ដោយ:តារារិទ្ធ/ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា សម្ដេចតេស្តឃើញវិជ្ជមានកូវីដ-១៩ និងសម្តេចឱ្យប្រតិភូកម្ពុជា វិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។ នេះបើតាមទំព័រ facebook ផ្លូវការរបស់សម្ដេច នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ពេលនេះខ្ញុំតេស្តឃើញវិជ្ជមានកូវីដ.១៩។

មុនចេញពីកម្ពុជាខ្ញុំធ្វើតេស្តរាល់ថ្ងៃពិសេសមុនពេលចេញដំណើរមកខ្ញុំធ្វើរហ័ស មុនឡើងយន្តហោះ តែពុំមានឃើញអ្វីនោះឡើយ។ ខ្ញុំមិនច្បាស់ថា មេរោគនេះ មកនៅជាមួយខ្លួនខ្ញុំ ចាប់ពីពេលណាមកនោះឡើយ តែអ្វីដែលច្បាស់ពេលមកដល់ពេទ្យឥណ្ឌូនេសុី យកសំណាកពេលល្ងាច លុះព្រឹកឡើងបញ្ជាក់ថា វិជ្ជមានកូវីដ.១៩ ដែលយើងត្រូវតែទទួលស្គាល់ បើទោះជាក្នុងខ្លួនយើង មិនមានអាការៈចម្លែកក៏ដោយ។

សម្ដេចតេជោបន្តថា ជាសំណាងមួយ ដែលយប់មិញដោយសារមកដល់យឺត ខ្ញុំមិនបានទៅចូលរួមបាយល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួន ដែលរៀបចំដោយប្រធានាធិបតីបារាំង។

ដើម្បីសុវត្ថិភាពភាពសម្រាប់ប្រតិភូ ដែលចូលរួមប្រជុំខ្ញុំសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។ ឯតំណាងប្រទេសអាស៊ានយើង កំពុងចរចាប្រគល់ជូនឥណ្ឌូនេសុី ជាតំណាងតែម្តង។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា អ្វីដែលអាក់ខានគឺជំនួបបានគ្រោងទុកជាមួយប្រធានាធិបតីចិន និងប្រធានាធិបតីបារាំង ដែលគ្រោងជួបគ្នានៅបាងកក ប្រទេសថៃ នាពេលប្រជុំAPEC។

សម្ដេចតេជោបញ្ជាក់ថា៖ ខ្ញុំគ្រោងត្រឡប់ទៅដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះ ជាមួយអាការៈធម្មតា ដែលខ្ញុំនឹងបន្តធ្វើការធម្មតា លើកលែងតែការទទួលភ្ញៀវ ៕ សរន