ដោយ : ប.ជ័យ / បន្ទាយមានជ័យ៖​ ម៉ូតូកែច្នៃខុសបច្ចេកទេសដើម្បីកែបំពង់ស៊ីម៉ាំងលេងសម្លេងឲ្យខ្លាំងៗត្រូវបានកម្លាំងនគរបាលការិយាល័យចរាចរណ៍ខេត្តនិងកម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលស្រុកក្រុងទាំង៩ខេត្តបន្ទាយមានជ័យបានធ្វើការបង្រ្កាបដកហូតតាមដងផ្លូវជាបន្តបន្ទាប់ ដោយឡែកអ្នកបើបបរប្រព្រឹត្តល្មើសសមត្ថកិច្ចអប់រំឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពខុសច្បាប់បែបនោះទៀត។នេះបើតាមនាយការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក គី មករា ប្រាប់ឱ្យដឹងថានាថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ២០០២។

លោកនាយការិយាល័យប្រាប់ទៀតថា អនុវត្តតាមបញ្ជាផ្ទាល់របស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យកម្លាំងនគរបាលចរាចរណ៍ខេត្តក៏ដូចជាតាមបណ្តាអធិការដ្ឋាននគរបាលស្រុកក្រុងទាំង៩ តែងតែចុះទប់ស្កាត់និងបង្រ្កាបម៉ូតូកែច្នៃខុសបច្ចេកទេសបំពង់ស៊ីម៉ាំង(ប្រែន)ការកែច្នៃបំពង់ស៊ីម៉ាំងរថយន្តខុសបទដ្ឋានបច្ចេកទេសនិងការកែច្នៃលេងភ្លើងឡាស៊ែខុសបច្ចេកទេសជាដើមនោះ។

លោកបញ្ជាក់ឱ្យដឹងទៀតថា ក្នុងច្បាប់ចរាចរណ៍ផ្លូវគោកត្រង់មាត្រា៦៦ ចែងថាមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកត្រូវឃាត់យានជំនិះមិនឱ្យធ្វើចរាចរណ៍ឬឃាំងទុកមិនលើស៣ថ្ងៃ។ដើម្បីធ្វើការផាកពិន័យនិងកែតម្រូវលក្ខណៈបច្ចេកទេសទៅតាមករណីដែលអ្នកបើកបរប្រព្រឹត្តល្មើសនិងបទបញ្ញត្តិចរាចរណ៍។អនុវត្តនៅត្រង់ចំណុច៤យានជំនិះដែលបញ្ចេញផ្សែងខ្លាំងឬសម្លេងម៉ាស៊ីនខ្លាំងលើសបទដ្ឋានបច្ចេកទេសឬបំពាក់ប្រព័ន្ធភ្លើងខុសស្តង់ដាកំណត់រំខានដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតឬអ្នករស់នៅជាប់ដងផ្លូវនោះ។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ទោះ សិទ្ធ ឡោះ ក៏បានលើកឡើងជម្រុញឱ្យកងកម្លាំងនគរបាលក្រោមបង្គាប់ត្រូវបន្តចុះទប់ស្កាត់នូវការប្រើប្រាស់យានជំនិះគ្រប់ប្រភេទដែលកែច្នៃខុសបច្ចេកទេសបង្កប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ពីព្រោះថាការប្រើប្រាស់ម៉ូតូនិងរថយន្តកែច្នៃបំពង់ស៊ីម៉ាំងនៅលើថ្នល់ប្រជាពលរដ្ឋបានធ្លាប់ប្តឹងរាយការណ៍មកលោកផ្ទាល់ពីការរំខាននៃការរស់នៅរបស់ពួកគាត់និងសំណូមពរឱ្យមានការទប់ស្កាត់។

លោកឧត្តមសេនីយ៍ស្នងការក៏បានអំពាវនាវឱ្យក្មួយៗយុវជនដែលប្រើប្រាស់បំពង់ស៊ីម៉ាំងទាំងនេះត្រូវបញ្ឈប់ ហើយនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោករក្សាសណ្តាប់ធ្នាប់សាធារណៈនិងរក្សាសុវត្ថិភាព អាយុជីវិតខ្លួនឯង និងអាយុជីវិតអ្នកដទៃ៕