​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង និង​សម​ភាគី​អាម៉េរិក ចូ បៃ​ដិន បាន​ជួបគ្នា​កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​វិច្ឆិកា សំរាប់​កិច្ចពិភាក្សា​ដែល​គេ​ទន្ទឹង​រង់ចាំ​ដ៏​យូរ នៅពេល​ទំនាក់​​ទំនង​រវាង​ប្រទេស​មហាអំណាច​ទាំង​ពីរ​ធ្លាក់​ដល់​កំរិត​ទាប​បំផុត​នៅ​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ ដោយសារ​បញ្ហា​ចាប់ពី​កោះ​តៃវ៉ាន់​រហូតដល់​ពាណិជ្ជកម្ម​។​

​មេដឹកនាំ​ទាំង​ពីរ ដែល​បាន​ជួប​ទល់មុខ​គ្នា​ជា​លើកដំបូង​ចាប់តាំងពី​លោកបៃ​ដិន​ក្លាយ​ជា​ប្រធានាធិបតី បាន​ស្វាគមន៍​គ្នា​យ៉ាង​កក់ក្តៅ​នៅ​កោះ​បាលី​របស់​ឥណ្ឌូនេស៊ី នៅ​មួយ​ថ្ងៃមុន​ជំនួប​កំពូល​ក្រុម​​ប្រទេស​មាន​ឧស្សាហកម្ម​នាំមុខ​គេ​ទាំង​ម្ភៃ​(G20)​នា​ថ្ងៃ​អង្គារ​។

​មេដឹកនាំ​ទាំង​ពីរ​បាន​ញញឹម​និង​ចាប់រ​លាក់​ដៃ​នៅ​មុខ​ទង់ជាតិ​ចិន​និង​អាម៉េរិក​មួយ​ជួរ នៅក្នុង​បន្ទប់​សណ្ឋាគារ​មូលៀ​(Mulia)​លើ​ឆកសមុទ្រ​នូ​សា ឌូ​អា​(Nusa Dua)​នៃ​កោះ​បាលី​។​

​ដាក់​ដៃ​ឳ​ប​ប្រធានាធិបតី​ចិន លោកបៃ​ដិនបាន​ប្រាប់​លោក​ស៊ី​ថា «​នឹក​ដល់​កាល​ពី​យើង​ទាំង​ពីរ​នៅ​ជា​អនុ​ប្រធានាធិបតី យើង​បាន​ចំណាយ​ពេល​នៅ​ជាមួយ​គ្នា​ច្រើន​ហើយ​វា​អស្ចារ្យ​ណាស់​ដែល​ជួប​លោក​»​។​

​លោក​បាន​បន្តថា​«​ក្នុងនាម​ជា​មេដឹកនាំ​ប្រទេស​របស់​យើង​ទាំង​ពីរ តាមការយល់ឃើញ​របស់ខ្ញុំ យើង​ចែកគួររំលែក​ការទទួលខុសត្រូវ​ដើម្បី​បង្ហាញថា ចិន​និង​អាម៉េរិក​អាច​ដោះស្រាយ​គ្រប់គ្រ​ការខ្វែងគំនិត​​គ្នា រារាំង​ការប្រកួតប្រជែង​ពី​…​ទៅ​ជា​ជម្លោះ និង​ស្វែងរក​វិធី​ធ្វើការ​រួមគ្នា​លើ​បញ្ហា​សកល​បន្ទាន់ៗ​ដែល​ទាមទារ​កិច្ចសហការ​របស់​យើង​»​។​

​លោក​ក៏​បាន​និយាយ​អំពី​ការប្រែប្រួល​អាកាសធាតុ​និង​អសន្តិសុខ​ស្បៀង​នៅពេល​ពិភពលោក​រំពឹង​ប្រទេស​​ទាំង​ពីរ​ដោះស្រាយ​។​

​ឆ្លើយ​ទៅ​កាន់បៃដិន លោក​ស៊ី​បាន​និយាយថា​ក្នុងនាម​ជា​មេដឹកនាំ​ប្រទេស​មហាអំណាច​ទាំងពីរ ពួក​លោក​ត្រូវ​គូសវាស​ផ្លូវ​របស់ផង​ខ្លួន ស្វែងរក​ទិសដៅ​ត្រឹមត្រូវ​និង​ជំរុញ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​អោយ​​ឡើង​មួយ​កំរិត​។​លោក​ស៊ី​ក៏​ទន្ទឹងរង់ចាំ​ធ្វើការ​ជាមួយបៃ​ដិន ដើម្បី​នាំ​ទំនាក់ទំនង​ចិន​-​អាម៉េរិក​វិល​មក​ផ្លូវត្រូវ​វិញ​។​

​មិន​មាន​មេដឹកនាំ​ណា​ម្នាក់​ពាក់​ម៉ាស​ការពារកូ​វីដ​១៩​ទេ​ក្នុងពេល​ជួបគ្នា តែ​សមាជិក​ប្រតិភូ​បាន​ពាក់​​។​

​ប្រធានបទ​នៃ​កិច្ច​ពិភាក្សា​រវាង​មេដឹកនាំ​ទាំង​ពីរ​ប្រហែល​ជា​បញ្ហា​កោះ​តៃវ៉ាន់ សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុ​យក្រែន និង​មហិច្ឆតា​នុយក្លេអ៊ែររបស់​កូរ៉េ​ខាងជើង ជា​បញ្ហា​ដែល​ទំនងជា​នឹង​លើក​ទៅ​ពិភាក្សា​នៅ​G20​ដែរ​។​

​កាលពី​ថ្ងៃអាទិត្យ​លោកបៃ​ដិនបាន​ប្រាប់​មេដឹកនាំ​អាស៊ី​នៅ​កម្ពុជា​ថា ខ្សែបណ្តាញ​ទាក់ទង​ជាមួយ​ចិន​នឹង​បន្ត​នៅ​បើកចំហ​ដើម្បី​រារាំង​កុំអោយ​មាន​ជម្លោះ តែ​កិច្ចពិភាក្សា​ដ៏​តឹងតែង​ប្រាកដជា​នឹង​កើត​​មាន​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។​

​រដ្ឋមន្ត្រី​រតនាគា​រ​អាម៉េរិក​បានប្រាប់​អ្នកយកព័ត៌មាន​នៅ​បាលី​ថា ជំនួប​នេះ​មានបំណង​ធ្វើអោយ​មាន​ស្ថិរភាព​ទំនាក់ទំនង​រវាង​អាម៉េរិក​និង​ចិន ហើយ​ក៏​បង្កើត​បរិយាកាស​ជាក់លាក់​ខ្លាំង​ឡើង​មួយ​សំរាប់​ធុរកិច្ច​អាម៉េរិក​៕

​មេដឹកនាំ​ទាំង​ពីរ​បាន​ញញឹម​និង​ចាប់រ​លាក់​ដៃ​នៅ​មុខ​ទង់ជាតិ​ចិន​និង​អាម៉េរិក​មួយ​ជួរ នៅក្នុង​បន្ទប់​សណ្ឋាគារ​មួយ​លើ​ឆកសមុទ្រ​នូ​សា ឌូ​អា​នៃ​កោះ​បាលី​កាលពី​ថ្ងៃ​ចន្ទ​