ដោយ:ពៅនិមល/ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានស្នើម្ចាស់បុរី និងអគារសហកម្មសិទ្ធិមួយចំនួន ត្រូវបញ្ឈប់ការលំបាកដល់ក្រុមហ៊ុនអ៊ីនធឺណិត ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។

យោងតាមសេចក្តីអំពាវនាវរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញផ្សាយនៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានលើកឡើងថា បន្ទាប់ពីក្រុមការងារលើកកម្ពស់គុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញចំនួន ៨ក្រុម បានចុះពង្រឹងគុណភាពសេវាទូរគមនាគមន៍តាមបុរី និងអគារសហកម្មសិទ្ធិក្នុងរយៈពេលកន្លងមក ដោយទទួលបាននូវព័ត៌មានជាក់លាក់អំពីឧបសគ្គមួយចំនួនដែលធ្វើឱ្យមានការលំបាកក្នុងការតភ្ជាប់បណ្តាញសេវាអ៊ីនធឺណិតចូលក្នុងបុរី និងអគារសហកម្មសិទ្ធិមួយចំនួន ក្រសួងសូមអំពាវនាវដល់ម្ចាស់បុរី និងអគារសហកម្មសិទ្ធិមួយចំនួនត្រូវបញ្ឈប់៖ ការទារលុយជាថ្នូរនឹងការអនុញ្ញាតឱ្យតភ្ជាប់បណ្តាញសេវាអ៊ីនធឺណិតចូលក្នុងលំនៅដ្ឋានរបស់អ្នកប្រើប្រាស់នៅក្នុងបុរី និងអគារសហកម្មសិទ្ធិ ដែលផ្ទុយនឹងច្បាប់ស្តីពីទូរគមនាគមន៍ និងប្រតិបត្តិការផ្តល់សេវាអ៊ីនធឺណិតដោយខ្លួនឯង និងគ្មានអាជ្ញាបណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជា នៅក្នុងបុរីនិងអគារសហកម្មសិទ្ធិ។

ក្រសួងប្រៃសណីយ បានបញ្ជាក់ថា ក្នុងករណីម្ចាស់បុរីនិងអគារសហកម្មសិទ្ធិមួយចំនួនតូច នៅតែបន្តធ្វើសកម្មភាពខាងលើ ក្រសួងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្រសួងសង្ឃឹមទៀតថា ម្ចាស់បុរី និងអគារសហកម្មសិទ្ធិ ប្រតិបត្តិករទូរគមនាគមន៍ និងសាធារណជនទាំងអស់ នឹងចូលរួមសហការផ្តចំពោះការងារនេះផងដែរ៕srn