ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ អ្នកប្រដាល់គុនខ្មែរ ប៉ោ ភារិទ្ធ ដែលគេស្គាល់ជាទូទៅថា យ៉េន ឌីណា ដែលជាម្ចាស់ មេដាយមាសស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម បានប្រកាសថា ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ គេនឹងរក្សាតំណែង ជាម្ចាស់មេដាយមាស ម្ដងទៀត ឲ្យទាល់តែបាន។

ជើងខ្លាំងរូបនេះ បានឲ្យដឹងថាៈ បច្ចុប្បន្នសមត្ថភាពរបស់ខ្លួន មានការវិវឌ្ឍល្អជាងស៊ីហ្គេម នៅវៀតណាម។ បើនិយាយពីការហ្វឹកហាត់វិញ តាំងពីត្រឡប់ពីស៊ីហ្គេម នៅវៀតណាមមក គឺបន្តប្រឹងប្រែងជាប់រហូត មិនដែលបានសម្រាកទេ ដូច្នេះទើបសមត្ថភាពមានការកើនឡើង។

អ្នកប្រដាល់ ដែលមានផ្លែវ៉ៃល្អ រូបនេះ បានបញ្ជាក់ថាៈ ស៊ីហ្គេមនៅកម្ពុជា រូបគេ នឹងធ្វើឲ្យបានល្អ ជាងកាលប្រកួត នៅវៀតណាម ព្រោះថា កាលនៅវៀតណាម អាកាសធាតុ វាត្រជាក់ខ្លាំង។ នៅយើងឆ្នាំក្រោយនេះ រូបគេ នឹងប្រឹងយកមេដាយមាស ជូនជាតិ ឲ្យបាន។សម្រាប់ក្ដីសង្ឃឹម ក្នុងការយកមេដាយមាសនេះដែរ ភារិទ្ធ រំពឹង ៨០% ព្រោះថា យើងធ្វើជាម្ចាស់ផ្ទះ ហេតុនេះ យើងមានកម្លាំងចិត្ត កាន់តែខ្លាំងជាងវ៉ៃ នៅវៀតណាម។

គួររម្លឹកថា ជើងខ្លាំងគុនខ្មែរ ប៉ោ ភារិទ្ធ ដែលបច្ចុប្បន្ន កំពុងស្ថិតក្រោមការប្រមូលផ្ដុំ ក្នុងក្រុមជម្រើសជាតិហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ កីឡាកររូបនេះ ជាកូនសោរដ៏សំខាន់ ម្នាក់ដែររបស់កម្ពុជា ក្នុងការប្រជែងយកមេដាយមាសជូនជាតិ នាស៊ីហ្គេមឆ្នាំ២០២៣។

ប៉ោ ភារិទ្ធ ជាអ្នកប្រដាល់ ដែលប្រើនូវភាពវាងវៃដើម្បីយកឈ្នះគូប្រកួត។ គូប្រកួតដែលមានជំនាញ ក្នុងការវ៉ៃ ក្នុងស្ថានភាពចង្អៀតនោះ គេមិនឲ្យគូប្រកួត ចូលកៀកគេបានឡើយ។ គេជាអ្នកប្រដាល់មួយរូប ដែលកម្រនឹងត្រូវគូប្រកួត វាយឲ្យរបួសណាស់៕/V-PC