​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ រុស្ស៊ី​និង​អាម៉េរិក​បាន​បរាជ័យ​ក្នុង​ការព្រមព្រៀង​គ្នា​លើ​ភាសា​សម្រាប់​សេចក្តីថ្លែងការណ៍​រួមមួយ បន្ទាប់ពី​កិច្ចប្​កំពូល​ពហុភាគី​នៅ​កម្ពុជា​ដោយ​ធ្វើឱ្យ​ក្រុម​​ប្រទេស G-20 ទំនងជា​មិន​អាច​ឈាន​ដល់​ការឯកភាព​គ្នា​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ក្នុង​សប្តាហ៍​នេះ​ដូច​គ្នា​។​

​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក សឺ​ហ្គេ ឡាវ​រ៉ូវ បានដាក់​ការស្តីបន្ទោស​លើ​សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​ចំពោះ​ការខ្វះខាត​សេចក្តី​ថ្លែងការណ៍​នៅ​ឯ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ចំនួន ១៨ ប្រទេស​ដោយ​និ​​យាយ​កាលពី​ថ្ងៃអាទិត្យ​ថា ពួកគេ​បាន​ទទូច​លើ​ភាសា​ដែល​មិន​អាច​ទទួលយកបាន​ទាំងស្រុង​ទាក់ទង​នឹង​ស្ថានភាព​នៅ​អ៊ុ​យក្រែន​។ រុស្ស៊ី​បដិសេធ​មិន​ពណ៌នា​ការឈ្លានពាន​របស់​ខ្លួន​លើ​អ៊ុយ​ក្រែនថា​ជា​សង្គ្រាមទេ ជំនួស​មក​វិញ​បាន​ហៅ​វា​ថា​ជា “​ប្រតិបត្តិការ​យោធា​ពិសេស​”​។​

​លោក​ឡាវ​រ៉ូវ​ក៏បានចោទប្រកាន់សហ​រដ្ឋ​អាម៉េរិកដែរ​ថា​បំបែក​បំបាក់​សមាជិក​អាស៊ាន​ទាំង​១០​និង​រិះគន់​អង្គការ​សន្ធិសញ្ញា​អា​ត្លង់​ទិ​កខាងជើង (​ណា​តូ​) ចំពោះ​ការបង្កើន​សកម្មភាព​នៅ​ក្នុង​តំបន់​អាស៊ាន​។ ការអត្ថាធិប្បាយ​របស់​គាត់​លើ​អង្គការ​ណា​តូ​គឺ​បន្ទរ​តាម​ការព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​របស់​ចិន​បើទោះបីជា​ប្រព័ន្ធ សម្ពន្ធភាព​របស់​អាម៉េរិក​នៅ​អាស៊ី​មិន​រួមបញ្ចូល​កិច្ចព្រមព្រៀង​ការពារជាតិ​រួម​ដូច​​នៅ​ណា​តូ​ក៏ដោយ​។​

​លោក​ឡាវ​រ៉ូវ ដែល​និយាយ​នៅ​កម្ពុជា​មុន​ចេញដំណើរ​ទៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូណេស៊ី បាន​និយាយថា “​ណា​តូ​លែង​និយាយថា​នេះ​ជា​សម្ពន្ធភាព​ការពារ​សុទ្ធសាធ​ទៀតហើយ​។​មាន​និន្នាការ​ច្បាស់លាស់​លើ​​ការធ្វើ​យោ​ធូប​នីយកម្ម​ក្នុង​តំបន់​តាមរយៈ​ការសម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សម្ពន្ធមិត្ត​ក្នុង​តំបន់​របស់​អាម៉េរិក ដូចជា អូស្ត្រាលី នូវែ​លសេ​ឡង់ និង​ជប៉ុន ជាមួយនឹង​ការពង្រីក​របស់​ណា​តូ​”​។​

​ថ្លែង​នៅ​លើ​យន្តហោះ Air Force One កាលពី​ល្ងាច​ថ្ងៃអាទិត្យ បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ដឹកនាំ​ដោយ​អាស៊ាន ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេត​វិមាន លោក ជេ​ក ស៊ូ​ល​លី​វ៉ាន់ (Jake Sullivan)​បាន​​ប្រាប់​អ្នកសារព័ត៌មាន​ថា សហរដ្ឋ​អាម៉េរិក​ជឿថា ចំនួន​ប្រទេស ដែល​ត្រៀម​ឱ្យ​រុស្ស៊ី​និយាយ​អំពី​បញ្ហា​នេះ កំពុង​កើនឡើង​។ លោក​ក៏​បាន​ជំទាស់​នឹង​ការលើកឡើង​របស់​លោក​ឡាវ​រ៉ូវ​អំពី​កិច្ចប្រជុំកំពូល​នេះដែរ ហើយ​និយាយ​ថា វា​នៅតែ​មាន​លទ្ធភាព​ដែល​ប្រទេស G-20 នឹង​អាច​ស្វែងរក​មូលដ្ឋាន​រួម​បាន​។​

​លោក​បាន​និយាយថា “​នៅពេល​យើង​ក្រឡេក​មើល​បរិបទ G-20 ខ្ញុំ​គិតថា​អ្នកនឹង​ឃើញ​ការងារ​ខ្លាំងក្លា​ក្នុង​រយៈពេល ២៤ ទៅ ៤៨ ម៉ោង​ខាងមុខ ជាមួយ​បំណងល្អ​ពី​ខាង​សហរដ្ឋ​អាម៉េរិក និង​ដៃគូ G-7 របស់​យើង ដើម្បី​ផលិត​សេចក្តីថ្លែងការណ៍​រួម​”៕

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក សឺ​ហ្គេ ឡាវ​រ៉ូវ ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​អាកាសយានដ្ឋាន​ភ្នំពេញ ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២​