ដោយ : ប.ជ័យ / បន្ទាយមានជ័យ: កាលពីថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២២ នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិស ស្ដីពីផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ២០២៣-២៧ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល២០២៣-២០២៥ ដល់ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី ៥។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ បានតម្រូវឲ្យក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ រៀបចំកសាងផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនានា។ ផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ គឺជាមធ្យោបាយយ៉ាងសំខាន់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវប្រើប្រាស់សម្រាប់កំណត់អំពីបញ្ហា នឹងតម្រូវការជាអាទិភាពយ៉ាងពិតប្រាកដរបស់មូលដ្ឋាន និងយុទ្ធសាស្ត្រនានា ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងនោះ សំដៅឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាព។

លោកអ៊ុំ រាត្រី បានបន្តថា គោលនយោបាយស្ដីពីប្រព័ន្ធផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ បានផ្ដល់ជាទស្សនទាន និងចង្អុលបង្ហាញដល់ការរៀបចំ និងកែសម្រួលសេចក្ដីណែនាំបច្ចេកទេសស្ដីពីការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ឲ្យស្របតាមចរិតលក្ខណៈផ្សេងៗគ្នា របស់ប្រភេទរដ្ឋបាលនីមួយៗនៅថ្នាក់ក្រោមជាតិដូចជាផែនការឃុំ ជាផែនការដែលមានការពិភាក្សា ពិគ្រោះយោបល់ផ្ទាល់ជាមួយប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានាក្នុងឃុំនោះ ដើម្បីឆ្លើយតបទៅនិងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងឃុំ។ ផែនការឃុំមិនមែនជាសមាសភាគនៃផែនការស្រុកឡើយ។

ផែនការសង្កាត់ក្នុងក្រុងជាផែនការដែលបានរៀបចំឡើងដោយមានការពិភាក្សា និងពិគ្រោះយោបល់ផ្ទាល់ជាមួយប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានាក្នុងសង្កាត់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងក្របខ័ណ្ឌអភិវឌ្ឍន៍របស់ក្រុង ផែនការសង្កាត់ជាសមាសភាគនៃផែនការក្រុង៕