ការចម្លង វីរុស​កូ​វីដ​-១៩ ព្រោះ​វីរុស​កូ​វីដ​-១៩. មិនទាន់​ទៅណា​ឆ្ងាយ​ពី​យើង​នៅឡើយ ហើយក៏​កំពុង តែ​ចរាចរ ដោយ​មានការ​បំប្លែង​ខ្លួន ជាច្រើន​ប្រភេទ​ផងដែរ​។ ទន្ទឹមនេះ សូម​អញ្ជើញ បងប្អូន​ទៅ​ទទួល យក​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ទាំង​ដូ​ស​មូលដ្ឋាន ដូ​ស​ជំរុញ (​ទី​៣ ទី​៤ និង​ទី​៥) ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​រក្សាបាន​នូវ​និរន្ត​ភាព នៃ​ការរស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មី និង​ការបើក​ដំណើរការ សេដ្ឋកិច្ចសង្គម​។ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មាន​សុខភាព ល្អ​បរិបូណ៌ សុខ​សុភមង្គល និង​សប្បាយរីករាយ​ឆ្នាំ​ថ្មី ឆ្នាំ​សាកល ២០២៣ ខាងមុខនេះ​៕/V​