ដោយៈ សុផល / ​ភ្នំពេញ​៖ ​សហគ្រិន​វ័យក្មេង​អាស៊ាន​ បាន​ជួបពិភាក្សា​គ្នា​ នា​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ដោយ​ផ្ដោត​សំខាន់​ លើ​ប្រធានបទ «​ការធ្វើ​ពាណិជ្ជកម្ម​ លើសពី​តំបន់​អាស៊ាន​» (TRADE FACILITATION AND COORDINATION BEYOND ASEAN) ។​

​កិច្ចពិភាក្សា​ដែល​សង្កត់ធ្ងន់​ លើ​ការដោះដូរ​ពាណិជ្ជ​កម្មនេះ ធ្វើឡើង​ក្រោម​ការចូលរួម​ពី​វាគ្មិន​មួយចំនួន ​រួមមាន​ ​លោក Kanneth Tang ប្រធានសភា​ពាណិជ្ជកម្ម ​អូស្ត្រាលី​ នៅ​កម្ពុជា​,​ លោក Sandeep Majumdar ប្រធានសភា​ពាណិជ្ជកម្ម​ ឥណ្ឌា ​នៅ​កម្ពុជា​, លោក KITAMI SO នាយក​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ ​តំបន់​អាស៊ី​។

​វេទិកា​ជជែក​ដេញដោល​នេះ មាន​សារៈសំខាន់​ណាស់​ សម្រាប់​វិស័យសេដ្ឋកិច្ចកម្ពុជា​ជាមួយនឹង​ពិភពលោក​។​ នេះជា​ជំហាន​មួយ ​ដែល​ដើរ​ហួស​ពី​ការធ្វើ​ពាណិជ្ជកម្ម​ ត្រឹមតែ​ក្នុង​តំបន់អាស៊ាន តែ​ជាការ​ពង្រីក​វិសាលភាព ​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​ ជាមួយ​ពិភពលោក​ ​ក្នុងនោះ ដើម្បី​ពង្រីក​សក្កា​នុព​ល​ នៃ​ការធ្វើ​ពិ​ណិ​ជ្ជ​កម្ម​ ឱ្យ​លើសពី​តំបន់​អាស៊ាន។

វាគ្មិន​ទាំងបី​រូប​ បានរំលេច​ផងដែរ ​នូវ​ភាព​សំខាន់ ​នៃ​វិស័យ​ឯកជន ​ក្នុង​ការជំរុញ​ការបង្កើត​ផលិតផល​ថ្មីៗ ប្រកបដោយ​គុណភាព ​ដើម្បី​ធានា​នូវ​ភាពជឿជាក់ ​របស់​ដៃគូ​អាជីវកម្ម​។ ជារួម វាគ្មិន​ទាំងបី​រូប​ បាន​លើកទឹកចិត្ត​ ទៅកាន់​វិស័យ​ឯកជន ក្នុង​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដោយហេតុថា​ កម្ពុជា ​នៅមាន​ឱកាស​ច្រើន ​ក្នុងការ​ពង្រីក​ចរន្ដ​នាំ​ចេញ ទៅ​ទូទាំង​ពិភពលោក​តែម្ដង​៕/V