​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អាជ្ញាធរ​បាន​និយាយថា និស្សិត​សាកលវិទ្យាល័យ​វើជី​នៀ​និង​ជា​អតីត​សមាជិក​នៃ​ក្រុម​បាល់ឱប​របស់​សាលា​បាន​បាញ់សម្លាប់​កីឡាករ​បច្ចុប្បន្ន​ចំនួន​បីនាក់ ខណៈ​ពួកគេ​ត្រឡប់មក​ពី​ដំណើរ​ប្រកួត​លើ​ទីលាន​វិញ ដោយ​បង្ក​ការ​ភ័យ​ស្លន់ស្លោ​និង​ការបិទ​សាលា​រយៈពេល ១២ ម៉ោង​រហូត​ដល់​ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​វិច្ឆិកា​។​

​ពួក​និស្សិត ដែល​គេ​ប្រាប់​ឱ្យ​ជ្រកកោន​នៅ​នឹង​កន្លែង​ចាប់ពី​យប់​ថ្ងៃអាទិត្យ បាន​ពណ៌នា​ម៉ោង​ដ៏​គួរឱ្យ​ភ័យខ្លាច​ក្នុង​ការលាក់ខ្លួន​។ ខណៈ​ប៉ូលិស​ស្វែងរក​ខ្មាន់កាំភ្លើង​ពេញ​មួយ​យប់ ពួក​និស្សិត​បាន​ស្វែង​​រក​សុវត្ថិភាព​នៅក្នុង​ទូ​ខោអាវ បន្ទប់​ស្នាក់នៅ បណ្ណាល័យ និង​ផ្ទះល្វែង​។​ពួកគេ​បាន​ស្តាប់​វិទ្យុ​ទាក់ទង​របស់​ប៉ូលិស​ហើយ​ព្យាយាម​ចងចាំ​នូវ​អ្វី​គ្រប់យ៉ាង​ដែល​ពួកគេ​ត្រូវបាន​បង្រៀន​ពី​កុមារភាព​ក្នុង​​អំឡុង​សមយុទ្ធ​បាញ់បោះ​សកម្ម​។​

​និស្សិត​ឈ្មោះ សាន​ណុន ឡេក (Shannon Lake) បាន​និយាយថា “​ខ្ញុំ​គិតថា​ពួក​យើង​ទាំងអស់​គ្នា​ពិតជា​មិន​ស្ងប់ចិត្ត​ទេ ហើយ​អ្នកដឹង​ទេ​ពួក​យើង​បាន​ព្យាយាម​រក្សា​ភាពនឹងន​និង​ងើយ​ក្បាល​​ឡើង​ក្នុងអំឡុង​ស្ថានភាព​នោះ​”​។​

​ក្រុមមន្ត្រី​បាន​ប្រកាស​ដំណឹង​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​ពេលព្រឹក​ថា ជនសង្ស័យ​ឈ្មោះ គ្រីស្តូហ្វើ ដា​នែ​ល ចូ​ន ជូនៀ (Christopher Darnell Jones Jr.) អាយុ ២២​ឆ្នាំ​ត្រូវបាន​​ចាប់ខ្លួន​។​

​បន្ទាប់ពី​ដឹង​ថា​ចូន​ត្រូវបាន​ឃុំខ្លួន លោក ធី​ម៉ូ​ធី ឡូ​ន​ហ្គោ អេស​អា (Timothy Longo Sr.) មេ​ប៉ូលិស​ប្រចាំ​សាកលវិទ្យាល័យ បាន​និយាយថា​”​សូម​ទុកពេល​ឱ្យ​ខ្ញុំ​មួយ​ភ្លែត​ដើម្បី​អរ​ព្រះ​គុណ​ព្រះ​​ជា​ម្ចាស់ សូម​ដកដង្ហើម​ធំ​មួយ​សិន​”​។​

​អំពើហិង្សា​បាន​កើតឡើង​នៅក្បែរ​កន្លែង​ចត​រថយន្ត​មួយ​កន្លែង​ក្រោយ​ម៉ោង​១០៖១៥​នាទី​យប់​ថ្ងៃអាទិត្យ ខណៈ​រថយន្តក្រុង​ផ្ទុក​ពេញ​ដោយ​និស្សិត​ដែល​ត្រឡប់​មក​ទីក្រុង​ឆា​ឡូត​វី​ល (Charlottesville) វិញ​ពី​ការ​ទស្សនា​ការប្រកួត​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​។​

​ប្រធាន​សាកលវិទ្យាល័យ លោក ជី​ម រ៉ា​យ​អែ​ន (Jim Ryan) បាន​និយាយថា អាជ្ញាធរ​មិន “​ដឹង​ពេញលេញ​” អំពី​ចេតនា​ឬ​កាលៈទេសៈ​នៃ​ការបាញ់ប្រហារ​នោះទេ​។

​លោក​រ៉ា​យ​អែន​បាន​និយាយថា “​សហគមន៍​សាកលវិទ្យាល័យ​ទាំងមូល​កំពុង​សោកសៅ​នៅ​ព្រឹក​នេះ​”៕

និស្សិត​បីនាក់​ត្រូវ​បាន​បាញ់​ស្លាប់​កាលពី​ថ្ងៃអាទិត្យ​នៅ​ទីក្រុង​ឆា​ឡូត​វី​ល​