​ដោយ​: សម្បត្តិ​/​ភ្នំពេញ​: ស្ត្រី​វ័យ​ជាង​៥០​ម្នាក់​ត្រូវបាន​ជនសង្ស័យ​ប្លន់​សម្លាប់​យក​គ្រឿងអលង្ការ និង​លុយ ខណៈ​ជិះ​កង់​ទៅ​មើល​ទឹក​ស្រែ បង្ក​ការភ្ញាក់ផ្អើល​នា​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២២ ស្ថិតនៅ​ភូមិ​ក្រាំង ព្រំប្រទល់​ភូមិ​សិលា សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​សាកសព​ស្ត្រី​រងគ្រោះ​ខាងលើ​មានឈ្មោះ ម៉ៅ អិត អាយុ ៥៨ ឆ្នាំ ស្នាក់នៅ​ភូមិ​ក្រាំង សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​ប្រភពព័ត៌មាន​ពី​សាច់ញាតិ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ វេលា​ព្រឹក​ព្រលឹម​គាត់​បាន​ជិះ​កង់​ចេញពីផ្ទះ​ទៅ​មើល​ទឹក​ស្រែ​មិន​ឆ្ងាយ​ពី​ភូមិ​ប៉ុន្មាន​ទេ ដោយ​ជាប់​ខ្លួន​មាន​ក្រវិល ចិ​ញ្ជៀ​ន និង​លុយ​៤០​ម៉ឺន​រៀល ស្រាប់តែ​ដល់​វេលា​ម៉ោងជាង​៧​ព្រឹក ក៏មាន​បុរស​ពីរ​នាក់​ជា​កសិករ​ដូចគ្នា​បានធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​កន្លែងកើតហេតុ ក៏​ប្រទះឃើញ​កង់​នៅ​កណ្តាលផ្លូវ​ឬ​ឯ​ស្ត្រី​រងគ្រោះ​បាន​ផ្កាប់មុខ​ក្នុង​ទឹក​ស្រែ​ក្បែរ​នោះ ភ្លាមៗ​ពួកគេ​បាន​ស្រង់​ស្ត្រី​នោះ​ឡើង​ព្យាយាម​ធ្វើ​ចលនា​ដើម្បី​សង្គ្រោះ​តែ​អកុសល​គាត់​បាន​ស្លាប់​បាត់ទៅហើយ​។

​ប្រភព​ដ​ដែរ​បន្តថា​ដោយ​បុរស​ទាំង​ពីរបាន​ស្គាល់​ស្ត្រី​រងគ្រោះ​ខាង​ទើប​ទូរស័ព្ទ​ប្រាប់​ប្តី​និង​កូនៗ​របស់​ស្ត្រី​រងគ្រោះ និង​បាន​ប្តឹង​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍ ។

​ក្រោយ​ទទួលបាន​ព័ត៌មាន កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ទៀន សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ រួម​និង​ក្រុម​ជំនាញ​កោសល្យ​វិ​ច្ច័​យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះមក​ដល់ទី​តាំង​កើតហេតុ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ជាក់ស្តែង ។​

​តាម​ការសន្និដ្ឋាន ៖ តាម​ការធ្វើ​កោសល្យវិច័យ​របស់​ក្រុមគ្រូពេទ្យ​ជំនាញ និង លោក​ឧកញ៉ា​វេជ្ជបណ្ឌិត នង សុវណ្ណ​រ័ត្ន គ្រូពេទ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា​ការស្លាប់​របស់​ឈ្មោះ ម៉ៅ អ៊ិត (​សព​) គឺ​ស្លាប់​ដោយ​ការ​ថប់ដង្ហើម (​ឈ្លក់ទឹក​) ដោយ​ជនសង្ស័យ​ធ្វើ​សកម្មភាព​ចាប់​ដើមដៃ​ឆ្វេង​សង្កត់ក​ក្នុង​ទឹក​បណ្តាលអោយ​ឈ្លក់ទឹក​ស្លាប់​ហើយ​បញ្ជាក់​ជាមួយ​សាច់ញាតិ ជនរងគ្រោះ​បាន​បាត់​ចិ​ញ្ជៀ​ន​មាស​ទម្ងន់ បី​ជី​មួយគូរ ក្រវិល​មាស​ទម្ងន់​មួយ​ជី​មួយគូ និង​លុយ​៤០​ម៉ឺន​រៀល ។​

​សាកសព​ស្ត្រី​រងគ្រោះ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ធ្វើឯកសារ​ប្រគល់​ឲ្យ​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ជនសង្ស័យ​ជា​ឃាតករ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ៕​