ដោយៈ វ៉ៃកូ / ស្វាយរៀងៈ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងអនុវត្តតាមប្រព័ន្ធវិមជ្ឈការ និងវិសហមជ្ឈការ ថ្នាក់ក្រោមជាតិ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត រដ្ឋបាលខេត្ត ស្វាយរៀង បានធ្វើពិធីប្រកាសចូលកាន់មុខតំណែង មន្ត្រីរាជការ និងសំណេះសំណាល ជាមួយ មន្ត្រីរាជការមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីអស់លោក លោកស្រី ជាអភិបាលរងខេត្ត មន្ត្រីរាជការ នៅតាមមន្ទីរអង្គភាពនានា ជាច្រើនទៀត។

នៅក្នុងឱកាសនោះ លោក ម៉ែន វិបុល បានកោតសរសើរដល់មន្ត្រីរាជការទាំងអស់ ដែលរយ:ពេលកន្លងមក បានខិតខំបំពេញការងារ តាមតួនាទី មុខងារ និងភារ:កិច្ចរបស់ខ្លួន បានល្អប្រសើរ ស្របទៅតាមកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាលកម្ពុជា ពិសេសការលើកកម្ពស់ ការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ។

លោក ម៉ែន វិបុល ក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការ ដែលបានប្រកាសចូលកាន់មុខតំណែងថ្មី ចំនួន ៨ រូប តាមដីការបស់ខេត្តស្វាយរៀង ស្តីពីការប្រគល់ភារកិច្ចមន្រ្តីរាជការ គឺត្រូវខិតខំ រួមសាមគ្គីសហការគ្នា ឲ្យបានល្អ នៅក្នុងអង្គភាព ដើម្បីបំពេញការងារទទួលបានជោគជ័យ។ ជាមួយគ្នានេះ ត្រូវបន្តខិតខំសិក្សាស្រាវជ្រាវ រៀនសូត្របន្ថែម ដើម្បីបង្កើនសមត្ថភាពជាមន្ត្រី ប្រកបដោយគុណភាព និងសុវត្ថិភាព មានសីលធម៌ និងសេចក្តីថ្លៃថ្នូរ។

លោក ម៉ែន វិបុល ក៏បានណែនាំដល់មន្ត្រីរាជការនៅទីនោះ គឺត្រូវបំពេញការងារតាមតួនាទី ភារកិច្ច និងឋានានុក្រម ការគោរពម៉ោងធ្វើការងារគោរពច្បាប់ គោរពក្រមសីលធម៌ ដើម្បីបំពេញការងារ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល និងចៀសវាងឲ្យបាន ការប្រព្រឹត្តអំពើពុករលួយ ការប្រកាន់បក្ខពួក នៅក្នុងអង្គភាពរបស់ខ្លួន គោរពគោលការណ៍ គោលនយោបាយរបស់រដ្ឋ ដើម្បីផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អជាងមុន និងលឿនជាងមុន ៕/V