ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រមប្រឹក្សា ភិបាល វេទិកាសន្តិភាពកម្ពុជា លោក សួន សេរីរដ្ឋា បានថ្លែងថាៈ កូនក្រមុំអាស៊ានដ៏ ស្រស់ឆ្លាត ពេលនៅក្រោមអាណាព្យាបាលរបស់កម្ពុជា មួយឆ្នាំ២០២២ ពេញនេះ បានបើកចិត្តយ៉ាងទូលាយ ទទួលយកដៃគូមិត្តភាពឆ្លាត (ចិន) និងដៃគូមិត្តភាពពូកែ (អាមេរិក) ព្រមទាំងដៃគូមហាមិត្តទាំងអស់ នៃសមាជិកសន្ធិសញ្ញា TAC ដែលជាសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ ដែលមាន ៥០ ប្រទេស នាពេលនេះ ជាមិត្តដ៏ល្អវិសេសវិសាលរបស់ អាស៊ាន ។

លោកសួន សេរីរដ្ឋា ប្រធានក្រមប្រឹក្សាភិបាលវេទកាសន្តិភាពកម្ពុជា (រូបថតៈឯកសារ)

លោក សួន សេរីរដ្ឋា បានបញ្ជាក់ថាៈ នេះជាភាពឆ្លាតវៃរបស់ សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ានប្តូវេន នាឆ្នាំ ២០២២ ។ មិនតែប៉ុណ្ណោះ ក្នុងឋានៈជា ប្រធានអាស៊ានប្តូវេន កម្ពុជា បានសម្រេចបាននូវ គោលនយោបាយថ្នាក់ថ្នម «មជ្ឈភាពអាស៊ាន» មិនឲ្យមានការបែកបាក់ផ្ទៃក្នុងអាស៊ាន និងបង្កើន «មិត្តភាពអាស៊ាន» ដោយទទួលស្គាល់ អ៊ុយក្រែន ជាសមាជិក TAC ហើយពិសេសថែមពីលើនោះទៅទៀត គឺបានរក្សាជំហរ «រក្សាចាស់បន្ថែមថ្មី» ដោយការថ្នាក់ថ្នមប្រទេសមីយ៉ាន់ម៉ា មិនឲ្យបែកបាក់ ចេញពីអាស៊ាន និងបានជំរុញឲ្យបណ្តាប្រទេស សមាជិកអាស៊ានចាស់ ទទួលយកប្រទេស ទីម័រខាងកើត ចូលជាសមាជិកអាស៊ានថ្មី ឲ្យបានឆាប់ តាមរយៈការផ្តល់ឋានៈជា អ្នកអង្កេតការណ៍ ដើម្បីត្រៀមចូលជាសមាជិកពេញសិទ្ធិ ។

ប្រធានក្រមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានបញ្ជាក់ថាៈ នេះជាមោទនៈភាពនៃ នយោបាយការទូត ដ៏ទន់ភ្លន់ល្អឥតខ្ចោះរបស់កម្ពុជា ជាប្រធានអាស៊ានប្តូរវេន ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា ៕/V