ដោយៈ គង់ហេង/ កំពង់ចាម ៖ សាលាសង្កាត់កំពង់ចាម ស្ថាបនាប្រមាណជាង ៨០ ភាគរយ ខណៈដែលសាលាសង្កាត់វាលវង់ បានប្រហែល ៧០ ភាគរយ ។ នេះបើផ្អែកតាមលទ្ធផល នៃការចុះត្រួតពិនិត្យ វឌ្ឍនភាពដំណើរការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងក្រុងកំពង់ចាម ដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៤ វិច្ឆិកា នេះ។

លោក ផ្លោក សុវណ្ណ ចៅសង្កាត់កំពង់ចាម បានឱ្យដឹងថាៈ សាលាសង្កាត់កំពង់ចាមថ្មី ជាសាលាសង្កាត់ស្តង់ដារ របស់ក្រសួងមហាផ្ទៃ ដែលបាន និងកំពុងសាងសង់ នៅលើផ្លូវ ខាងក្រោយបុរីឌីឌុក ស្ថិតក្នុងភូមិទី៧ សង្កាត់-ក្រុងកំពង់ចាម សម្រេចបានជាង ៨០ ភាគរយហើយ ដោយបានចាប់ផ្តើមសាងសង់ កាលពីខែសីហា ឆ្នាំ២០២២ នេះ។

ចំណែក លោក ម៉ន ហេន ចៅសង្កាត់វាលវង់ វិញ បានប្រាប់ឱក្យដឹងដែរថាៈ បច្ចុប្បន្ន សាលាសង្កាត់វាលវង់ថ្មី ដែលបាននិងកំពុងស្ថាបនា សម្រេចបានចំនួន ៧០ ភាគរយ ឋិតក្នុងភូមិទី១ ជាមួយសាលាសង្កាត់ចាស់ គ្រាន់តែខុសផ្លូវគ្នា គឺសាលាសង្កាត់ចាស់ នៅលើផ្លូវលេខ៨០ ហើយសាលាថ្មី នៅក្បែរផ្លូវ ៨៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម៕/V