ដោយ: បូកគោ / កែប: ក្រោយចាកចេញពីកម្ពុជា ទៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៨២ នាចុងសប្តាហ៍ កន្លងទៅនេះ ជនជាតិអាមេរិក ដើមកំណើតខ្មែរ (ស្វាមី និងភរិយា) មួយគ្រួសារ បាននាំប្រតិភូសម្ព័ន្ធចលនាយុវជនក្រៅប្រទេស មកបំពេញទស្សនកិច្ចនៅខេត្តកែប ដោយចំណាយអស់រយ:ពេល ពីរថ្ងៃពេញ។ អ្វីដែលពួកគេ បានមើលឃើញជាក់ស្តែង ទាំងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ក៏ដូចជា លទ្ធផលនៃកិច្ចអភិវឌ្ឍន៍នានា ពួកគេបាន អះអាងថា ” គឺផ្ទុយស្រឡះ ពីការឃោសនាភូតភរ ពីសំណាក់ក្រុមអគតិ នៅក្រៅប្រទេស មួយចំនួន ” ។

បន្ទាប់ពីដើរកម្សាន្តជាច្រើនកន្លែង ដូចជាតំបន់ភ្នំ ឆ្នេរសមុទ្រ ដែនកោះជាដើម លោក ម៉ក់ ហឺន និងអ្នកស្រី ប៉ាង ធីតា​ ជនជាតិអាមេរិក ដើមកំណើតខ្មែរ (ស្វាមី និងភរិយា) បានរៀបរាប់ថាៈ ក្រុមគ្រួសារលោក បានចាកចេញពីប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៨២។ និយាយរួម ការធ្វើដំណើរ ត្រឡប់មកកាន់ ខេត្តកែប ដោយនាំក្រុមសម្ព័ន្ធចលនាយុវជនក្រៅប្រទេស មកបំពេញ ទស្សនកិច្ច នាពេលនេះ ជាលើកដំបូង បន្ទាប់ពីឃ្លាតចាកឆ្ងាយ អស់រយ:ពេល ៤០ ឆ្នាំ។

លោក ម៉ក់ ហឺន បានបញ្ជាក់ថាៈ អ្វីដែលលោក និងភរិយា មានការភ្ញាក់ផ្អើលនោះ គឺការអភិវឌ្ឍរីកចម្រើន របស់ប្រទេសកម្ពុជា ពិសេខេត្តកែប ដែលលោកបានឃើញផ្ទាល់នឹង ភ្នែក។ ខេត្តកែប បច្ចុប្បន្ន ពោរពេញដោយទេសភាព ស្រស់ត្រកាល មានរមណីយដ្ឋាន ធម្មជាតិ ដ៏ទាក់ទាញ រហូតធ្វើឲ្យលោក និងភរិយា បានមកដល់ហើយ មិនចង់ត្រឡប់ទៅវិញ។ ទាំងនេះ បញ្ជាក់ឲ្យឃើញ ពីភាពផ្ទុយស្រឡះ នូវពាក្យឃោសនារិះគន់ ដោយជនអគតិ មួយចំនួន ដែលតែងចោទប្រកាន់មួលបង្កាច់ លើថ្នាក់ដឹកនាំកម្ពុជាថា ជាប្រទេសផ្តាច់ការ គាបសង្កត់ បំបិទសិទ្ធិសេរីភាព និងជាប្រទេសក្រខ្សត់ ជាដើមនោះ។

លោក ម៉ក់ ហឺន បានបន្តថាៈ រយៈពេលប៉ុន្មានថ្ងៃ នៃដំណើរមកដល់កម្ពុជា លោកសង្កេត ឃើញពីភាពសុខសាន្ត ហើយការរស់នៅរបស់ប្រជាជន បានធូរធារ ពោលគឺ មិនដូចពាក្យ បំភ្លៃ ស្ថានការណ៍ពិត របស់ក្រុមប្រឆាំង នៅបរទេស ដែលបាន និងកំពុងបំពងសំឡេង នោះឡើយ៕/V