ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ផ្ទះចំនួន បីខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ បណ្ដាលឲ្យមាន ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០ និង ២០ នាទី ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។

លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ បានឲ្យដឹងថាៈ ម្ចាស់ផ្ទះរងគ្រោះដោយអគ្គិភ័យនោះ ១. ឈ្មោះ សុខា ប៊ុនណារិទ្ធ ហៅ ហុង អាយុ ៥០ ឆ្នាំ មានមុខរបរ ជាអាជីវករ លក់ហ្គាសកំប៉ុង។ ២. ឈ្មោះ ង្វៀង យ៉ាំងសាង ជានជាតិវៀតណាម មានមុខរបររកស៊ី។ ផ្ទះទាំងនោះ គឺជាផ្ទះ របស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងទឹក ឡើងមកនៅលើគោក សង់ជាប់ៗគ្នា មានទំហំ ១៣ ម៉ែត្រគុណនឹង ២០ ម៉ែត្រ ស្មើៗគ្នា ប៉ុន្តែផ្ទះទាំងនោះ ជាផ្ទះលិចទឹក នៅរដូវវស្សា។

លោក មេឃុំឆ្នុកទ្រូ បានបញ្ជាក់ថាៈ ក្នុងចំណោមផ្ទះទាំងបីខ្នង មានផ្ទះ ពីរខ្នង ជាកម្មសិទ្ទិ របស់ឈ្មោះ សុខា ប៊ុនណារិទ្ធ ហៅ ហុង ត្រូវបានអគ្គិភ័យ ឆាបឆេះខ្ទេចទាំងស្រុង និងផ្ទះ មួយខ្នងទៀត ឆេះអស់ប្រមាណជា ៥០% សមត្ថកិច្ចពន្លត់អគ្គិភ័យ មិនអាចទៅអន្តរាគមន៍ បាញ់ពន្លត់បានទេ ដោយសារតែផ្ទះទាំងនោះ ជាផ្ទះលិចទឹក មិនអាចឱ្យរថយន្តពន្លត់អគ្គិភ័យ ចូលទៅដល់។ នៅពេលកើតហេតុ ប្រជាពលរដ្ឋ នៅជិតខាង បាននាំគ្នាយកម៉ាស៊ីនបូមទឹក ប្រមាណ ២០ គ្រឿង ទៅជួយអន្ត រាគមន៍បាញ់ពន្លត់ មិនឲ្យឆ្លងទៅផ្ទះ ផ្សេងទៀត។

ប្រភពដដែល បានបន្តថាៈ ចំពោះមូលហេតុគឺ បណ្ដាលមកពីផ្ទុះកំប៉ុងហ្គាស ដែលម្ចាស់ផ្ទះ ខាងលើ ជាអ្នកលក់ហ្គាស សាំង និងគ្រឿងទេស ផងដែរ៕/V-PC