​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លើក​ចុងក្រោយ​ដែល​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានឃើញ​ខ្លួនឯង​ឯកោ​នៅឯ​កិច្ចប្រជុំ​កំពូល G20 គឺ​ក្នុង​ឆ្នាំ ២០១៤​ភ្លាមៗ​បន្ទាប់ពី​គាត់​​បាន​ដណ្តើម​យក​គ្រី​ម៉េ ហើយ​គាត់​ត្រូវបាន​គេ​ព្រងើយកន្តើយ​ដាក់​យ៉ាង​ខ្លាំង​រហូត​ដល់​ថ្នាក់​គាត់​ចាកចេញ​មុនគេ​។​

​ប្រាំបី​ឆ្នាំ​ក្រោយមក បន្ទាប់​ពី​ចាប់ផ្តើម​ការវាយលុក​ទ្រង់ទ្រាយ​ធំ​នៅ​អ៊ុយ​ក្រែន​ក្នុង​ខែ​កុម្ភៈ​និង​គំរាម​លោកខាងលិច​ដោយ​អាវុធ​នុយក្លេអ៊ែរ មេដឹកនាំ​រុស្ស៊ី​វ័យ ៧០ ឆ្នាំ​បាន​ជ្រើសរើស​រំលង​កិច្ចប្រជុំ G20 នៅ​សប្តាហ៍​នេះ​នៅ​កោះ​ត្រូពិច​បាលី​តែម្តង​។​

​ក្រុម​អ្នកសង្កេតការណ៍​បាន​និយាយថា វិមាន​ក្រឹម​ឡាំង​កំពុង​ព្យាយាម​ការពារ​មេដឹកនាំ​រុស្ស៊ី​ពី​ព្យុះ​នៃ​ការ​ថ្កោលទោស​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ប៉ុន្តែ​ការ​មិន​បង្ហាញ​មុខរប​ស់ពូ​ទីននឹង​រឹត​ប្រថុយ​ធ្វើឱ្យ​​កាន់តែ​ឯកោ​នូវ​ប្រទេស​មួយ​ដែល​រង​ការ​វាយ​សំពង​ដោយ​ទណ្ឌកម្ម​លោកខាងលិច​មិន​ធ្លាប់​មាន​ពីមុនមក​។​

​លោក អា​ឡិច​សី ម៉ា​ឡា​សិន​កូ (Alexei Malashenko) ប្រធាន​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​សន្ទនា​អរិយធម៌ បាន​និយាយថា លោកពូ​ទីន​មិន​ចង់​បាក់​មុខជា​សាធារណៈ​ម្តងទៀត​ទេ ដោយ​រំលឹកថា នៅក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ប្រ៊ី​ស​ប៊ែន​ក្នុង​ឆ្នាំ ២០១៤ លោកពូ​ទីន​ត្រូវ​គេ​ដាក់​នៅ​ចុងប៉ូច​នៃ​ការ​រូបថត​គ្រួសារ​ជា​ប្រពៃណី​។​

​លោក​ម៉ា​ឡា​សិនកូ​បាន​និយាយថា “​នៅ​កិច្ចប្រជុំ​កំពូល អ្នក​ត្រូវ​តែ​និយាយ​ជាមួយ​មនុស្ស​និង​ត្រូវ​គេ​ថតរូប​”​។​

“​ហើយ​គាត់​នឹង​ត្រូវ​និយាយ​ជាមួយ​អ្នក​ណា ហើយ​តើ​គាត់​នឹង​ឱ្យ​គេ​ថតរូប​យ៉ាងម៉េច​?”​។​

​ការប្រជុំ G20 នឹង​ត្រូវ​គ្របដណ្ដប់​ចៀស​មិន​រួច​ដោយ​ការវាយលុក​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូក្នុង​ប្រទេ​សអ៊ុយ​ក្រែន​ដែល​បាន​ធ្វើ​ឱ្យ​ទីផ្សារ​ថាមពល​ពិភពលោក​ក្រឡាប់ចាក់​និង​ធ្វើឱ្យ​ខ្វះខាត​ស្បៀង​​អាហារ​កាន់តែ​ធ្ងន់ធ្ងរ​។​

​លោក ផ្លូដ័​រ លូ​គី​យ៉ានូ​វ (Fyodor Lukyanov) អ្នកជំនាញ​ខាង​គោលនយោបាយ​ការបរទេស​ស្និទ្ធ​នឹង​វិមាន​ក្រឹម​ឡាំង បាន​លាតត្រដាង​ថា​លោកពូ​ទីន​មិនទាន់​ត្រៀម​ខ្លួន​និយាយ​អំពី​រឿង​អ៊ុយ​ក្រែន​នៅឡើយ​ទេ​។​

​លោក​លូ​គី​យ៉ានូ​វ និពន្ធ​នាយក​ទស្សនា​វ​ដ្តី Russia in Global Affairs បាន​និយាយថា “​ជំហរ​របស់​គាត់​ត្រូវ​គេ​ដឹង​យ៉ាងច្បាស់ វា​នឹង​មិន​ផ្លាស់ប្តូរ​ទេ​។​ជំហរ​របស់​ភាគី​ម្ខាង​ទៀត​ក៏​ត្រូវ​គេ​ដឹង​​អស់​ដែរ​។ តើ​មាន​ហេតុផល​អី​ត្រូវ​ទៅ​?”​។​

​វិមាន​ក្រឹម​ឡាំង​បាន​ស្តីបន្ទោស​អវត្តមាន​របស់​លោក​ពូ​ទីន​លើ​កាលវិភាគ​មមាញឹក​ដោយ​មិន​បាន​បញ្ជាក់​អំពី​អ្វី​ដែល​ជំរុញ​ឱ្យ​មេដឹកនាំ​រុស្ស៊ី​រំលង​កិច្ចប្រជុំ​កំពូល​ពិភពលោក​ដ៏​លេចធ្លោ​បំផុត​​មួយ​នេះ​នោះ​ទេ​៕

​ពូ​ទីន​មិនបាន​ចូលរួម G20 នៅ​សប្តាហ៍​នេះ​ទេ​