ដោយៈ សុផល / ​ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ​បាន​ដឹកនាំ​ប្រជុំ​ទ្វេភាគី ​ជាមួយ​លោក​បណ្ឌិត MORI MASAFUMI ទីប្រឹក្សា​ពិសេស ​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន និង​ដោយមាន​ការចូលរួម​ពី​លោក MASAHIRO MIKAMI ​ឯកអគ្គ​រាជ​ទូត​វិសាមញ្ញ ​និង​ពេញ​សមត្ថភាព ​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ នៃ​ក្រសួង​សាធារណការ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ​នៅ​កម្ពុជា ជាពិសេស​កំពង់ផែ​ ក្រុងព្រះសីហនុ ផែនការមេ​ភស្តុភារ​កម្ម​កម្ពុជា និង​ការអភិវឌ្ឍ​ធនធានមនុស្ស​។​

​លើកឡើង​នាឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ជប៉ុន ​ដែ​ល​បាន​ផ្តល់ជំនួយ ​ដល់​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​ទ្រទ្រង់​វិស័យសេដ្ឋកិច្ច និង​សង្គម ជាពិសេស​ហេ​ដ្ឋារចនាសម្ព័ន្ធ ​ក្នុងប្រទេស និង​បានលើកឡើង ​ពី​ប្រសាសន៍​របស់លោក ស៊ីន​ហ្សូ អា​បេ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន បាន​ថ្លែងថាៈ «​ការ​សាង​ហេដ្ឋារចនា សម្ព័ន្ធ​ប្រទេស​កំពុងអភិវឌ្ឍន៍ ​គឺត្រូវធ្វើ​ឱ្យមាន​គុណភាព​»​។​

​ក្នុងជំនួប​កិច្ចប្រជុំ​នេះ​ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​លើកឡើង​ ពី​គម្រោង​ដែល​ស្ថិតក្រោម​ជំនួយ ការគាំទ្រ និង​ហិរញ្ញប្បទាន​ ពី​ប្រទេស​ជប៉ុន ជាពិសេស​គម្រោង​កំពុង​បន្ត​ រួមមាន គម្រោង​កសាង​កំពង់ផែ​ ក្រុងព្រះសីហនុ គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ​៥ គម្រោង​កាត់បន្ថយ​កាបូនឌីអុកស៊ីត គម្រោង​រៀបចំ​ផែនការមេ​ភស្តុភារ​កម្ម​កម្ពុជា និង​គម្រោង​អភិវឌ្ឍន៍​ធនធាន មនុស្ស​ ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន ​នៅ​កម្ពុជា និង​បាន​ថ្លែង​អំណរ​អរគុណ​រាជរដ្ឋាភិបាល​ជប៉ុន ដែល​បានផ្តល់​ជំនួយឥតសំណង រៀបចំ​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​កំពង់ផែ ( Port EDI ) ដែល​ប្រព័ន្ធ​នេះ ​បានដាក់​ប្រើប្រាស់​ផ្លូវការ​ ក្នុង​ខែសីហា ឆ្នាំ​២០២២​ កន្លងទៅ និង​បាន​សម្រួល​ដល់​នីតិវិធី ​នៃ​ការចេញចូល​នានា​ នៅ​កម្ពុជា ដើម្បី​កាត់បន្ថយ​ភាពស្មុគស្មាញ និង​ចំណេញ​ពេលវេលា​។​

​នៅក្នុង​កិច្ចប្រជុំ​ ក៏បាន​ពិភាក្សា​លើ​គម្រោង ​ការសាងសង់​កំពង់ផែ​ទឹក​ជ្រៅ​ថ្មី​ ជម្រៅ ១៤,៥​ ម៉ែត្រ ជំហាន​ទី​១ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ២០៣​ លាន​ដុល្លារ​ ដែល​ត្រូវ​ធានា​ការសាងសង់​ឱ្យមាន​គុណភាព​ខ្ពស់ ដោយ​បំពាក់​នូវ​បច្ចេកវិទ្យា​ថ្មីៗ ដែល​កំពុង​បន្ត​នីតិវិធី​ដេញថ្លៃ ដើម្បី​ចាប់ផ្តើម​សាងសង់ នៅ​ដើមឆ្នាំ​២០២៣ និង​គ្រោង​បញ្ចប់​ចុងឆ្នាំ​២០២៥ ក្នុងនោះ​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​លើកសំណើ​ ដល់​ភាគី​ជប៉ុន​ ពិចារណា​លើ​ការផ្តល់​ប្រាក់កម្ចីបន្ថែម ៦០​ លាន​ដុល្លា ដោយសារ​ការធ្លាក់ចុះ ​នៃ​ប្រាក់​យ៉េន ដែល​ធ្វើឱ្យ​ខ្វះខាត​ថវិកា​ នៃ​ការរៀបចំ​គម្រោង​នេះ​។​

