ដោយ សៅវ៉ាន់ឌី/ព្រះវិហារ៖កាលពីថ្ងៃទី១៤ ខែវិច្ឆិកាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់កន្លងមកចំនួន១.១៨៦គ្រួសារ នៅឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានទទួលស្បៀងនិងគ្រាប់ពូជបន្លែ ជាអំណោយពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

អំណោយទាំងនោះតាមរយៈនាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ។ពិធីប្រគល់អំណោយក៏ការអញ្ជើញចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារមន្ត្រីក្រោមឱវាទខេត្តផងដែរ។

លោកវុធ តារា អភិបាលស្រុកជាំក្សាន្ត បានឱ្យដឹងថា ស្រុកជាំក្សាន្តបានរងខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀងខ្លាំង បានបង្កផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងប៉ះពាល់ដល់ផលិតកម្មដំណាំកសិកម្មយ៉ាងធ្ងន់ធ្ងរ។ ពិសេសដំណាំដំឡូងមី និងស្រូវវស្សា។ ក្នុងនោះប៉ះពាល់ដល់ដំណាំស្រូវវស្សាចំនួន ៤.៣៨៩ហិកតា-ខូចខាតចំនួន ១១៥៨ហិកតានិងប៉ះពាល់ដល់ដំណាំដំឡូងមីចំនួន ៣.១៧១ហិកតា-ខូចខាតចំនួន ១.៥៥៧ហិកតា ស្មើនឹង ៣.៤៩៥គ្រួសារ។

អភិបាលស្រុកបានបន្តថា ឃុំកន្ទួត បានរងផលប៉ះពាល់លើដំណាំស្រូវ ចំនួន ១.២០០ហិកតា- ខូចខាតចំនួន ៣៣៦ហិកតានិងប៉ះពាល់ដល់ដំណាំដំឡូងមី ចំនួន ៦០៩ហិកតា ខូចខាតចំនួន ៥៦០ហិកតាស្មើនឹង ១១៨៦គ្រួសារ ៕សរន

 


សរន