​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ យន្តហោះ​ដឹក​អ្នកដំណើរ​ខ្នាត​ធំ​ផលិត​ក្នុងស្រុក​ដំបូង​គេ​របស់​ចិន​គឺ C919 បាន​ហោះ​ឡើង​លើ​មេឃ ហើយ​ម៉ាស៊ីន​ពីរ​របស់​វា​បាន​បន្លឺសំឡេង​លាន់​ទ្រហឹង​។​ការហោះ​​ហើរ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នេះ​គឺជា​ការ​បង្ហាញខ្លួន​ជា​សាធារណៈ​របស់​យន្តហោះ​នេះ​នៅ​ឯ​ពិព័រណ៍​អាកាស​ចិន​ឆ្នាំ​២០២២​។​

​ព្រឹត្តិការណ៍​រយៈពេល​ប្រាំ​មួយថ្ងៃ ដែល​គេ​ស្គាល់​ដែរ​ថា ពិព័រណ៍​អាកាសចរណ៍​អន្តរជាតិ​និង​អវកាស​ចិន​លើក​ទី ១៤ បានបញ្ចប់​កាលពី​ថ្ងៃអាទិត្យ​ទី​១៣​វិច្ឆិកា​នៅ​ទីក្រុង​កំពង់ផែ ជូ​ហៃ (Zhuhai) ក្នុង​ខេត្ត​ក្វាង​ទុង​ភាគ​ខាងត្បូង​ប្រទេស​ចិន​។​

​ចាប់តាំងពី​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៦ ពិព័រណ៍​អាកាស​ចិន​បាន​ក្លាយជា​បង្អួច​ដ៏​សំខាន់​សម្រាប់​បង្ហាញ​នូវ​បច្ចេកវិជ្ជា​និង​ឧបករណ៍​អវកាស​ទំនើបៗ​ពី​ក្នុងប្រទេស​និង​ក្រៅប្រទេស​។​វា​ក៏​បាន​ក្លាយ​ជា​វេទិ​​កា​អន្តរជាតិ​ផងដែរ​សម្រាប់​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិកា​រអា​ជីវ​កម្ម​លើ​បច្ចេកវិជ្ជា​អាកាសចរណ៍​និង​អវកាស និង​ឧបករណ៍​នានា​។​

​ក្នុងអំឡុង​ព្រឹត្តិការណ៍​នេះ ចិន​បាន​បង្ហាញ​នូវ​យន្តហោះ​ថ្មី​ជាច្រើន គំរូ​នៃ​ស្ថានីយ​អវកាស Tiangong របស់​ចិន និង​ឧបករណ៍​គ្មាន​មនុស្ស​បើក​ជា​ច្រើន​ប្រភេទ​។​

​នៅក្នុង​ពិព័រណ៍​យន្តហោះ ក្រុមហ៊ុន Commercial Aircraft Corporation of China, Ltd. (COMAC) បាន​ទទួល​ការបញ្ជាទិញ​ថ្មី​សម្រាប់​យន្តហោះ​ដឹក​អ្នកដំណើរ C919 ចំនួន ៣០០ គ្រឿង​ពី​ក្រុមហ៊ុន​ជួល​ក្នុងស្រុក​ចំនួន ៧ រួម​ទាំង​ក្រុមហ៊ុន China Development Bank Leasing និង ICBC Leasing ។​

​នៅ​ចុង​ខែ​កញ្ញា យន្តហោះ C919 បាន​ទទួល​វិញ្ញាបនបត្រ​ប្រភេទ​របស់​ចិន​ពី​រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​នៃ​ប្រទេស​ចិន ដែល​ជា​ជំហាន​ដ៏​ធំ​មួយ​នៅ​លើ​ផ្លូវ​ឆ្ពោះទៅ​កាន់​ប្រតិបត្តិការ​ទីផ្សារ​។​

​ជាមួយនឹង​រយៈ​ចម្ងាយ​ហោះហើរ​អតិបរមា​ជាង ៥.០០០ គីឡូម៉ែត្រ យន្តហោះ C919 មាន​សមត្ថភាព​គ្របដណ្តប់​ផ្លូវ​ក្នុងស្រុក​សំខាន់ៗ ដោយ​អាច​ផ្ទុក​អ្នកដំណើរ​បាន​រហូត​ដល់ ១៩២ នាក់​។​

​យន្តហោះ​មួយទៀត​ដែល​បង្ហាញខ្លួន​ជា​លើកដំបូង​របស់​ខ្លួន​នៅ​ឯ​ពិព័រណ៍​អាកាស​ចិន​ដែរនោះ​គឺ AG600M ជា​យន្តហោះ​ពន្លត់​អគ្គិភ័យ​ខ្នាត​ធំ​ដែល​ផលិត​ដោយ​ឯករាជ្យ​នៅ​ចិន ដែល​មាន​ឈ្មោះ​កូដ Kunlong មានន័យថា “​នាគ​ទឹក​” ជា​ភាសា​ចិន​។​

Kunlong បាន​ហោះ​ដោយ​ផ្ទុក​ទឹក​អតិបរមា ១២ តោន​។ បន្ទាប់​ពី​បាន​ធ្វើ​ការហោះហើរ​ជុំវិញ​មជ្ឈមណ្ឌល​តាំងពិព័រណ៍ វា​បាន​បង្ហាញ​ការទម្លាក់​ទឹក ដោយ​ជំរុញ​ឱ្យ​មាន​ការអបអ​រ​សាទរ​និង​ការ​ទះដៃ​ពី​ហ្វូងមនុស្ស​។​

​សហគ្រាស​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ជាង ៧៤០ មកពី ៤៣ ប្រទេស​និង​តំបន់​បាន​ចូលរួម​ក្នុង​ការតាំងពិព័រណ៍​នៅ​នឹង​កន្លែង​ឬ​តាម​អ៊ីនធឺណិត​៕

​យន្តហោះ​ជាច្រើន​ត្រូវបាន​បង្ហាញ​នៅ​ពិព័រណ៍​អាកាស​ចិន​ឆ្នាំ​២០២២​

ក្រៅពីយន្តហោះស៊ីវិល យន្តហោះយោធាទំនើបមួយចំនួនក៏ត្រូវបាននាំមកតាំងបង្ហាញផងដែរ