​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​,​ស្ពុ​ត​និច​)៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក​សឺ​ហ្គេ ឡាវ​រ៉ូវ ត្រូវបាន​នាំ​ចូល​ពេទ្យ​ក្រោម​មាន​បញ្ហា​សុខភាព​បន្ទាប់ពី​លោក​បាន​ទៅ​ដល់​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​​អាទិត្យ​ទី​១៣​វិច្ឆិកា​ដើម្បី​ចូលរួម​ជំនួប​កំពូល​G20 នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​អាជ្ញាធរ​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​ចន្ទ​។​

សារព័ត៌មាន​PA Mediaបានរាយការណ៍ថា មន្ត្រី​រដ្ឋាភិបាល​និង​ពេទ្យ​បាន​និយាយថា លោក​ឡាវ​រ៉ូវ បាន​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​សាង​ឡះ​(Sanglah)​ក្នុង​ទីក្រុង​ដេន​ប៉ា​សា​(Denpasar)​។​ប្រភព​ព័ត៌មាន​បាន​អោយ​ដឹងទៀតថា​លោក​ឡាវ​រ៉ូវ​​ត្រូវបាន​ព្យាបាល​បេះដូង នៅពេល​មន្ទីរពេទ្យ​នៅ​មិន​ទាន់​ចេញ​សេចក្តីថ្លែងការណ៍​ឬ ជូន​ដំណឹង​ថា​ប្រមុខ​ការទូត​រុស្ស៊ី​រូប​នេះ​មាន​ជំងឺ​អ្វី​ទេ​។​

​តែ​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​លោកស្រី​ម៉ា​រី​យ៉ា ហ្សា​ខា​រ៉ូ​វ៉ា (Maria Zakharova)​ក្រោយមក​បាន​បដិសេធ​ថា លោក​ឡាវ​រ៉ូវ មិន​បាន​ដេកពេទ្យទេ​។​លោកស្រី​បាន​បង្ហោះ​វីដេអូ​បង្ហាញ​លោក​ឡាវ​រ៉ូវ​មើល​ទៅ​មាន​សុខភាព​ល្អ​ក្នុង​សម្លៀក​បំពាក់​អាវយឺត​និង​ខោខ្លី និង​ត្រូវបាន​សួរ​អោយ​ឆ្លើយ​អំពី​ព័ត៌មាន​ដែល​ថា​លោក​បាន​ចូល​ពេទ្យ​។​

​លោក​ឡាវ​រ៉ូវ បាន​និយាយ​ក្នុង​វីដេអូ​ថា « ពួកគេ​បាន​សរសេរ​ច្រើន​នៅរយៈពេល​ដប់ឆ្នាំ​មកនេះ​ថា​ប្រធានាធិបតី​របស់​យើង​ធ្លាក់ខ្លួន​ឈឺ​។​វា​ជា​ល្បែង​មួយ​ដែល​គ្មានអ្វី​ថ្មី​ទេ​នៅក្នុង​នយោបាយ​»​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​តាស​(Tass)​របស់​រដ្ឋ​រុស្ស៊ី​បាន​និយាយ​យោង​តាម​លោក​ឡាវ​រ៉ូវ​ដែលថា « ខ្ញុំ​នៅ​ក្នុង​សណ្ឋាគារ អាន​ឯកសារ​សំរាប់​ជំនួប​កំពូល​នៅ​ថ្ងៃស្អែក​»​។​

​សូមបញ្ជាក់​ថា លោក​ឡាវ​រ៉ូវ​ជា​មន្ត្រី​ជាន់​ខ្ពស់​បំផុ​តតំណាង​អោយ​រុស្ស៊ី​នៅ​កិច្ចប្រជុំ ដែល​រួមមាន​ប្រធានាធិបតី​អាម៉េរិក ប្រធានាធិបតី​ចិន​និង​មេដឹកនាំ​ប្រទេស​ដទៃ​ទៀត​។​វត្តមាន​របស់​ប្រធានាធិបតី​​ពូ​ទីន​ក្នុងជំនួប​កំពូល​ន​នេះ​នៅ​មិន​ច្បាស់​រហូត​ដល់​សប្តាហ៍​មុន នៅពេល​មន្ត្រី​ឥណ្ឌូនេស៊ី​បញ្ជាក់ថា​លោក​មិន​មក​ចូលរួម​ទេ​ដោយ​ជាប់រវល់​ច្រើន​។​

​ផល​ចេញពី​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​ត្រូវ​រំពឹង​ថា​ស្ថិត​ចំណោម​បញ្ហា​ដែល​នឹង​ត្រូវ​លើក​មក​ពិភាក្សា​នៅ​ជំ​នួន​G20​រយៈពេល​ពីរ​ថ្ងៃដែល​នាំ​មន្ត្រី​មកពី​ប្រទេស​តំណា​អោយ​ជាង​៨០​ភាគរយ​​នៃ​ទិន្នផល​សេដ្ឋកិច្ចពិភពលោក​៕

​លោកស្រី​ម៉ា​រី​យ៉ា ហ្សា​ខា​រ៉ូ​វ៉ា បាន​សរសេរ​បង្ហោះ​ថា «​នេះ​ជា​សឺ​ហ្គេ ឡាវ​រ៉ូវ នៅ​ឥណ្ឌូនេស៊ី កំពុង​អាន​ព័ត៌មាន ហើយ​យើង​មិន​ជឿ​ពេល​ឃើញនឹងភ្នែក​ដូច្នេះ ។​គេ​ថា​លោក​ដេកពេទ្យ ពិត​ណាស់​វា​ជា​ព័ត៌មាន​ក្លែង​​ក្លាយ​កំរិត​ខ្ពស់​»

​ឡាវ​រ៉ូវ​មើល​ទៅ​មាន​សុខភាព​ល្អ​ក្នុង​សម្លៀក​បំពាក់​អាវយឺត​និង​ខោខ្លី និងឆ្លើយ​នឹង​ព័ត៌មាន​ថា​លោក​ឈឺ​ចូល​ពេទ្យ​នៅ​បាលី​