​សូមបញ្ជាក់ថា គម្រោង​សាងសង់ ​កំពង់ផែ​កុងតឺន័រ ​ព្រះសីហនុ ក្នុង​ជំហាន​ទី​២ ជម្រៅ ១៦,៥ ​ម៉ែត្រ និង​ជំហាន​ទី​៣ មាន​ជម្រៅ​ ១៧​ ម៉ែត្រ ដែលមាន​សមត្ថភាព ​ឱ្យ​នាវា​ចេញចូល​ពី​សហរដ្ឋអាមេរិក និង​អ៊ឺរ៉ុប​ ដោយផ្ទាល់ ដោយ​មិនចាំបាច់​ឆ្លងកាត់​ កំពង់ផែ​នានា​ក្នុង​តំបន់​។ គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង​ ផ្លូវជាតិ​លេខ​៥ គឺជា​ផ្នែក​នៃ​ផ្លូវ​អាស៊ាន​ ហាយ​វេ លេខ​១ ដ៏​មាន​សក្តានុពល ត​ភ្ជាប់ និង​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការដឹកជញ្ជូន​នៅ​កម្ពុជា និង​ទៅក្នុង​តំបន់​ជាពិសេស​តាមរយៈ​ប្រទេស​ថៃ​។ គម្រោង​នេះ​ គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៤​ ខាងមុខនេះ​។​

​ជាមួយគ្នា​នោះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាន​ស្នើ​ដល់​ភាគី​ជប៉ុន ជួយ​ជំរុញឱ្យមាន​ក្រុមហ៊ុន​ជប៉ុន ​មក​វិនិយោគ ​លើ​ការសាងសង់​ស្ថានីយ​ប​ញ្ជូ​ល​អគ្គិសនី ​នៅ​កម្ពុជា ដើម្បី​ជំរុញ​ការប្រើប្រាស់​យានយន្ត​អគ្គិសនី ​ឱ្យ​កាន់តែមាន​ភាពប្រសើរឡើង​។ ខណៈដែល​ដើម្បី​ជំរុញ​ការប្រើប្រាស់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​កាត់​បន្ថយពន្ធ​នាំ​ចូល មក​ត្រឹមតែ​ប្រមាណជាង ៦០% ប៉ុណ្ណោះ ​នៃ​តម្លៃ​យានយន្ត​អគ្គិសនី​។​

​ក្រៅពី​នេះដែរ ​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​បង្ហាញជូន​គណៈ​ប្រតិភូ​ជប៉ុន អំពី​ការដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ​ភ្នំពេញ​-​ក្រុងព្រះសីហនុ និង​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ​៤ ដែល​កំពុង​ត្រូវបាន​អនុវត្ត ដោយ​ថវិកា​ហិរញ្ញប្បទាន ​ធនាគារពិភពលោក​។ កម្ពុជា​ ក៏​កំពុង​រៀបចំ​មជ្ឈមណ្ឌល​ភស្តុភា​កម្ម ធ្វើឱ្យ​កម្ពុជា ​ក្លាយជា​អនុតំបន់​ភស្តុភា​កម្ម ជាពិសេស​គឺ​គម្រោង «​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ពហុ​បំណង​ភ្នំពេញ​» ដែលជា​ចំណុច​ត​ភ្ជាប់​ដ៏​សំខាន់​ សម្រាប់​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ចូលរួម​ក្នុង​ការពង្រឹង ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ត្រូវ​បានដាក់​បង្ហាញ​រូបរាង​ជា​ផ្លូវការ នៅក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​។

បន្ថែម​ពីនេះ ​ស្រប​ពេលដែល​ប្រទេស​ជប៉ុន ​បាន​ជួយ​សិក្សា​ ចប់សព្វគ្រប់​ លើ​កា​រៀបចំ​ផែនការមេ​ភស្តុភារ​កម្ម ​នៅ​កម្ពុជា ដែល​នឹង​ត្រូវការ​ទំហំ​ថវិកា ​ប្រមាណ ៥០ ​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​អនុវត្ត​គម្រោង​ចំនួន ៣៣២​គម្រោង លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាន​ស្នើ​សុំឱ្យ​ក្រុមហ៊ុន​ជប៉ុន ចូលរួម​វិនិយោគ ​ក្នុង​គម្រោង​មួយចំនួន ក្នុងចំណោម​គម្រោង​ប្រមាណ ៣៣២ ​នោះ​ផងដែរ​។​

​ជាមួយនឹង​ការដាក់​ដំណើរការ​ វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន ដែលមាន​សិស្ស ​និស្សិត ​ប្រមាណ ៤០០ នាក់ ដែល​នឹង​ក្លាយជា​វិស្វករ​របស់​កម្ពុជា​ នាពេល​អនាគត និង​ដើម្បី​ជំរុញ​ការបណ្តុះបណ្តាល​ ធនធាន​មនុស្ស​ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាន​ស្នើឱ្យ​ភាគី​ជប៉ុន ​ពិនិត្យ​ផ្តល់ជំនួយ​លើ​ឧបករណ៍​ សម្រាប់​ពិសោធន៍ និង​ធ្វើតេស្ត ព្រមទាំង​សាស្ត្រាចារ្យ ដើម្បី​បណ្តុះបណ្តាល​បន្ថែម​ ដល់​អនាគត​វិស្វករ​កម្ពុជា​ ផងដែរ​៕/V