ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ស្របពេលការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ ហៅបាក់ឌុប កាន់តែខិតជិតមកដល់ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំ ដល់បេក្ខជន បន្តបន្ទាប់ ពីប្រការអនុវត្តខ្លួន បញ្ហាថែទាំសុខភាព និងពិសេសចុងក្រោយនេះ បានបង្ហាញប្រាប់ពីកំហុស និងទង្វើមួយចំនួន ដែលចាត់ទុកថា ជាការលួចម្លង ពេលប្រឡង ដែលអាចឈានទៅដល់ការដាក់ទោសកំហុស នាំឱ្យត្រូវធ្លាក់ ជាស្វ័យប្រវត្តិ។

ខាងក្រោមនេះ ជាទង្វើមួយចំនួន ដែលត្រូវបានក្រសួង កំណត់ថា បេក្ខជនលួចចម្លង ដូចជា៖
• យកជាប់នឹងខ្លួននូវសៀវភៅ ឯកសារ សំណៅឯកសារចូលក្នុងមណ្ឌលប្រឡង
• លាក់ជាប់នឹងខ្លួននូវសៀវភៅ ឯកសារ ឬសំណៅឯកសារ ឬទូរស័ព្ទ ឬឧបករណ៍ អេឡិចត្រូនិកគ្រប់ប្រភេទ
• មានសៀវភៅឯកសារ ឬសំណៅឯកសារសរសេររូបមន្តលើបន្ទាត់ ឬក្រដាស សដោយដែកចារ ការចម្លងរូបមន្ត ឬមេរៀននៅលើតុទុកជាមុន ការសរសេរលើ បាតដៃ លើភ្លៅ លើទ្រនាប់ជើង លើកន្សែងជូតមុខ។ល។ ក្នុងបន្ទប់ប្រឡង
• ចម្លងសំណៅកិច្ចការពីអ្នកដទៃ ឬយកកិច្ចការអ្នកដទៃមកដាក់នៅ កន្លែងដែលខ្លួនអង្គុយ
• អើតមើលសន្លឹកកិច្ចការអ្នកដទៃ
• ប្រើប្រាស់ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទនៅក្នុងបន្ទប់ប្រឡង
• អង្គុយខុសពីលេខតុរបស់ខ្លួនដោយគ្មានការអនុញ្ញាតពីអនុរក្ស ឬរំកិលមក អង្គុយកៀកអ្នកដទៃ
• រំកិលតុមកអង្គុយជាប់គ្នា ខុសពីប្លង់កំណត់ដោយគណៈមេប្រយោគ
• បង្កលក្ខណៈ ឬផ្តល់ឱកាសឱ្យអ្នកដទៃចម្លង
• ប្ដូរសន្លឹកកិច្ចការគ្នា ឬប្តូរក្រដាសព្រាងគ្នា ឬផ្ទៀងផ្ទាត់ចម្លើយគ្នា ឬចម្លងគ្នា ជាក់ស្តែង៕/V-PC